កីឡាជាតិ
ជាតិ
Honda មករួមដៃគ្នាជាមួយFelix ដឹកនាំ U23 កម្ពុជាតទល់នឹងអូស្ត្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ លោក Keisuke Honda និង Felix Dalmas ពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជាកាលពីពេលកន្លងទៅ, រូបភាពពី AFP
× អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda នឹងដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា(U23) សម្រាប់ជំនួបវគ្គជម្រុះ AFC U23 Championship 2020 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស្ថិតក្នុងពូល H។ ខ្សែបម្រើប្រយុទ្ធក្លិបក្របខណ្ឌកំពូលអូស្ត្រាលី Melbourne Victory រូបនេះ ត្រូវមកដល់កម្ពុជានៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជានឹងមកដល់កម្ពុជានៅថ្ងៃនេះ ដើម្បីត្រៀមដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា សម្រាប់ជំនួបវគ្គជម្រុះ AFC U23 Championship 2020។ ការប្រកួតជម្រុះនេះ គឺដើម្បីស្វែងរកក្រុមឡើងទៅលេងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈកីឡាករ Honda ក៏មានមហិច្ឆតាចង់ជួយឲ្យកម្ពុជាមានវត្តមានក្នុងព្រឹត្តិការណ៍នេះដែរ។
អ្នកចាត់ការទូទៅវ័យ៣២ឆ្នាំរូបនេះ រួមជាមួយគ្រូបង្វឹកលោក Felix Dalmas ត្រូវរួមគ្នាដឹកនាំក្រុម U23 កម្ពុជាតទល់ជាមួយក្រុម U23 អូស្ត្រាលី កូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។ ក្នុង U23 កម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ អូស្ត្រាលី នាជំនួបបើកឆាកពូល H នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មុនប៉ះ U23 កូរ៉េខាងត្បូងនៅថ្ងៃទី២៤ មីនា និង U23 ឆាយនីសតៃប៉ិ ក្នុងជំនួបចុងក្រោយនៅថ្ងៃទី២៦ មីនា ឆ្នាំ២០១៩។
ក្រោយចប់ការប្រកួតមួយថ្ងៃពោលគឺនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កីឡាករ Keisuke Honda នឹងហោះពីកម្ពុជានៅកាន់អូស្ត្រាលី ដើម្បីជួយក្រុម Melbourne Victory ប្រជែងក្នុងពានរង្វាន់ក្របខណ្ឌកំពូលអូស្ត្រាលី។ អ្នកចាត់ការទូទៅ Honda បានខកខានដឹកនាំក្រុមជម្រើសជាតិក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែស និងពានរង្វាន់ AFF U22 Championship ពីរលើករួចមកហើយ ដោយសារជាប់ភារកិច្ចជាមួយក្លិប Melbourne Victory៕
Tag:
បាល់ទាត់
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com