ជាតិ
សេដ្ឋកិច្ច
គ្រាប់ស្វាយចន្ទីមិនទាន់ច្នៃ៧០ភាគរយ នាំចូលទៅទីផ្សារវៀតណាម រូបភាពពីហ្វេសប៊ុក
× ភ្នំពេញ៖ កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីមិនទាន់ច្នៃចំនួន៧០ភាគរយ ទៅប្រទេសវៀតណាម និង៣០ភាគរយទៀត បានកែច្នៃសម្រាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញទៅប្រទេសផ្សេងៗ។ នេះបើយោងតាមលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានThmey Thmey តាមទូរសព្ទ ថា ទំហំនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមមានចំនួនច្រើន ដោយសារតែលទ្ធភាព នៃការកែច្នៃវត្ថុធាតុដើមក្នុងស្រុកមានកម្រិតទាបនៅឡើយ ហើយបច្ចុប្បន្ន កម្ពុជាមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំៗតែបួនកន្លែងប៉ុណ្ណោះ ដែលមាននៅក្នុងខេត្តកំពង់ធំ កំពង់ចាម ព្រះវិហារ និងត្បូងឃ្មុំ។
រូបភាពពីហ្វេសប៊ុក
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៨ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីជាង១៧ម៉ឺនហិកតា ដែលអាចផ្តល់ផលគ្រាប់ស្វាយចន្ទីបានជិត ១៣៧ម៉ឺនតោន។
កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០១៩ក្រសួងកសិកម្ម បានសម្រេចបង្កើតក្រុមការងារសិក្សាជួយជំរុញការអភិវឌ្ឍដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងបំណងជំរុញគោលដៅ នាំចេញគ្រាប់ស្វាយចន្ទីស្រស់ ក្នុងបរិមាណ១លានតោន នៅឆ្នាំ២០២៩។
ក្រុមការងារដែលបង្កើតឡើងដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសមាសភាព២៣រូប ដែលដឹកនាំដោយលោក ងិន ឆាយ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋនៃអគ្គនាយកដ្ឋានកសិកម្ម ខណៈលោក ប្រាក់ ជាតិថូ អគ្គនាយករង ទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍។
សមាជិកផ្សេងទៀត មានសមាសភាពមកពីថ្នាក់ដឹកនាំនៃនាយកដ្ឋាន និងការិយាល័យនានា របស់ក្រសួង រួមទាំងប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ កំពង់ចាម រតនគិរី ត្បូងឃ្មុំ សៀមរាប ស្ទឹងត្រែង កំពត កំពង់ឆ្នាំង ក្រចេះ និងមណ្ឌលគិរី៕
Tag:
កសិកម្ម
គ្រាប់ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com