កីឡាអន្តរជាតិ
អន្តរជាតិ
ចិន​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ Asian Cup 2023 ដើម្បី​ឆ្ពោះទៅ​ដឹកនាំ World Cup
19, Mar 2019 , 8:39 pm        
រូបភាព
ប្រធានាធិបតិចិន ស៊ី ជីនភីងកំពុងទាត់បាល់។ រូបភាព Xinhua
ប្រធានាធិបតិចិន ស៊ី ជីនភីងកំពុងទាត់បាល់។ រូបភាព Xinhua
​មហា​យក្ស​ចិន​បានសម្រេច​ដាក់ពាក្យ​ដេញថ្លៃ​ជា​ផ្លូវការ​ដើម្បី​សុំ​សិទ្ធិ​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ី (Asian Cup) ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ខណៈដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ក៏មាន​បំនង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ World Cup ផងដែរ​។​


 
​ចិន​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍ Asian Cup ម្តង​រួចមកហើយ​កាលពី​ឆ្នាំ ២០០៤ ប៉ុន្តែ​ការប៉ុនប៉ង​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​តំបន់​អាស៊ី​សម្រាប់​ឆ្នាំ​២០២៣​នេះ គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការសម្រេច​បំណង​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង​ដើម្បី​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​។​
 
​ការប្រកួត​បាល់ទាត់ World Cup ឆ្នាំ​២០៣០ ឬ ២០៣៤ ត្រូវបាន​គេ​ជឿជាក់ថា​នឹង​ធ្លាក់​ទៅលើ​ប្រទេស​មហាអំណាច​លំដាប់​ទី​២​ពិភពលោក​មួយ​នេះ​។​
 
​ការរៀបចំ​ព្រឹត្តិការណ៍ Asian Cup 2023 នឹង​ជួយ​ចិន​ឆ្ពោះទៅកាន់​ការប្រកួត World Cup នាពេលខាងមុខ​ដ៏​ខ្លី ប៉ុន្តែ​ពួកគេ​ក៏​ប្រឈម​នឹង​ការប្រកួតប្រជែង​ខ្លាំង​ពី​សំណាក់​កូរ៉េខាងត្បូង​ផងដែរ​។​


 
​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អះអាងថា​ការ​មានការ​ប្រកួត Asian Cup ជាថ្មី​ម្តងទៀត​លើទឹក​ដី​ចិន​នឹង​«​លើកកម្ពស់​ប្រជាប្រិយភាព និង​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុងប្រទេស​នេះ​»​។​
 
​ចិន​បាន​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វី​អាស៊ី​ឆ្នាំ​២០១៩ ដែល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ធ្វើ​ម្ចាស់ផ្ទះ​ប៉ុន្តែ​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​នេះ​ក្រោយ​ចាញ់​អ៊ីរ៉ង់ ៣-០​។ បន្ទាប់ពី​បរាជ័យ​គ្រូបង្វឹក​ចិន​លោក Marcello Lippi ក៏បាន​ប្រកាស​ចុះចេញ​ពី​តំណែង​ទៀតផង​។​
 
​អតីត​ខ្សែការពារ​ឆ្នើម Real Madrid និង​ជម្រើសជាតិ​អ៊ីតាលី​លោក Fabio Cannavaro ត្រូវបានតែងតាំង​ជា​អ្នក​ស្នង​តំណែង​លោក Lippi ក្នុងនាម​ជា​គ្រូបង្វឹក​ជម្រើស​ជាតិចិន​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​នេះ​។​
 
Cannavaro វ័យ​៤៥​ឆ្នាំ ដែលជា​តួអង្គ​ដ៏​មាន​ឥទ្ធិពល​ក្នុង​វិស័យ​កីឡាបាល់ទាត់​ចិន នៅមាន​តួនាទី​ជា​អ្នកចាត់ការ​ក្រុម Guangzhou Evergrande នៃ​លី​គ​បាល់ទាត់ Chinese Super League នៅឡើយ​។ ដូច្នេះ​លោក​ត្រូវមាន​កាតព្វកិច្ច​ដឹកនាំ​ជម្រើស​ជាតិចិន​ផង និង​ក្លិប​ផង​។​
 
Cannavaro នឹង​ដឹកនាំ​ចិន​សម្រាប់​ជំនួប​ដំបូង​ក្នុងនាម​ជា​គ្រូវ​បង្វឹក​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ជម្រើសជាតិ​ថៃ​នៅ​ថ្ងៃទី​២១ ខែមីនា​ខាងមុខ​៕
 

Tag:
 បាល់ទាត់​
  Asian Cup
  World Cup
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com