អន្តរជាតិ
ប្រមុខ​ការពារជាតិ​បារាំង​៖ សាមគ្គីភាព​របស់​ណា​តូ​មិន​អាស្រ័យ​លើ​ការទិញ F-35 ពី​អាមេរិក​ទេ​
19, Mar 2019 , 10:39 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិបារាំង Florence Parly ត្រូវបានស្វាគមន៍ដោយរដ្ឋមន្រ្តីស្ដីទីក្រសួងការពារជាតិអាមេរិកនៅមន្ទីរបញ្ចកោណ។ (រូបភាព AFP)
រដ្ឋមន្រ្តីការពារជាតិបារាំង Florence Parly ត្រូវបានស្វាគមន៍ដោយរដ្ឋមន្រ្តីស្ដីទីក្រសួងការពារជាតិអាមេរិកនៅមន្ទីរបញ្ចកោណ។ (រូបភាព AFP)
​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly នៅ​ថ្ងៃទី​១៨ ខែមីនា ប្រាប់​ឲ្យ​អាមេរិក​ឈប់​ដាក់​លក្ខខណ្ឌ​លើ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប ខណៈ​ទំនាក់ទំនង​ធ្លាប់​ចាក់ទឹកមិនលិច​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ប្រែ​ទៅជា​ល្អក់កករ​ខ្លាំង​ចាប់តាំងពី​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​មក​។ លោក ត្រាំ តែង​រិះគន់​ប្រទេស​អឺរ៉ុប​ដែល​មិន​ព្រម​បង្កើន​ការចំណាយ​ឲ្យ​សម្ព័ន្ធ​យោធា​ណា​តូ ហើយ​ចង់​ឈប់​ពឹង​ណា​តូ​ទៀត​។

 
​នយោបាយ​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​ខ្លួនឯង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប​អាក់អន់​យ៉ាងខ្លាំង និង​កំពុងតែ​ផ្លាស់ប្ដូរ​ផ្លូវ​ដើរ​របស់ខ្លួន សំដៅ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​អាមេរិក​ខ្លាំងពេក ពិសេស​វិស័យ​ការពារជាតិ​។ តាំងពី​ឡើងកាន់តំណែង​មក​នោះ លោក ត្រាំ តែង​ទាមទារ​ឲ្យ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​បង្កើន​ការចំណាយ​របស់ខ្លួន ហើយក៏​រិះគន់​អឺរ៉ុប​មាន​បំ​ណ​បង្កើត​កម្លាំងយោធា​ផ្ទាល់ខ្លួន​ទៅទៀត​។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Florence Parly ប្រាប់​ឲ្យ​អាមេរិក​ត្រជាក់​វិញ​ទៅ ព្រោះ​បើ​អឺរ៉ុប​មាន​សមត្ថភាព​ការពារ​ខ្លួនឯង អាមេរិក​ក៏​ធូរ​ទាំង​កម្លាំង ទាំង​ហិរញ្ញវត្ថុ​ដែរ ស្របពេល​ផ្ដោត​ការយកចិត្ត​ទុក​លើ​តំបន់​ផ្សេង​ដូចជា​អាស៊ី និង​មជ្ឈិមបូព៌ា​។ ថ្លែង​ទៅកាន់​ក្រុមប្រឹក្សា​អា​ត្ល​ង់​ទិ​កនៅ​ថ្ងៃទី​១៨ ខែមីនា លោកស្រី Parly និយាយថា ការបង្កើត​ស្វ័យភាព​របស់​អឺរ៉ុប មិនគួរ​ត្រូវបាន​មើលឃើញថា​ការប្រឆាំង​អាមេរិក ឬក៏​ជា​មូល​ហេតុដែល​អាមេរិក​លែង​រាប់រក​អឺរ៉ុប​នោះដែរ​។  
 
​បន្ទាប់ពី​ការឡើង​ដឹកនាំ​ប្រទេស​នៅ​ដើមឆ្នាំ​២០១៧ រដ្ឋបាល​លោក ត្រាំ តែង​ស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ប​ង្កើ​ន​ការបញ្ជាទិញ​គ្រឿង​បរិក្ខារ​យោធា​ឲ្យ​បាន​ច្រើន​ថែម ខណៈ​បច្ចុប្បន្ននេះ យុទ្ធោបករណ៍​របស់​ស​មា​ជិ​ក​សម្ព័ន្ធ​ណា​តូ​ដ៏​ច្រើន​លើសលប់ ត្រូវបាន​ផ្គត់ផ្គង់​ដោយ​អាមេរិក​។ បើតាម​ការលើកឡើងរ​បស់​លោកស្រី Parly យន្តហោះ​ចាក់​សាំង​របស់​ណា​តូ​៩១​ភាគរយ ជា​របស់​អាមេរិក ខណៈ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ជា​ផលិតផល​អាមេរិក​ទាំងស្រុង​។​
 
​សម្រាប់​ប្រមុខ​ការពារជាតិ​បារាំង ការពឹង​ផ្អែកលើ​អាមេរិក​ខ្លាំង​បែបនេះ ជា​បញ្ហា ឯ​ការបង្កើន​ឯករាជ្យភាព​វិញ ជា​រឿង​ល្អ​មួយ​ទៅវិញ​។ មន្ត្រី​បារាំង​រូបនេះ​ក៏​បារម្ភ​ដែរ​ថា អាមេរិក​អាច​ប្រើប្រាស់​ការទិញ​សព្វាវុធ​ពី​ខ្លួន​ដើម្បី​ធ្វើជា​លក្ខខណ្ឌ​វាស់​ស្ទង់​សាមគ្គីភាព​របស់​ណា​តូ​។ ប៉ុន្តែ​លោកស្រី Parly អះអាងថា សាមគ្គីភាព​របស់​ណា​តូ គឺ​នៅក្នុង​មាត្រា​៥ មិនមែន​លើ​ការទិញ​យន្តហោះ F-35 ពី​អាមេរិក​ទើប​មាន​សាមគ្គីភាព​ឡើយ​។​
 
​មាត្រា​៥ នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ចែង​ពី​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​សមាជិក​ណា​តូ​។ ពោល គឺ​ការវាយប្រហារ​លើ​សមាជិក​ណាមួយ មាន​ស្មើនឹង​ការវាយប្រហារ​ណា​តូ​ទាំងមូល​ដែរ ហើយ​ដែល​សមាជិក​ផ្សេងទៀត​ត្រូវ​ឆ្លើយតប​ព្រម​គ្នា​។​
 
​ជុំវិញ​យន្តហោះ F-35 នេះ អាល្លឺម៉ង់​បាន​បដិសេធ​ទិញ​យន្តហោះ​អាមេរិក​ដើម្បី​ប្រើ​ជំនួស​យន្តហោះ​របស់ខ្លួន​ដែល​ហួស​សម័យ​។ ជំនួស​មកវិញ ក្រុង​បែរ​ឡាំង​ចង់​លើក​កម្រិត​សមត្ថភាព​យន្តហោះ​មាន​ស្រាប់​របស់ខ្លួន​តាមរយៈ​ការទិញ​យន្តហោះ Eurofighter Typhoon ដែល​ផលិត​រួមគ្នា​ដោយ​បារាំង និង​អាល្លឺម៉ង់ ឬក៏ F-18 របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​៕ 
 
 

Tag:
 អាមេរិក​
  បារាំង​
  ណា​តូ​
  Florence Parly
© រក្សាសិទ្ធិដោយ thmeythmey.com