អន្តរជាតិ
កាន់អំណាច៣០ឆ្នាំ ប្រធានាធិបតីកាហ្សាក់ស្ថានលាលែងពីតំណែងទុកឱកាសឲ្យអ្នកជំនាន់ក្រោយ លោក Nursultan Nazarbayev ប្រកាសលាលែងពីតំណែងប្រធានាធិបតីកាហ្សាក់ស្ថាន។ (រូបភាព AFP)
× ប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev នៅថ្ងៃទី១៩ ខែមីនា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកប្រកាសលាលែងពីតំណែង។ លោក Nazarbayev ដែលដឹកនាំរដ្ឋអាស៊ីកណ្ដាលមួយនេះតាំងពីឆ្នាំ១៩៨៩ មក អះអាងថា លោកចុះចេញពីតំណែងដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ។ ដ្បិតលាលែងពីតំណែងប្រធានាធិបតីមែនពិត មេដឹកនាំកាហ្សាក់ស្ថានរូបនេះនៅតែមានតួនាទីក្នុងការសម្រេចចិត្តធំៗដដែល។
«ខ្ញុំបានសម្រេចចិត្តដ៏លំបាកក្នុងការលាលែងពីតំណែងប្រធានាធិបតី»។ នេះជាការប្រកាសរបស់លោក Nursultan Nazarbayev មេដឹកនាំតែមួយគត់របស់កាហ្សាក់ស្ថានក្នុងការថ្លែងតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃទី១៩ ខែមីនា។ វជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតដែលលោក Nazarbayev ប្រកាសបោះបង់កៅអីប្រធានាធិបតីបែបនេះ ដ្បិតលោកបានដឹកនាំប្រទេសសម្បូរធនធានរ៉ែមួយនេះតាំងពីនៅជាផ្នែកមួយនៃសហភាពសូវៀតមកម្ល៉េះ។
ក្នុងការថ្លែងដដែល លោក Nazarbayev ដែលមានវ័យ៧៨ឆ្នាំ បានប្រគល់តំណែងប្រធានាធិបតីនេះទៅឲ្យប្រធានសភាជាន់ខ្ពស់លោក Kassym-Jomart Tokayev ។ លោក Tokayev ដែលមានវ័យ៦៥ឆ្នាំនោះ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី និងជាអ្នកការទូតជើងចាស់របស់កាហ្សាក់ស្ថានផង ហើយលោកនឹងធ្វើជាប្រធានាធិបតីស្តីទីរហូតដល់ខែមីនា ឆ្នាំ២០២០ ។
ជាមេដឹកនាំសល់ពីសហភាពសូវៀតចុងក្រោយគេដែលកំពុងកាន់អំណាច លោក Nazarbayev បញ្ជាក់ថា៖ «តួនាទីខ្ញុំនៅថ្ងៃអនាគត គឺធានាពីការឡើងកាន់អំណាចរបស់មេដឹកនាំជំនាន់ថ្មីដែលបន្តដំណើរការផ្លាស់ប្ដូរប្រទេសជាតិ។»
ទោះលាលែងពីតំណែងប្រធានាធិបតីមែនពិត លោក Nazarbayev ក៏មិនទៅណាឆ្ងាយពីឆាកនយោបាយឡើយ ខណៈត្រូវបានផ្ដល់ឋានៈក្នុងរដ្ឋធម្មនុញ្ញថា «មេដឹកនាំប្រជាជាតិ»។ លោកនឹងបន្តកាន់តំណែងប្រធានបក្សកាន់អំណាច Nur Otan ដែលមានសំឡេងភាគច្រើនក្នុងសភា និងតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិដដែល។ តំណែងសំខាន់ៗទាំងពីរ នឹងបើកផ្លូវឲ្យមេដឹកនាំកាន់អំណាចវែងជាងគេមួយរបស់ពិភពលោក បន្តចាត់ចែងកិច្ចការប្រទេសជាតិបានដោយស្របច្បាប់។
ដោយសារសម្បូរធនធានថាមពល លោក Nazarbayev បានជួយទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារពីក្រុមហ៊ុនបរទេសឲ្យមករកស៊ីវិស័យមួយនេះ។ ប៉ុន្តែនៅរយៈពេលប៉ុន្មានឆ្នាំមកនេះ វិបត្តិក្នុងស្រុកក៏កើតឡើងខ្លាំង ខណៈសេដ្ឋកិច្ចដែលពឹងផ្អែកលើប្រេង កំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញនៅឡើយក្រោយរងគ្រោះដោយសារការធ្លាក់ចុះថ្លៃប្រេងកាលពីឆ្នាំ២០១៤ ។
តាមពិតទៅ គេមិននឹកស្មានថា លោក Nazarbayev ចុះចេញតាមសម្រួលបែបនេះឡើយ។ កាលពីខែមុន លោកបានដាក់ចេញកញ្ចប់ថវិការាប់ពាន់លានដុល្លារទៅក្នុងកម្មវិធីសង្គម និងការបង្កើនប្រាក់ខែមន្ត្រី ហើយក៏សន្យាវិនិយោគកាន់តែច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទៅទៀត។ កាលនោះ គេជឿថា លោកទំនងជាត្រៀមចូលរួមការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយទៀតផង។ ក្នុងការបោះឆ្នោតឆ្នាំ២០១៥ លោកបានទទួលបានគាំទ្រដល់ទៅ៩៨ភាគរយឯណោះ៕
Tag:
កាហ្សាក់ស្ថាន
Nursultan Nazarbayev
© រក្សាសិទ្ធិដោយ thmeythmey.com