អន្តរជាតិ
ចិនថា ខ្លួនជួយសម្រាលភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន
× ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាននៅតំបន់កាស្មៀរ ហាក់ថមថយកម្ដៅវិញហើយ បន្ទាប់ពីឡើងដល់កម្រិតគួរឲ្យព្រួយបារម្ភ។ ប្រភពពីមន្ត្រីការទូតលោកខាងលិច និងភាគីទាំងពីបង្ហាញថា ឥណ្ឌា និងប៉ាគីស្ថានគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរទៀតផង។ ស្របពេលស្ថានការណ៍ធូរស្រាល ចិនដែលជាអ្នកជិតខាងរបស់មហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ អះអាងថា ខ្លួនមានចំណែកជួយឲ្យកម្ដៅថយចុះ ខណៈអាមេរិក និងអេមីរ៉ាតអារ៉ាប់រួមក៏ដើរសំខាន់ដែរ។
ចិនបានដើរតួនាទីដែលប្រយោជន៍ក្នុងការកាត់បន្ថយភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថាន។ នេះជាការប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៨ ខែមីនាជុំវិញការប្រឈមមុខដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថានបន្ទាប់ពីមានហេតុការណ៍វាយប្រហារនៅរដ្ឋកាស្មៀរគ្រប់គ្រងដោយឥណ្ឌាដែលសម្លាប់យោធាឥណ្ឌានាក់កាលពីខែមុន។ ក្រោយហេតុការណ៍នេះ ការប្រឈមមុខក៏កាន់តែតានតឹងសឹងផ្ទុះសង្គ្រាមទ្រង់ទ្រាយធំទៅហើយ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពពីមន្ត្រីការទូតបស្ចិមប្រទេស និងមន្ត្រីឥណ្ឌា ប៉ាគីស្ថាន និងអាមេរិកផងនោះ នៅគ្រាមួយ ឥណ្ឌាគំរាមបាញ់មីស៊ីលយ៉ាងតិច៦ដើមដាក់ប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានក៏ព្រមានវិញថា ខ្លួននឹងសងសឹកដោយលើសកម្មភាពឥណ្ឌាបីដង។ ការឆ្លើយឆ្លងសម្ដីបូករួមនឹងការប៉ះទង្គិចជាច្រើនលើកតាមព្រំដែន ស្ថានការណ៍ចាប់ផ្ដើមថយក្រោយវិញ ក្រោយអាមេរិកលូកដៃចូលដោះស្រាយ។
មន្ត្រីប៉ាគីស្ថានម្នាក់និយាយដែរថា ក្រៅពីអាមេរិក និងចិន ប្រទេសតំបន់អារ៉ាប់ គឺអេមីរ៉ាតអារ៉ាប់រួមក៏ជួយដោះស្រាយជម្លោះនេះដែរ។ ជុំវិញការប្រឈមមុខរវាងមហាអំណាចអាស៊ីខាងត្បូងទាំងពីរ ក្រសួងការបរទេសចិនលើកឡើងថា ការរស់នៅដោយសន្តិសហវិជ្ជមានរវាងឥណ្ឌា និងប៉ាគីស្ថាន គឺជារឿងរបស់ប្រទេសទាំងអស់ ហើយជាអ្នកជិតល្អរបស់ប្រទេសទាំងពីរ ចិនតែងជំរុញការចរចាដោយសន្តិភាព និងដើរតួនាទីក្នុងការកាត់បន្ថយកម្ដៅ។
មិនមែនតែជាមួយក្រុងញូវដេលី និងក្រុងអ៊ីស្លាម៉ាបាដឡើយ ក្រុងប៉េកាំងក៏ត្រៀមខ្លួនធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបន្តជំរុញឲ្យភាគីទាំងពីរនេះធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ហើយប្រើប្រាស់យន្តការសន្តិភាពក្នុងការដោះស្រាយភាពខុសគ្នា។ ដោយមិននិយាយចំឈ្មោះក្រុងវ៉ាស៊ីនតោនក្រុងប៉េកាំង ក៏ទទួលស្គាល់ដែរថា ប្រទេសមួយចំនួនក៏បានដើរតួនាទីវិជ្ជមានក្នុងការបន្ធូរបន្ថយស្ថានការណ៍នេះដែរ។
សូមរំឭកថា ក្រុមភេរវករជ្រុលនិយមដែលលាក់ខ្លួននៅទឹកដីប៉ាគីស្ថាន បានប្រកាសទទួលខុសត្រូវការវាយប្រហារដែលសម្លាប់យោធាឥណ្ឌាអស់៤០នាក់កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ វាជាការវាយប្រហារបង្ហូរឈាមបំផុតនៅកាស្មៀរក្នុងរយៈពេល៣០ឆ្នាំមកនេះ។ ភាគីទាំងពីរ ក៏អះអាងដូចគ្នាថា បានបាញ់ទម្លាក់យន្តហោះរៀងៗខ្លួនទៀតផង៕
Tag:
ចិន
ឥណ្ឌា
ប៉ាគីស្ថាន
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com