Manny Pacquiao និង Errol Spence អាចនឹងត្រូវតទល់គ្នាឆាប់ៗនេះមិនខានបន្ទាប់ពីអ្នកទាំងពីរឆ្លើយឆ្លងគ្នានៅលើសង្វៀនក្រោយការប្រកួតរវាង Spence និងកីឡាករ Mikey Garcia បញ្ចប់។
Spence នៅតែរក្សាខ្សែក្រវាត់ពិភពលោក IBF ប្រភេទទម្ងន់ Welterweight របស់ខ្លួន តាមរយៈការផ្តួលកីឡាករ Mikey Garcia ដោយពិន្ទុជាឯកច្ឆន្ទ ១២០-១០៧, ១២០-១០៨ និង ១២០-១០៨ នៅសង្វៀន AT&T ទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក នៅថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៩។
ក្រោយឈ្នះ Garcia ដែលជាមិត្តរួមជាតិអាមេរិកនោះ Spence អាចរក្សាភាពមិនដែលចាញ់របស់ខ្លួនក្នុងការប្រកួតទាំង២៥លើក ដោយផ្តួលដៃគូមិនឲ្យតដៃរួច២១ដង។ ដោយឡែក Garcia វ័យ៣១ឆ្នាំ បានស្គាល់បរាជ័យជាលើកដំបូងរបស់គេហើយក្នុងការប្រកួតលើកទី៤០នេះ។
Errol Spence (ស្តាំ) និងដៃគូ Mikey Garcia
ក្នុងជំនួបរងវាងអ្នកដាល់អាមេរិកទាំងពីរនេះ ក៏មានវត្តមានស្តេចប្រដាល់ហ្វីលីពីន Pacquiao ទៅទស្សនាផ្ទាល់ផងដែរ។ នៅក្រោយចប់ការប្រកួត Pacquiao បានឡើងទៅលើសង្វៀនក្នុងនាមជាភ្ញៀវកិត្តិយស និងជាការបង្កើតឱកាសសម្រាប់ Spence ហៅសួរនាំអំពីការប្រកួតបន្ទាប់តែម្តង។
Spence វ័យ២៩ឆ្នាំបាននិយាយដាក់ក្បាលមេក្រូដែលពិធីការនីកំពុងកាន់ថា៖«គាត់ (Pacquiao) ធ្លាប់មកទីនេះពីមុនមក គាត់បានបំបែកកំណត់ត្រានិងជាវិរបុរសក្នុងវិស័យកីឡានេះ ហើយនេះជាកិត្ដិយសរបស់ខ្ញុំដើម្បីប្រកួតជាមួយគាត់នៅជំនួបក្រោយ»។
ឆ្លើយតបនឹងសំណួររបស់ពិធីការិនីដដែលដែលសួរថាគិតយ៉ាងណាដែរសម្រាប់ប្រកួតបន្ទាប់? Pacquiao ឆ្លើយភ្លាមថា៖«បាទ! រឿងអីមិនបាន? យើងនឹងផ្តល់ឲ្យអ្នកគាំទ្រសម្រាប់ការប្រកួតដ៏ល្អ»។
អ្នកប្រដាល់ និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន វ័យ៤០ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងអាជីពប្រដាល់នេះជាមួយនឹងការជឿជាក់លើសមត្ថភាពខ្លួនថានៅតែអាចដណ្តើមខ្សែក្រវាត់បន្តទៀត។
Pacquiao បានគ្រប់គ្រងខ្សែក្រវាត់៨ស្ថាប័នផ្សេងគ្នាជាកំណត់ត្រាបន្ទាប់ពីដណ្តើមបានខ្សែក្រវាត់ WBA ក្នុងជ័យជម្នះដោយពិន្ទុលើកីឡាករ Adrien Broner កាលពីខែមករាកន្លងទៅ៕
សូមទស្សនាវីដូអូខាងក្រោម