អន្តរជាតិ
Brexit៖ នាយករដ្ឋមន្ត្រី ម៉េ​យ៍ នឹងមិន​សុំ​អឺរ៉ុប​លើក​ពេល​ចាកចេញ​យូរ​ឡើយ​
20, Mar 2019 , 8:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នឹងមិន​សុំ​សហភាព​អឺរ៉ុប​លើក​ពេល​ចាកចេញ​យូរ​ឡើយ ក្នុងករណី​អង់គ្លេស​មិនមាន​កិច្ចព្រមព្រៀង​ទាន់​ពេលនោះ​។ ជា​ផ្លូវការ ចក្រភព​អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា ខាងមុខ​។ ប៉ុន្តែ​មកទល់ពេលនេះ រដ្ឋាភិបាល​អង់គ្លេស​នៅតែ​មិនអាច​ទទួល​ភ្លើង​ខៀវ​ពីស​ភា​ជុំវិញ​កិច្ចព្រមព្រៀង​ចាកចេញ​នៅឡើយ ដ្បិត​សភា​បាន​បោះឆ្នោត​បដិសេធ​សំណើ​ពីរដង​ទៅហើយ​។​

 
​នៅសល់តែ​៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ចក្រភព​អង់គ្លេស​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហើយ​ទោះ​មាន​ឬ​មិនមាន​កិច្ចព្រមព្រៀង​ក៏ដោយ​។ តែ​មកដល់​ថ្ងៃទី​២០ ខែមីនា កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ប្រឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប នៅតែ​មិនអាច​ឆ្លង​សភា​បាន​ដដែល​។ លទ្ធភាព​ដែល​ពន្យារពេល​ចាកចេញ​ដើម្បី​ទុកពេល​ចរចា​រក​កិច្ចព្រមព្រៀង​ឲ្យ​សក្តិសម ជា​ជម្រើស​ទីមួយ​សម្រាប់​លោក ម៉េ​យ៍ ។ 
 
​ស្ថានភាព​នយោបាយ​នៅ​អង់គ្លេស ធ្វើ​ឲ្យ​ប្រជាជន​មិន​ពេញចិត្ត​ឡើយ​។ ការិយាល័យ 10 Downing Street របស់លោក​ស្រី ម៉េ​យ៍ ចេញមក​បង្ហាញ​ការខកចិត្ត​ដូចគ្នា​ចំពោះ​សភា​ដែល​នៅតែ​មិនអាច​សម្រេចចិត្ត​អ្វី​បាន​។ ជុំវិញ​ការពន្យារពេល​ចាកចេញ​វិញ ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ប្រកាសថា លោកស្រី ម៉េ​យ៍ នឹងមិន​សុំ​អឺរ៉ុប​ពន្យារពេល​លែងលះគ្នា​យូរ​ឡើយ បើសិនជា​លោកស្រី​ជូនដំណឹង​ពី​សំណើ​លើក​ពេលនេះ​ទៅ​អឺរ៉ុប​ផ្លូវការ​។ 
 
​បើតាម​សារព័ត៌មាន BBC ការិយាល័យ​លោកស្រី ម៉េ​យ៍ ពន្យល់ថា សភា​ត្រូវការ​ពេល​បន្ថែម​ដើម្បី​យល់ព្រម​លើ​បញ្ហា​នេះ ប៉ុន្តែ​ប្រជាជន​អង់គ្លេស​រង់ចាំ​អស់​ពេល​ជិត​បី​ឆ្នាំ​ទៅហើយ​។ ខណៈ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​ត្រូវបាន​សភា​ទាត់ចោល​ពីរដង​ហើយ​នោះ លោកស្រី ម៉េ​យ៍ ចង់​ឲ្យ​សភា​បោះឆ្នោត​ម្ដងទៀត​។ សម្រាប់​ការបោះឆ្នោត​ចុងក្រោយ​នេះ ទោះ​សភា​យល់ព្រម​ក្ដី លោកស្រី​នៅតែ​សុំ​ពន្យារពេល​ដដែល ដើម្បី​ទុកពេល​ឲ្យ​សភា​ធ្វើតាម​នីតិវិធី​ច្បាប់​សេសសល់​។​
 
​តាមពិតទៅ បើ​រដ្ឋាភិបាល​អង់គ្លេស​ចង់​លើក​ពេល​ចាកចេញ​យូរ ក៏​អឺរ៉ុប​ទំនងជា​មិន​ព្រម​ដែរ​។ តំណាង​ចរចា​របស់​អឺរ៉ុប Michel Barnier និយាយថា អឺរ៉ុប​មិន​ឯកភាព​លើ​ការពន្យារពេល​ឡើយ បើ​គ្មាន​ផែនការ​ជាក់លាក់​ពី​អង់គ្លេស​។ ការលើក​ពេល​វែង ឬ​ខ្លី​ណាមួយ ត្រូវមាន​ការយល់ព្រម​ពី​សមាជិក​អឺរ៉ុប​ទាំង​២៧​ប្រទេស​សិន​។ លោកស្រី​នាយករដ្ឋមន្ត្រី ម៉េ​យ៍ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃទី​២១ ខែមីនា ដើម្បី​ជជែក​ពី​បញ្ហា​នេះ​ជាមួយ​អឺរ៉ុប​។​
 
​ការបោះឆ្នោត​លើក​ទី​បី​លើ​កិច្ចព្រមព្រៀង​ចាកចេញ នឹងធ្វើ​នៅ​សប្ដាហ៍​ក្រោយ​។ ប៉ុន្តែ​ប្រធានសភា​អង់គ្លេស John Bercow ប្រកាស​ទុក​មុន​ថា បើ​លោកស្រី ម៉េ​យ៍ ដាក់​កិច្ចព្រមព្រៀង​ដដែល លោក​នឹង​មិនអាច​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​អ្វី​ឡើយ​។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏​ធ្លាប់​បញ្ជាក់ដែរថា បើ​សភា​មិន​ផ្ដល់​ភ្លើង​ខៀវ​ទេនោះ ការចាកចេញ​ក៏​នឹងត្រូវ​ពន្យារពេល​យូរ​តាម​នឹង​ដែរ​៕

Tag:
 Brexit
  អឺរ៉ុប​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com