កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានកីឡាអូឡាំពិកជប៉ុនចុះចេញពីតំណែង ក្រោយមានការចោទពីបទសូកប៉ាន់
× ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) លោក Tsunekazu Takeda បានចុះចេញពីតំណែងហើយបន្ទាប់ពីមានការចោទប្រកាន់លោកទាក់ទងនឹងអំពើពុករលួយជុំវិញការផ្តល់សំណូកដើម្បីបានសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០ ក្នុងក្រុងតូក្យូ។
លោក Tsunekazu Takeda ត្រូវបានព្រះរាជអាជ្ញាបារាំងស៊ើបអង្កេតដើម្បីស្វែងរកភ័ស្ដុតាងករណីផ្តល់ប្រាក់សំណូក ២ លានអឺរ៉ូ (២,២៧លានដុល្លារអាមេរិក) ដើម្បីធានាឲ្យជប៉ុនឈ្នះការដេញថ្លៃក្នុងព្រឹត្តិការណ៍កីឡានេះ។
ក្រុងតូក្យូបានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០២០ កាលពីឆ្នាំ ២០១៣ ដោយផ្ដួលក្រុងម៉ាឌ្រីដរបស់អេស្ប៉ាញ និងអ៊ីស្តង់ប៊ុលរបស់តួកគី។
ខណៈពេលកំពុងមានការស៊ើបអង្កេត លោក Takeda បានអះអាងថាលោកពិជាមិនបានធ្វើអ្វីខុសនឹងច្បាប់ឡើយ ហើយលោកថែមទាំងប្រកាសថានឹងមិនស្វែងរកការបោះឆ្នោតដើម្បីបន្តកាន់តំណែងជាប្រធាន JOC នេះទៀតដែរ។
លោក Tsunekazu Takeda (ឆ្វេង) ក្នុងសន្និសីតសារព័ត៌មានក្នុងក្រុងតូក្យូ
អាណត្តិរបស់លោក Takeda ក្នុងនាមជាប្រធាន JOC ត្រូវបញ្ចប់នៅខែមិថុនាខាងមុខ ក្រោយឡើងដឹកនាំក្នុងតំណែងនេះតាំងពីឆ្នាំ២០០១មក។
«វាធ្វើឲ្យខ្ញុំឈឺចាប់និងខ្វល់ខ្វាយខ្លាំងណាស់ ប៉ុន្តែខ្ញុំជឿជាក់ព្រោះវាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការបម្រើកិច្ចការនេះអស់ពីដួងចិត្តរបស់ខ្ញុំ»។ ប្រធានគណៈកម្មាធិការអូឡាំពិកជប៉ុនរូបនេះបន្ថែមដូច្នេះ។
គណៈកម្មាធិការ JOC បានបង្ហាញភាពច្បាស់លាស់របស់ជប៉ុនក្នុងការដេញថ្លៃដោយមិនមានភាពខុសច្បាប់ណាមួយឡើយ និងបានធ្វើរបាយការណ៍យ៉ាងត្រឹមត្រូវតាំងពីឆ្នាំ២០១៦មក។ ក្នុងនោះដែរពួកគេអះអាងថាបានប្រើប្រាស់ប្រាក់មួយចំនួនសម្រាប់ថ្លៃសេវាកម្មពិគ្រោះយោបល់ជុំវិញដំណើរការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ពិភលោកនេះដោយស្របច្បាប់បំផុត៕
Tag:
កីឡាអូឡាំពិក
ជប៉ុន
Tsunekazu Takeda
JOC
© រក្សាសិទ្ធិដោយ thmeythmey.com