កីឡាអន្តរជាតិ
អន្តរជាតិ
Bolton ប្រកាសលក់ក្លិប ព្រោះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ និងជំពាក់ពន្ធរដ្ឋជាង១លានដុល្លារ
× ក្លិប Bolton Wanderers នៃក្របខណ្ឌ Championship មានឱកាសពីរសប្តាហ៍ទៀតគិតចាប់ពីថ្ងៃទី២០ ខែមីនាតទៅ ដើម្បីដោះស្រាយបញ្ហាបំណុលនិងការបង់ពន្ធរបស់ពួកគេ។
ក្លិបដែលមានមូលដ្ឋានក្នុងលីគលំដាប់ទី២អង់គ្លេសនេះកំពុងមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរដោយបានប្រកាសដាក់លក់ក្លិប ព្រមទាំងបានបង្ហាញខ្លួនក្នុងតុលាការកំពូលជុំវិញវិក័យប័ត្របង់ពន្ធចំនួន ១,៥៩លានដុល្លារអាមេរិកទៀតផង។
ជុំវិញបញ្ហាខាងលើ ត្រូវបានគេយល់ថាម្ចាស់ក្លិប Bolton លោក Ken Anderson បានយល់ព្រមលក្ខខណ្ឌជាមួយអ្នកទិញដែលនឹងសងបំណុលរបស់ក្លិបជំនួស ហើយសវនាការទាក់ទងការបង់ពន្ធក៏ត្រូវពន្យារពេលរហូតដល់ថ្ងៃទី៣ ខែមេសា។
សេចក្តីថ្លែងការណ៍របស់ក្លិបនិយាយថា៖«យើងរីករាយណាស់ក្នុងការទទួលបានការពន្យារពេលនៅថ្ងៃនេះដើម្បីអនុញ្ញាតឲ្យក្លិបងាយស្រួលចរចាជាមួយភាគីដែលចាប់អារម្មណ៍ចង់ទិញក្លិបរបស់យើង»។
បើតាមការផ្សាយរបស់ BBC កាលពីថ្ងៃទី១៩ ខែមីនាក្លិប Bolton បានបញ្ជាក់ពីការពិភាក្សាជាមួយអ្នកចាប់អារម្មណ៍ទិញក្លិបរបស់ពួកគេមួយផ្សេងទៀត ដែលត្រូវបានគេជឿថាជាក្រុមហ៊ុនមួយមានឈ្មោះថា Football Ventures។
Bolton ដែលបច្ចុប្បន្នស្ថិតក្នុងតំបន់ត្រូវកាត់ចោលពីក្របខណ្ឌ Championship មានរយៈពេល ១៤ថ្ងៃ ដើម្បីបញ្ចប់ការផ្លាស់ប្តូរម្ចាស់ក្លិបថ្មី និងដោះស្រាយបំណុលឲ្យបានរួចរាល់ បើមិនដូច្នោះទេ ពួកគេនឹងប្រឈមចំពោះមុខច្បាប់ផ្នែករដ្ឋបាល និងការកាត់១២ពិន្ទុនៅរដូវកាលក្រោយទៀតផង។
ក្លិបនៅអង់គ្លេសដែលធ្លាប់មានបញ្ហាកន្លងមករួមមាន Aldershot (ខែឩសភា ឆ្នាំ២០១៣) Coventry (ខែមីនា ឆ្នាំ២០១៣) Port Vale (ខែមីនា ឆ្នាំ២០១២) Portsmouth (ខែកុម្ភៈ ឆ្នាំ២០១២) Plymouth (ខែមីនា ឆ្នាំ២០១១)៕
Tag:
បាល់ទាត់
Bolton Wanderers
© រក្សាសិទ្ធិដោយ thmeythmey.com