អន្តរជាតិ
ប្រមុខ​ការទូត​ហ្វីលីពីន សរសើរ​របៀប​ដឹកនាំ​បែប​កុម្មុយនីស្ត​របស់​ចិន​
21, Mar 2019 , 7:19 pm        
រូបភាព
លោក Teodoro Locsin ចាប់ដៃលោក វ៉ាង យី នាជំនួបនៅប៉េកាំង។ (រូបភាព AFP)
លោក Teodoro Locsin ចាប់ដៃលោក វ៉ាង យី នាជំនួបនៅប៉េកាំង។ (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin បាន​និយាយ​លើកសរសើរ​បក្ស​កុម្មុយនីស្ត​ចិន ដែល​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​។ លោក Locsin ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​អះអាងថា ចិន​មិន​ដូច​ប្រទេស​លោកខាងលិច ហើយ​បើ​គ្មាន​ចិន បណ្ដា​ប្រទេស​ក្រីក្រ​ក៏​ងើបមុខ​មិន​រួច​ដែរ​។ សម្ដី​សរសើរ​របស់​ប្រមុខ​ការទូត​ហ្វីលីពីន ជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​គូ​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​។​

 
​ប្រមុខ​ការទូត​ហ្វីលីពីន Teodoro Locsin នៅ​ថ្ងៃទី​២០ ខែមីនា បាន​ជួប​ជាមួយ​សម​ភាគី​ចិន វ៉ាង យី នៅ​រដ្ឋធានី​ប៉េកាំង​។ ចំពោះមុខ​លោក វ៉ាង ដែលជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​បក្ស​កុម្មុយនីស្ត​ចិន លោក Locsin និយាយ​ត្រង់​ថា ប្រព័ន្ធ​ដឹកនាំ​ឯក​បក្ស​របស់​ចិន បានផ្ដល់​ឱកាស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ជំរុញ​សេដ្ឋកិច្ច​របស់​ពួកគេ ហើយ​ចិន​ក៏បាន​លំនឹង​ដល់​ប្រទេស​ទាំងនោះ​សម្រាប់​ការរីកចម្រើន​ដែល​លោកខាងលិច​ខ្វះខាត​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក វ៉ាង លោក Locsin ក៏​លើកឡើង​ពី​ភាពខុសគ្នា​រវាង​ចិន និង​បស្ចិមប្រទេស​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្រីក្រ និង​របៀប​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ក្នុងន័យ​លើកសរសើរ​ចិន រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​រូបនេះ​បន្តថា ចិន​មានបំណង​ងើបឡើង​កាន់តែ​ខ្ពស់ តែ​មិនមែន​តាម​ការ​ជាន់ឈ្លី​ប្រទេស​ផ្សេង​ទេ គឺ​ងើបឡើង​ទាំងអស់គ្នា​។ លើសពីនោះ បើ​គ្មាន​ចិន​សម័យថ្មី​ទេ ក៏​គ្មាន​ដែរ​ឱកាស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​លូតលាស់​ទៅជា​ប្រទេស​រីកចម្រើន​។​
 
​ទន្ទឹមគ្នា​នឹង​ការសរសើរ​ចិន ប្រមុខ​ការទូត​ហ្វីលីពីន​ដដែល​នេះ ក៏​ឆ្លៀត​រិះគន់​លោកខាងលិច​ដែល​កេងចំណេញ​ប្រទេស​ក្រីក្រ​កាលពី​អតីតកាល​ផង​។ បើតាម​សារព័ត៌មាន Rappler លោក Locsin រំឭកថា កាលពី​កន្លះ​សតវត្សរ៍​ចុងក្រោយ ប្រទេស​ក្រីក្រ​រស់នៅ​ដោយសារ​ក្ដីមេត្តា​របស់​ទីផ្សារ​ស្ចិ​ម​លោក ហើយ​បើ​ពួកគេ​មិន​ពេញចិត្ត ក៏​បោះបង់​ប្រទេស​ទាំងនោះ​តាម​ការនឹកឃើញ​របស់​ពួកគេ ដូចដែល​ធ្លាប់​កើត​មាននៅ​សម័យ​ក្រោយ​អាណានិគម​ដូច្នោះ​ដែរ​។​
 
​ទស្សនកិច្ច​របស់លោក Locsin នៅ​ទីក្រុង​ប៉េកាំង ធ្វើឡើង​ពីរ​សប្ដាហ៍​ក្រោយ​លោក​បាន​ជួប​ជាមួយ​សម​ភាគី​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ទីក្រុង​ម៉ានីល​។ ការនិយាយ​លើកសរសើរ​បក្ស​កុម្មុយនីស្ត​ចិន​បែបនេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ខិតជិត​គ្នា​រវាង​ប្រទេស​ទាំងពីរ​ដែល​ទាស់​គ្នា​ដោយសារ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង តែ​វា​ក៏​បង្ហាញ​ពី​ការ​ឃ្លាត​កាន់តែ​ឆ្ងាយ​រវាង​សម្ព័ន្ធ​ភាពរឹងមាំ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ គឺ​អាមេរិក និង​ហ្វីលីពីន​។​
 
​ទំនាក់ទំនង​ធ្លាប់តែ​ស្អិតល្មួត​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ម៉ានីល ប្រែ​ទៅជា​ល្អក់កករ​ក្រោយ​ការឡើង​កាន់អំណាច​រប​ស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុង​ឆ្នាំ​២០១៦ ចំណែកឯ​ទំនាក់ទំនង​ជាមួយ​ចិន ក៏​ប្រែជា​ល្អប្រសើរ​ជា​បន្តបន្ទាប់​។ ជា​ញឹកញាប់ លោក ឌូ​ទើ​តេ តែង​និយាយ​វាយប្រហារ​លោកខាងលិច ពិសេស​អាមេរិក និង​អឺរ៉ុប​តែម្ដង​ជុំវិញ​ការផ្ដល់​ជំនួយ​មាន​ចំណង ឬ​ការបំពាន​សិទ្ធិមនុស្ស​។ ខុសពី​អាមេរិក និង​អឺរ៉ុប ចិន​មិន​និយាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​ហ្វីលីពីន​ឡើយ​៕  

Tag:
 ​ហ្វីលីពីន​
  ចិន​
  Teodoro Locsin
© រក្សាសិទ្ធិដោយ thmeythmey.com