ជាតិ
សង្គមជាតិ
សុខភាព
ជប៉ុនផ្ដល់ជាង២៦ម៉ឺនដុល្លារ ដល់ផ្នែកសុខាភិបាលនៅសៀមរាប មណ្ឌលគិរី និងឧត្តរមានជ័យ
× រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងផ្នែកសុខាភិបាល ក្នុងទឹកប្រាក់ចំនួន ២៦២,៧៥០ ដុល្លារ ដល់មន្ទីរពេទ្យចំនួន៣ ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋកម្ពុជា។
ថវិកាទាំងនោះផ្ដល់ឲ្យមន្ទីរពេទ្យកុមាអង្គរ នៅខេត្តសៀមរាប ចំនួន ៨៩,១១២ ដុល្លារ សម្រាប់ទិញម៉ាស៊ីនជំនួយការដកដង្ហើមចំនួន ២គ្រឿង, ឧបករណ៍វាស់ចង្វាក់បេះដូងចំនួន ១ និងម៉ាស៊ីនវាស់ឧស្ម័នក្នុងឈាមចំនួន១ ដែលអាចជួយព្យាបាលកុមារប្រមាណ ៩០០នាក់ដែលមកទទួលការព្យាបាលក្នុងមន្ទីរពេទ្យ។ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យទទួលបានថវិកា៨៧,២៧៨ ដុល្លារ ដើម្បីសាងសង់អគារមណ្ឌលសុខភាពត្រពាំងប្រាសាទ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ១៩,៩០០ នាក់ ។ មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី ទទួលបានថវិកាចំនួន ៨៩,១២៥ ដុល្លារ សម្រាប់សាងសង់អគារសម្រាលកូន និងអគារជំងឺទូទៅនៅមណ្ឌលសុខភាពមេម៉ង់។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា គម្រោងគាំទ្រទាំងនោះនឹងចូលរួមចំណែកក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើជាងមុន។
គិតតាំងពីឆ្នាំ១៩៩១ គម្រោងផ្ដល់ជំនួយឥតសំណង គូសាណូណិរបស់ជប៉ុននេះ បានផ្តល់ថវិកាជាង ៦០លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រការពារប្រជាពលរដ្ឋងាយរងគ្រោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com