ជាតិ
កម្ពុជា ដាក់ដំណើរការកម្មវិធី ACCESS ក្រោមមូលនិធិ១០លានដុល្លារ ដើម្បីជួយស្ត្រីនិងជនពិការ វង សូត
× ភ្នំពេញ៖ កម្ពុជា បានសម្ពោធកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី(ACCESS) ដើម្បីជួយជនពិការ និងស្ត្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយនិរន្តភាព គុណភាព និងបរិយាបន្ន។កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី បង្កើតក្រោមមូលនិធិដែលមានទឹកប្រាក់១៥លានដុល្លារអូស្ត្រាលី (ជាង១០លានដុល្លារអាមេរិក) ក្នុងរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១៨ដល់២០២១។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោក វង សូត បាននិយាយថា កម្មវិធី ACCESS នឹងដំណើរការបានល្អ ក្នុងការផ្តល់បច្ចេកទេស និងថវិកាដល់ដៃគូប្រកបដោយនិរន្តរភាពសម្រាប់សេវាកម្មនីមួយៗ ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក។ ថ្លែងក្នុងពិធីសម្ពោធកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី លោក វង សូត បាននិយាយដូច្នេះថា៖« ខ្ញុំមានសេចក្តីសង្ឃឹមផងដែរថា តាមរយៈការអនុវត្តអភិបាលកិច្ច និងការអនុវត្តកម្មវិធី ដើម្បីឱ្យស្របតាមកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្ពុជានឹងមានការចូលរួមកាន់តែច្រើនជាងមុន ក្នុងការគិតគូរសម្រាប់វិស័យពិការភាពនៅកម្ពុជានាពេលខាងមុខនេះ»។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា នានាជនពិការភាព ជាពិសេសធ្វើយ៉ាងណាលើកកម្ពស់ ដល់សុខុមាលភាពជនពិការភាព ឱ្យកាន់តែប្រសើរឡើង តាមរយៈកម្មវិធី ACCESS នេះ ។
កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី(ACCESS) ដែលមានទឹកប្រាក់ជាង១០លានដុល្លារ គឺជាការផ្ដួចផ្ដើមឡើងរបស់ប្រទេសអូស្ត្រាលី ដើម្បីលើកកម្ពស់សេវាប្រកបដោយនិរន្តភាព គុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ៖«កម្មវិធីACCESS ឆ្លុះបញ្ចាំងពីភាពមុតមាំរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគ្រាំទ្រសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាបន្នសម្រាប់ជនពិការភាពនៅកម្ពុជា។ ទាំងអស់នេះជា ស្នូលនៃការកាត់បន្ថយភាពក្រីក្រនិងកំណើនសេដ្ឋកិច្ច»។
គិតត្រឹមខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានផ្តល់របបគោលនយោបាយជនពិការក្រីក្រតាមសហគមន៏ដល់ជនមានពិការភាព បានចំនួន ១០ខេត្ត រួមមាន ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ កណ្តាល ត្បូងឃ្មុំ ប៉ៃលិន បាត់ដំបង ពោធិសាត់ ព្រៃវែង និងខេត្តស្វាយរៀង សរុបចំនួន១១.៦២៨ នាក់ ។
តាមរយៈការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ រដ្ឋាភិបាល បានកំណត់ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋឱ្យគ្រប់២ភាគរយ និង វិស័យឯកជន ១ភាគរយ។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ ជនមានពិការភាពសរុបចំនួន ២.៨៣៩ នាក់ ក្នុងនោះជនពិការកម្រិតធ្ងន់មានចំនួន ១.៤៧៨ នាក់ បានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន ៤០។ ចំណែកវិស័យឯកជនចំនួន ៧៧ មានជនពិការចំនួន ៣.០៥៥ នាក់ កំពុងបម្រើការងារ។ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនមានជនពិការភាពចំនួនប្រមាណ ៥.៨៩៤ នាក់ កំពុងបម្រើការងារ៕
Tag:
ACCESS
វង សូត
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com