អន្តរជាតិ
អតីតមន្ត្រី​ជាន់ខ្ពស់​ហ្វីលីពីន​ប្ដឹង​លោក ស៊ី ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​
21, Mar 2019 , 4:34 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​​អតីតមន្ត្រី​ជាន់ខ្ពស់​ហ្វីលីពីន​ពីររូប រួម​នឹង​ក្រុម​អ្នកនេសាទ បាន​ប្ដឹង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​កើតឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុង​ពាក្យបណ្ដឹង​នេះ លោក ស៊ី ត្រូវ​រង​ការ​ចោទថា បាន​បង្ក​ផលប៉ះពាល់​ដល់​អ្នកនេសាទ​ហ្វីលីពីន និង​មកពី​ប្រទេស​ផ្សេង ក៏ដូចជា​ពលរដ្ឋ​ប្រទេស​ជាច្រើន​ដែល​អាស្រ័យ​ផល​ពី​ធនធាន​នៃ​តំបន់​សមុទ្រ​មួយ​នេះ​។

 
​អតីតរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន Albert del Rosario និង​អតីតមន្ត្រី​ត្រួតពិនិត្យ Conchita Carpio Morales ជាមួយនឹង​អ្នកនេសាទ​មួយក្រុម បានដាក់​ពាក្យបណ្ដឹងរ​បស់​ខ្លួន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាលពី​ថ្ងៃទី​១៥ ខែមីនា​កន្លងទៅ​។ ម្ចាស់​បណ្ដឹង​ទាំងបី​នេះ ប្រាប់​ការិយាល័យ​រដ្ឋអាជ្ញា​តុលាការអន្តរជាតិ​ថា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​មន្ត្រី​ចិន​ផ្សេងទៀត ប្រព្រឹត្ត​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​ការបំផ្លាញ​ធនធានបរិស្ថាន​ទ្រង់ទ្រាយ​ធំ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
 
​បើតាម​សារព័ត៌មាន Rappler លោ Rosario លោកស្រី Morales និង​ជនជាតិ​ហ្វីលីពីន​ដទៃទៀត​អះអាងថា ការខូចខាត​បរិ​ស្ថា​នេះ កើតឡើង​នៅពេល​ប្រធានាធិបតី​ចិន និង​មន្ត្រី​របស់ខ្លួន​អនុវត្ត​ផែនការ​ជា​ប្រព័ន្ធ​ដើម្បី​ក្ដោប​ក្ដាប់​សមុទ្រ​ចិន​ខាងត្បូង​។ បើតាម​ពាក្យបណ្ដឹង សកម្មភាព​បំពាន​នេះ បង្កើត​ទៅជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នកនេសាទ​ហ្វីលីពីន​ដែល​ពឹង​ផ្អែកលើ​ការនេសាទ​ដើម្បី​ការរស់នៅ​របស់​ពួកគេ​។ 
 
​លើសពីនោះ ទង្វើ​របស់​ចិន ក៏​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​ទាំង​ពេលបច្ចុប្បន្ន និង​ថ្ងៃ​អនាគត​រាប់ទាំង​ប្រជាជន​ហ្វីលីពីន​ផង​តាមរយៈ​ការជំរុញ​ល្បឿន​ហ​ន្ត​រាយ​ផល​នេសាទ ហើយ​ចុងក្រោយ​ក៏​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​ចំណីអាហារ​នៅតាម​ប្រទេស​ជាច្រើន​។ នេះ​បើតាម​ពាក្យបណ្ដឹង​ដដែល​។​
 
​ម្ចាស់​បណ្ដឹង​ទាំងនេះ លើកឡើងថា តុលាការអន្តរជាតិ និង​អចិន្ត្រយ៍​មួយ​នេះ មាន​យុត្តាធិការ​លើ​ករណីនេះ ព្រោះ​សកម្មភាព​មន្ត្រី​ចិន​កើតឡើង​អំឡុងពេល​ហ្វីលីពីន​នៅ​ជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នៅឡើយ​។ ហ្វីលីពីន​ដែល​ខឹង​រដ្ឋអាជ្ញា ICC បើក​ការស៊ើបអង្កេត​បឋម​ក្នុង​សំណុំរឿង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​នោះ បាន​ចាកចេញ​ជា​ផ្លូវការ​ពី​ស្ថាប័ន​យុត្តិធម៌​ពិភពលោក​មួយ​នេះ​នៅ​ថ្ងៃទី​១៧ ខែមីនា​កន្លងទៅ​។ 
 
​អតីត​ប្រមុខ​ការទូត​ហ្វីលីពីន អតីតមន្ត្រី​អធិការកិច្ច ព្រមទាំង​អ្នកនេសាទ បានស្នើ​ឲ្យ​រដ្ឋអាជ្ញា ICC ពិចារណា​បណ្ដឹង​របស់​ខ្លួន មុននឹង​ចាប់ផ្ដើម​ការស៊ើបអង្កេត​បឋម រួច​បើក​ការស៊ើបអង្កេត​ពេញលេញ​តែម្ដង​។ យ៉ាងណាមិញ ចិន​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ឡើយ ដែល​វា​អាច​បង្ក​ជា​ឧបសគ្គ​សម្រាប់​ដំណើរការ​ក្ដី​នេះ​។ ម្យ៉ាងទៀត គេ​ក៏​មិន​រំពឹងថា ចិន​នឹង​សហការ​ក្នុង​សំណុំរឿង​នេះឡើយ​៕

Tag:
 ហ្វីលីពីន​
  ចិន​
  ស៊ី ជិន​ភីង​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com