ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
វិស័យ​ផលិតកម្ម​អំបិល កំពុង​ប្រឈម​ការបែកបាក់​សហគម​ន៍​អ្នក​ផលិត​
21, Mar 2019 , 9:19 pm        
រូបភាព
ប៊ុន បារាំង
ប៊ុន បារាំង
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប កំពុង​ប្រឈម​បញ្ហា​ចម្បង​មួយ ដោយ​អ្នក​ផលិត​មួយចំនួន​លែង​ធ្វើជា​សមាជិក ដែល​អាច​នាំទៅដល់​ការរំលាយ​សហគមន៍​នេះ​តែម្ដង បើ​គ្មាន​ដំណោះស្រាយ​។ លោក ប៊ុន បារាំង ដែលជា​ប្រធាន​សហគមន៍​មួយ​នេះ បាន​អះអាងថា លទ្ធផល​យ៉ាងណា ត្រូវ​រង់ចាំ​ការកោះប្រជុំ​របស់​ក្រសួង​ឧស្សាហកម្ម និង​អាជ្ញាធរខេត្ត​ទាំងពីរ​នៅ​ថ្ងៃទី​២៥​ក្នុង​ខែមីនា​នេះ តែបើ​មិនអាច​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​ផលិត​ទាំងនោះ​រួមគ្នា​ទៀត នោះ​សហគមន៍​អំបិល​នេះ​ប្រឈម​ការរំលាយចោល ហើយ​អាច​ជះឥទ្ធិពល​ដល់​វិស័យ​មួយ​នេះ​។​


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង​ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ប៊ុន បារាំង ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប ដូចតទៅ​នេះ​៖



 
៣០​ភាគរយ​នៃ​ក្រុម​អ្នក​ផលិត​មិន​ព្រម​ផ្ដិតមេដៃ​បន្ត​សមាជិកភាព​ក្នុង​សហគមន៍​ផលិត​អំបិល​នេះ​តទៅទៀត ខណៈ ៧០​ភាគរយ​ទៀត​ព្រម​បន្ត​រួមរស់​ក្នុង​សហគមន៍​ដែល​ដំណើរការ​ជាង ១៥​ឆ្នាំ​មួយ​នេះ​។  សហគមន៍​នេះ​មាន​២០០​ក្រុម​ផលិត​ជា​សមាជិក​នាពេល​កន្លងមក​។ 
 
​លោក ប៊ុន បារាំង ឲ្យ​ដឹងថា អ្នក​ផលិត​ចង់​ចាក​ចេញពី​សហគមន៍​នេះ ព្រោះ​ពួកគេ​បានឃើញ​មួយក្រុម​ពីរ​ក្រុម​ដែល​នៅក្រៅ ដែល​អាច​លក់​ដោយ​សេរី​។ ផ្ទុយ​ពី​សមាជិក​សហគមន៍ ការលក់​អំបិល​ត្រូវ​វិលជុំ ដែល​មានន័យថា ពួកគេ​ត្រូវ​រង់ចាំ​ដល់​វេន​របស់ខ្លួន ហើយ​ត្រូវ​បង់​កម្រៃ​ពន្ធ​ជាដើម​។ 
 
​ប៉ុន្តែ​លោក ប៊ុន បារាំង អះអាងថា បើ​អ្នក​ផលិត​បែកខ្ញែក​គ្នា នោះ​នឹង​នាំ​ដល់​ការខាតបង់​ទៅវិញ​ទេ ដោយ​ឈ្មួញ​អាច​ទម្លាក់​តម្លៃ​តាមចិត្ត​។ ហើយ​លោក​ក៏​ពិបាក​គ្រប់គ្រង​ទិន្នន័យ​ផលិត ដើម្បី​ផ្គត់ផ្គង់​ផងដែរ​។ 
 
​ជោគវាសនា​សហគមន៍​អ្នក​ផលិត​អំបិល​នេះ​ទៅ​យ៉ាងណា គឺ​ត្រូវ​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​សម្រុះសម្រួល​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរខេត្ត​កំ​ពត់ និង​ខេត្ត​កែប នៅ​ថ្ងៃទី​២៥​ខែ​មីនេះ​ឆាប់​ខាងមុខនេះ​។ តែ​ទន្ទឹមនឹងនេះ លោក ប៊ុន បារាំង ស្នើ​ឲ្យ​កសិករ​អ្នក​ផលិត​អំបិល ស្រុះស្រួល​ក្នុង​សហគមន៍​តទៅទៀត ចៀសវាង​ការបែកបាក់​គ្នា​។​
 
​ទាក់ទិន​នឹង​បរិមាណ​ផ្គត់ផ្គង់​អំបិល​ឆ្នាំនេះ លោក ប៊ុន បារាំង ប្រាប់ថា​លោក​មិនអាច​វាយតម្លៃថា​គ្រប់គ្រាន់ ឬ​យ៉ាងម៉េច​នោះទេ បើ​ទោះ​មានការ​ព្យាករ​ថា​អាកាសធាតុ​នឹង​ក្ដៅ​ខ្លាំង​អំឡុង​ខែមេសា និង​ខែឧសភា​។ លោ​កថា​ជាក់ស្ដែង​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខេត្តកំពត​មាន​ភ្លៀង​ធ្លាក់ ដែលជា​ឧបសគ្គ​ដល់​ការផលិត​អំបិល​។ ចុងឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចូល​អំបិល ១​ម៉ឺន​តោន​ដើម្បី​បំពេញ​តម្រូវ​ក្នុងស្រុក ដោយសារតែ​ការផលិត​ក្នុង​ឆ្នាំ​មុននេះ​ជួប​បញ្ហា​អាកាសធាតុ​មិន​អំណោយផល​។ កម្ពុជា​ត្រូវការ​អំបិល​ក្នុង​មួយឆ្នាំ​ប្រមាណ ១០​ម៉ឺន​តោន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com