អន្តរជាតិ
រុស្ស៊ីខឹងប៉ូឡូញដែលមិនអញ្ជើញលោក ពូទីន ចូលរួមកម្មវិធីរំឭកខួបនៃការផ្ទុះសង្គ្រាមលោកលើកទី២
× ក្រុងមូស្គូនៅថ្ងៃទី២០ ខែមីនា បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងដាក់ក្រុងវ៉ាសូវី ដែលមិនអញ្ជើញប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ឲ្យចូលរួមពិធីរំឭកខួបទី៨០ នៃការចាប់ផ្ដើមសង្គ្រាមលោកលើកទីពីរ។ ក្រុងមូស្គូចោទក្រុងវ៉ាសូវីថា មិនខ្វល់ខ្វាយពីប្រវត្តិសាស្ត្រ ហើយរៀបចំកម្មវិធីតែគ្នាឯងទៅវិញ។
នៅខែកញ្ញាឆ្នាំ២០១៩ ប៉ូឡូញ នឹងរៀបចំពិធីរំឭកខួបទី៨០ឆ្នាំការផ្ទុះសង្គ្រាមលោកលើកទីពីរ។ មេដឹកនាំប្រទេសច្រើន នឹងចូលរួមពិធីនេះតាមការអញ្ជើញរបស់ប៉ូឡូញ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន នឹងមិនមានមុខឡើយ។ ការមិនអញ្ជើញលោក ពូទីន ធ្វើឲ្យរុស្ស៊ីមិនពេញចិត្តឡើយ និងប្រើពាក្យរិះគន់ប៉ូឡូញខ្លាំងៗផង។
ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី២០ ខែមីនា បានបញ្ចេញការខឹងសម្បារពេលដឹងថា ប៉ូឡូញមិនអញ្ជើញប្រមុខរដ្ឋរុស្ស៊ីចូលរួមការរំឭកខួបនេះ។ អ្វីដែលធ្វើឲ្យក្រុងមូស្គូកាន់តែមិនសប្បាយចិត្តនោះ ប៉ូឡូញបែរជារៀបចំគម្រោងរំឭកខួបជាមួយមិត្តភក្តិជិតដិតរបស់ខ្លួនមានអាមេរិក ប្រទេសអឺរ៉ុប និងរដ្ឋអតីតសហភាពសូវៀតមួយចំនួនទៀត។ រុស្ស៊ីប្រតិកម្មដាក់ប៉ូឡូញថា មិនអើពើតថភាពប្រវត្តិសាស្ត្រ ហើយចង់ផ្លាស់ប្ដូរកម្មវិធីខែកញ្ញាទៅជាជំនួបសម្ងាត់វិញ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរុស្ស៊ីក៏រំឭកប៉ូឡូញពីគុណសម្បត្តិរបស់រុស្ស៊ីដែលកាលនោះជាសហភាពសូវៀតក្នុងការកម្ទេចកម្លាំងហ៊ីត្លែរ ហើយបានរំដោះប៉ូឡូញពីក្រញាំរបស់យោធាណាស៊ីទៀតផង ប៉ុន្តែចុងក្រោយរុស្ស៊ីបែរជាគ្មានមុខនៅកម្មវិធីរំឭកខួបទី៨០ឆ្នាំនេះទៅវិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ឆ្លើយពាក្យរិះគន់របស់រុស្ស៊ី ការិយាល័យព័ត៌មានរបស់ប្រធានាធិបតីប៉ូឡូញអះអាងថា ការអញ្ជើញមេដឹកនាំឲ្យចូលរួមក្នុងការជួបជុំនេះ មិនមែនអាស្រ័យលើបញ្ហាប្រវត្តិសាស្ត្រឡើយ។ ព្រឹត្តិការណ៍ពិសេសនេះ នឹងត្រូវរំឭកដោយប៉ូឡូញ និងប្រទេសជាច្រើនដែលធ្វើការជាមួយគ្នាដើម្បីសន្តិភាពពិភពលោកដោយផ្អែកលើគោលការណ៍គោរពច្បាប់អន្តរជាតិ។ នេះជាការបញ្ជាក់របស់ការិយាល័យលោកប្រធានាធិបតី Andrzej Duda ។
សូមរំឭកថា ទ័ពអាល្លឺម៉ង់បានឈ្លានពានប៉ូឡូញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ដែលនាំឲ្យមានការផ្ទុះឡើងសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែការឈ្លានពាននេះ អាល្លឺម៉ង់ និងសហភាពសូវៀតបានចុះកិច្ចព្រមព្រៀងសម្ងាត់ដែលបានហែកប៉ូឡូញជាពីរ។ នៅឆ្នាំ១៩៤១ ទ័ពអាល្លឺម៉ង់ក៏វាយប្រហារលើកម្លាំងទ័ពសហភាពសូវៀតគួរឲ្យភ្ញាក់ផ្អើល។ ជារឿយៗ ក្រុងមូស្គូតែងត្អូញត្អែរថា ពិភពលោកបំភ្លេចគុណសហភាពសូវៀតដែលជួយរំដោះពីដៃហ៊ីត្លែរ ខណៈជ័យជម្នះរបស់កងទ័ពក្រហមក្លាយជាមោទកភាពរបស់រុស្ស៊ី៕
Tag:
រុស្ស៊ី
ប៉ូឡូញ
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com