កីឡាអន្តរជាតិ
អន្តរជាតិ
China Cup៖ Chanathip ជួយឲ្យថៃទម្លាក់ចិន ដែលដឹកនាំដោយគ្រូថ្មី Cannavaro
× ក្រុមកីឡាបាល់ជម្រើសជាតិចិនក្រោមការដឹកនាំដំបូងរបស់លោក Fabio Cannavaro បានទទួលបរាជ័យយ៉ាងអាម៉ាសបំផុតក្រោយចាញ់ថៃ ១-០ ក្នុងដីខ្លួនឯងនាការប្រកួតបើកឆាកពានរង្វាន់ China Cup នៅថ្ងៃទី២១ ខែមីនា។
ខ្សែបម្រើឆ្នើម Chanathip Songkrasin ដែលមានរហស្សនាមថា «Messi ថៃ» ជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងជំនួបនេះដែលធ្វើបាននៅនាទី៣៣ ដោយមានការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម Thitiphan Puangchan។
ជ័យជម្នះរបស់ថៃ បានធ្វើឲ្យចិនបាក់មុខមិនតិចទេសម្រាប់ការដឹកនាំដំបូងរបស់គ្រូថ្មី Cannavaro។ អតីតខ្សែការពារឆ្នើម Real Madrid រូបនេះត្រូវបានតែងតាំងជាអ្នកស្នងតំណែងលោក Marcello Lippi ក្នុងនាមជាគ្រូបង្វឹកចិនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។
Cannavaro វ័យ៤៥ឆ្នាំរូប ដែលជាតួអង្គដ៏មានឥទ្ធិពលក្នុងវិស័យកីឡាបាល់ទាត់ចិន ក៏នៅមានតួនាទីជាអ្នកចាត់ការក្រុម Guangzhou Evergrande នៃលីគបាល់ទាត់ Chinese Super League ផងដែរ។
គ្រូបង្វឹកចិន លោក Cannavaro
យក្សចិនបានចំណាយប្រាក់ដ៏ច្រើនសន្ធឹកដើម្បីអភិវឍ្ឍវិស័យកីឡាកររបស់ខ្លួនតាមរយៈការនាំយកអ្នកដែលមានឈ្មោះល្បីៗទៅបំផុសគំនិតកីឡាកររបស់ពួកគេដើម្បីឈានដល់កម្រិតខ្ពស់មួយ។
បើទោះយ៉ាងនេះក្តី ចិននៅតែមិនទាន់បង្ហាញភាពខ្លាំងរបស់ខ្លួនស្របតាមអ្វីដែលមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ពិភពលោកនេះចង់បានឡើយ។
ចិនក៏ធ្លាប់ត្រូវថៃបំបាក់មុខម្តងរួចមកហើយកាលពីឆ្នាំ២០១៣ក្នុងជំនួបមិត្តភាពអន្តរជាតិដែលកាលនោះថៃឈ្នះដល់ទៅ ៥-១ ឯណោះ។
ពាន China Cup ឆ្នាំ២០១៩ ដែលចិនធ្វើជាម្ចាស់ផ្ទះនេះមានក្រុមចំនួន៤ប៉ុណ្ណោះចូលរួម ដោយក្នុងនោះរួមមាន ចិន ថៃ អ៊ូសបេគីស្ថាន និងអ៊ុយរូហ្គាយ។ ចិនបានខ្ទាតចេញពីពាននេះហើយ ខណៈថៃបានកៅអីទៅអង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រមុន ដោយត្រូវរង់ចាំការប្រកួតរវាងអ៊ុយរូហ្គាយជាមួយអ៊ូសបេគីស្ថាន៕
Tag:
បាល់ទាត់
ចិន
ថៃ
China Cup
© រក្សាសិទ្ធិដោយ thmeythmey.com