ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន Alibaba គ្រោងមកវិនិយោគនៅកម្ពុជា
× ភ្នំពេញ៖ ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group គ្រោងមកវិនិយោគលើវិស័យសេដ្ឋកិច្ចឌីជីថល (E-Commerce) នៅប្រទេសកម្ពុជា ដើម្បីពង្រីកការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shenzhen 4PX Express នៅក្នុងកម្ពុជា។ លោកក៏បានស្នើឲ្យ ក្រុមហ៊ុនចិនមួយនេះ ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះបាននិយាយថា៖« ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនច្បាប់ស្តីពី E-Commerce និងយុទ្ធសាស្ត្រវិស័យនេះ។ ការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌កម្ពុជា នៅតាមទីក្រុងធំៗក្នុងប្រទេសចិន និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាដើម»។
ជាការឆ្លើយតប នាយកប្រតិបត្តិក្រុមហ៊ុន Shenzhen 4PX Express លោក KEVIN Yue Li បានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងការកសាងស្ថានីយមួយ ដែលសហគ្រាសធុនតូច និងមធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីចែកចាយទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
ទាក់ទងនឹងវិស័យសេដ្ឋកិច្ចនេះ លោក Nick Beresford តំណាង UNDP ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃថា ការកែប្រែសេដ្ឋកិច្ចទៅបែបឌីជីថលនេះ នឹងជួយឲ្យកម្ពុជា មានសក្ដានុពលទីផ្សារកាន់តែខ្លាំង។តំណាង UNDP ប្រចាំប្រទេសកម្ពុជារូបនេះ មានប្រសាសន៍ថា «ខណៈពេលដែលប្រទេសកម្ពុជាកំពុងខិតខំពង្រឹងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម (MSME) របស់ខ្លួន ការងាកទៅប្រើប្រាស់ប្រព័ន្ធឌីជីថល នឹងជួយឱ្យកម្ពុជាកាន់តែអាចច្បាមយកសក្តានុពលទីផ្សារក្នុងស្រុក និងអន្តរជាតិបន្ថែមទៀត»។
គួររម្លឹកថា កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០១៩ អង្គការ UNDP ក៏បានចុះ MoU ជាមួយនឹងក្រុមហ៊ុនចិន Shenzhen 4PX Express លើកិច្ចព្រមព្រៀងស្តីពីសហហិរញ្ញប្បទានដើម្បី «ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសកម្ពុជា រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»៕
Tag:
ប៉ាន សូរស័ក្តិ
Alibaba
© រក្សាសិទ្ធិដោយ thmeythmey.com