ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ប្រាប់​ឲ្យ​មន្ត្រី​ពង្រឹង​ការរៀបចំ​តំបន់​ទេសចរណ៍​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ
23, Mar 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖​ក្រសួងទេសចរណ៍ ប្រាប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ឲ្យ​រៀបចំ​ឲ្យ​មាន​ព្រឹ​ត្តឹ​ការណ៍​សង្ក្រាន្ត នៅ​គ្រប់​តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។​

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ លោក​រដ្ឋ​ម​ន្រី្ត ថោង ខុន បាន​ប្រាប់​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត សហការ​ជាមួយ​មន្ទីរ​វប្បធម៌ រៀបចំ​ឲ្យ​មានការ​ប្រលង​ចម្រៀង​បុរាណ សម័យ អា​យ៉ៃ ចាប៉ី​ផ្សេងៗ​។ ចំពោះ​ល្បែង​ប្រជាប្រិយ​វិញ លោក ថោង ខុន បាន​សង្កត់ធ្ងន់ថា មន្ទីរ​ទេសចរណ៍​ទាំងអស់ ត្រូវ​លើក​ខ្លឹមសារ​ល្បែង​ប្រពៃណី ដូចជា​ចោល​ឈូង ទាញព្រ័ត្រ បោះអង្គញ់ និង​ការសម្ដែង​របាំ​ត្រុដិ នៅតាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ជាដើម​។ 
 
​ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ អាជ្ញាធរ​ត្រូវ​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​ចរាចរណ៍ ចំណត និង​ការគ្រប់គ្រង​សំរាម​ឲ្យ​មាន​របៀបរៀបរយ​។ ជាពិសេស​ត្រូវ​លើកកម្ពស់​គុណភាព​សេវាកម្ម អនាម័យ​ម្ហូបអាហារ រួមទាំង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ​។ ក្រោយ​ពិធី​ចូលឆ្នាំ​ខ្មែរ​រួច គ្រប់​មន្ទីរ​ទេសចរណ៍ ត្រូវធ្វើ​របាយការណ៍​បូកសរុប​ភ្ញៀវទេសចរ ដែល​បាន​ទៅ​កម្សាន្ត​តាម​តំបន់​នានា មកកាន់​ក្រសួងទេសចរណ៍​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងទេសចរណ៍​៕ 

Tag:
 ទេសចរណ៍​
 ​ថោង ខុន​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com