អាមេរិក​ផ្តល់ជំនួយ​ជាង​២១​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុងការ​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​
ជាតិ
សេដ្ឋកិច្ច
អាមេរិក​ផ្តល់ជំនួយ​ជាង​២១​លាន​ដុល្លារ​ដល់​កម្ពុជា ក្នុងការ​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់​
22, Mar 2019 , 8:59 pm        
រូបភាព
​សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ ២១​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ឡង់ តាមរយៈ​អង្គការ USAID ។​ការផ្តល់​ជំនួយ​នេះ តាមរយៈ​ការពិភាក្សា​ការងារ​រវាង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោកស្រី​បណ្ឌិត សាន អី​លី នាយក​គម្រោង​សុវត្ថិភាព​ស្បៀង និង​បរិស្ថាន និង​លោក​ម៉ា​ធ្យូ អែ​ដ​វុ​ធ​សិន ប្រធាន​គម្រោង​ព្រៃ​ឡង់​បៃតង កាលពី​ថ្ងៃទី​ថ្ងៃទី​២១ ខែមីនា​។​

 
​លោក ម៉ា​ធ្យូ អែ​ដ​វុ​ធ​សិន ប្រធាន​គម្រោង​ព្រៃ​ឡង់​បៃតង បាន​និយាយថា គោលបំណង​សំខាន់ៗ​នៃ​គម្រោង​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ ជលសា​ស្ត្រ ប្រព័ន្ធ​អា​កូ​ឡូ​ស៊ី​នៅ​តំបន់​នោះ ជាពិសេស​ស្វែងយល់​ពី​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​ពង្រឹងសមត្ថភាព​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​។​


 
​ប្រធាន​គម្រោង​ព្រៃ​ឡង់​បៃតង បាន​និយាយថា​៖«​ក្នុង​ជំហាន​ដំបូង​លោក​និង​ក្រុមការងារ​នឹង​ចុះទៅ​សិក្សា និង​វាយតម្លៃ​ជារួម​ពី​ស្ថានភាព​នៃ​តំបន់​ព្រៃ​ឡង ហើយ​អំឡុង​ខែមេសា​ក្រុមការងារ​នឹង​ចុះមក​សិក្សា និង​វាយ តម្លៃ​លើ​ទិន្នន័យបឋម​នោះ​ឲ្យ​បាន​ស៊ីជម្រៅ ច្បាស់លាស់ និង​ទូលំទូលាយ​ជា​ចុងក្រោយ​»​។ 
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន វាយតម្លៃថា គម្រោង​នេះ នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែលមាន​សក្តានុពល​ផ្នែក​ធនធានធម្មជាតិ​ដូចជា​ព្រៃឈើ សត្វព្រៃ ប្រព័ន្ធ​ជីវចម្រុះ ជលសា​ស្ត្រ និង​អេកូឡូស៊ី ។ ជាពិសេស​លើកកម្ពស់​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី និង​ជំនឿ​សាសនា​ជនជាតិដើម​ភាគតិច ដែល​កំពុង​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ ដែលជា​មរតក​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។ 
 
​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា​៖«​គម្រោង​នេះ​ពិតជា​សមស្រប​តាម​ឆន្ទៈ​របស់​ក្រសួង ក្នុង​គោលបំណង​រួមចំណែក​ថែរក្សា​ធនធានធម្មជាតិ (​ព្រៃ និង​សត្វព្រៃ​) ឲ្យ​បាន​គង់វង្ស​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​។​ម្យ៉ាងវិញទៀត គម្រោង​នឹង​អាចជួយ​លើកតម្កើង​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍ ដែល​កំពុង​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ តាមរយៈ​ធ្វើការ​ចងក្រង​ជា​សហគមន៍ បង្កើត​មុខ​របប​កសិកម្ម រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល និង​បណ្តុះបណ្តាល​បច្ចេកទេស​ស​ម​ស្របតាម​លក្ខខណ្ឌ​ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី និង​ជំនឿ​សាសនា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​»​។​


 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ​ក៏បាន​ស្នើ​ឲ្យ​ដៃគូ យកចិត្តទុកដាក់ បញ្ចូល​នូវ​បច្ចេកវិទ្យា​កសិកម្ម​សម​ស្រប​ទៅក្នុង​ការដាំ​ដំណាំ ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការកែច្នៃ ក​សិ​-​ធុរកិច្ច និង​ក​សិ​-​ទេសចរណ៍​ជាដើម ដោយ​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​សហគមន៍​ទទួលបាន​ការលើកកម្ពស់​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ​២០៣០​។​
 
​គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២១​លាន​ដុល្លារ ដែលមាន​រយ​:​ពេល ៥​ឆ្នាំ ដែល​អនុវត្ត​ដោយ Tetra Tech, អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ និង​អង្គការ​អភិរក្ស​អន្តរជាតិ រួមជាមួយ​ការចូលរួម​សហការ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​។ គម្រោង​នេះ មាន​ឈ្មោះថា «​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ ជលសា​ស្ត្រ ប្រព័ន្ធ​អេកូឡូស៊ី ខ្សែ​ច្រវាក់​ផលិតកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​សមត្ថភាព​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ប​ន្ស៉ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ ព្រៃ​នៅ​ព្រៃ​ឡង់​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com