កីឡាជាតិ
ជាតិ
រដ្ឋាភិបាលផ្តល់ថវិកាជាង ៤៧៥លានរៀល ដល់ម្ចាស់មេដាយកីឡាវ៉ូវីណាម និងគុនដាវ លោក ស សុខា (អាវខ្មៅ)ប្រគល់ថវិកាដល់កីឡាការិនីវ៉ូវីណាម
× ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានប្រគល់ថវិកាលើកទឹកចិត្តដល់កីឡាករកីឡាការិនីវ៉ូវីណាម និងគុនដាវ ម្ចាស់ជ័យលាភីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ពីរផ្សេងគ្នាកាលពីឆ្នាំ២០១៨។
ទឹកប្រាក់ដែលរដ្ឋាភិបាលផ្ដល់ជូនម្ចាស់ជ័យលាភីនោះ មានថវិកា៤៧៥,៣០០,០០០រៀល ។ ក្នុងនោះថវិកាចំនួន ៤៤៧,៣០០,០០០រៀល ត្រូវបានចំណាយលើកីឡាករ-កីឡាការិនីវ៉ូវីណាម ដែលដណ្តើមបានមេដាយមាស៦ ប្រាក់៦ និងសំរឹទ្ធ១៤លើវិញ្ញាឯកត្តជន និងក្រុមពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៥នៅមីយ៉ាន់ម៉ា។ សម្រាប់ការប្រកួតដែលធ្វើឡើងចន្លោះពីថ្ងៃទី៧-១២ ខែសីហា ឆ្នាំ២០១៨ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជូនកីឡាករកីឡាការិនីចំនួន២៤នាក់ឲ្យចូលរួម។
ក្នុងចំណោមម្ចាស់ជ័យលាភីលើប្រភេទកីឡាវ៉ូវីណាមខាងលើ មានកីឡាករកីឡាការិនីខ្លះទទួលបានថវិកាលើកទឹកចិត្តជាង១ម៉ឺនដុល្លារ និងជិតមួយម៉ឺនដុល្លារ។ បើតាមប្រកាសអន្តរក្រសួង ដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ មេដាយមាសការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ទទួលបាន៩លានរៀល មេដាយប្រាក់៨លានរៀល និងសំរឹទ្ធ ៧លានរៀល។
ចំណែកថវិកាចំនួន២៨លានរៀលទៀត រដ្ឋាភិបាលចំណាយលើម្ចាស់ជ័យលាភីកីឡាគុនដាវ នាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៨នៅប្រទេសម៉ាឡេស៊ី ដែលដណ្តើមបានមេដាយសំរឹទ្ធ១លើវិញ្ញាសាជាក្រុម។ សម្រាប់ការប្រកួតដែលធ្វើឡើងចន្លោះពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ សហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជូនកីឡាករចំនួន៤រូបឲ្យចូលរួម។
ថវិកាលើកទឹកចិត្តទាំងនេះត្រូវបានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាប្រគល់ជូនម្ចាស់ជ័យលាភី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ រួចរាល់ហើយនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។ ក្នុងឱកាសប្រគល់ថវិកាលើកទឺកចិត្តនោះ លោក ស សុខា សន្យាថា លោកនឹងជួយពន្លឿននីតិវិធី ក្នុងការរៀបចំថវិកាលើកទឹកចិត្តដល់កីឡាករកីឡាការិនីឲ្យបានឆាប់រហ័សជាងមុខ ខណៈដំណើរការរៀបចំថវិកាលើកទឹកចិត្តបច្ចុប្បន្ន ហាក់មានភាពយឺតយ៉ាវនៅឡើយ។
ទន្ទឹមនឹងនេះ លោកដាស់តឿនកីឡាករឲ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាព ដើម្បីត្រៀមប្រជែងដណ្តើមជើងឯក ក្នុងការប្រកួតអន្តរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ «និយាយជាទូទៅខ្មែរយើងឲ្យតែមានជំងឺតារាចូលខ្លួនលែងសូវប្រុងប្រយ័ត្ន ក៏ដូចជាយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់របស់ខ្លួន។ ការជិះសេះលែងដៃនេះហើយធ្វើឲ្យយើងបរាជ័យនាពេលខាងមុខ។ ជាបទពិសោធខ្ញុំគិតថា ទាំងយើងទាំងគេ ពិសេសប្រទេសជិតខាងយើងគេបានដាក់គោលដៅដោយយកយើងជាសត្រូវ គេមិនអាចដាក់ខ្យល់ជាសត្រូវវៃជាមួយនោះទេ គេចង់វាយជាមួយម្ចាស់មេដាយមាស»។ នេះជាការលើកឡើងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ៕
Tag:
វ៉ូវីណាម
គុនដាវ
ស សុខា
ក្រសួងអប់រំ យុវជន និងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com