ជាតិ
ស្ថាប័នផ្នែកកុមារ ឲ្យឪពុកម្តាយ ថែកូនតូចៗឲ្យល្អ ក្នុងរដូវក្តៅ ព្រោះអាចប៉ះពាល់ជីវិត
× ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយបានបញ្ជាក់ថា ស្ថានភាពហួតហែងនៅក្នុងខែមេសា និងឧសភាខាងមុខនេះ អាចបង្កឲ្យមានផងប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិតកុមារ ដោយសារជំងឺបេះដូង សួត រលាកស្បែក ឈឺក្បាល វិលមុខ ដង្ហើមញាប់ សន្លប់ ប៉ះពាល់ដល់សរសៃឈាមខួរក្បាលឬបាត់បង់ជីវិត និងជំងឺឆ្លងផ្សេងៗទៀត។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ឲ្យយកចិត្តទុកដាក់ ការពារ និងបង្ការកុំឲ្យកុមារទទួលរងគ្រោះក្នុងករណីនេះ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏បានណែនាំថា មិនគួរឲ្យកុមារញ៉ាំវត្ថុរាវ ដែលមានជាតិផ្អែមច្រើនពេក សារធាតុនេះអាចបង្កឲ្យកុមារកាន់តែបាត់បង់ជាតិទឹកច្រើន និងកុំពិសាភេសជ្ជៈត្រជាក់ខ្លាំង ជៀសវាងជំងឺរមួលក្រពើ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បញ្ជាក់យ៉ាងដូច្នេះថា៖«សូមប្រជាពលរដ្ឋ អនុវត្តវិធីការពារ ជាពិសេសត្រូវពិសាទឹកដែលមានជាតិរ៉ែឲ្យបានញឹកញាប់ និងប្រើប្រាស់ទឹកស្អាត ឬទឹកឆ្អិន និងអនុវត្តនូវអនាម័យចំណីអាហារមានសុវត្ថិភាព ហើយត្រូវស្ថិតនៅក្រោមម្លប់ ឬទីកន្លែងត្រជាក់»។
កម្ពុជា នឹងទទួលរងដោយប្រយោល ពីបាតុភូតធម្មជាតិអែលនីណូ (EI Nino) ដែលបង្កឲ្យមានភាពហួតហែង ហើយសីតុណ្ហភាពអាចឡើងដល់៤០ ទៅ៤២អង្សា នៅក្នុងខែមេសា និងខែឧសភា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៕
© រក្សាសិទ្ធិដោយ thmeythmey.com