កីឡាជាតិ
ជាតិ
ទោះបរាជ័យក្នុងជំនួបបើកឆាក លោក Felix នៅតែរំពឹងធ្វើបានល្អនៅជំនួបបន្ទាប់ លោក Felix Dalmas (ខាងឆ្វេង) និង លោក Keisuke Honda ពេលដឹកនាំ U23 កម្ពុជា ប៉ះជាមួយ អូស្ត្រាលី
× ទោះបីក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា រងបរាជ័យក្រោមថ្វីជើងអូស្ត្រាលី នាជំនួបបើកឆាកពូល H នៃវគ្គជម្រុះ AFC U23 Championship 2020 តែគ្រូបង្វឹក នៅតែជឿជាក់ថា U23 កម្ពុជានឹងធ្វើបានល្អនៅជំនួបបន្ទាប់។ ក្រុមកីឡាករកម្ពុជាបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងតង់ទី២ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីគ្រូបង្វឹកអូស្ត្រាលី និងអ្នកគាំទ្រ។
ទោះបីក្រុម U23 កម្ពុជារងបរាជ័យ ៦-០ ក្រោមថ្វីជើងអូស្ត្រាលីនាជំនួបបើកឆាកក៏ដោយ លោក Felix Dalmas គ្រូបង្វឹក U23 កម្ពុជាវាយតម្លៃថា កូនក្រុមលោកធ្វើបានល្អក្នុងជំនួបនេះ ពិសេសក្នុងតង់ទី២។ កត្តានេះ បានធ្វើឲ្យគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ នៅតែជឿជាក់ថា ក្រុមកីឡាករ U23 កម្ពុជានឹងធ្វើបានល្អនៅជំនួបបន្ទាប់ជាមួយកូរ៉េខាងត្បូង និងឆាយនីសតៃប៉ិ។
កីឡាករ ឈង់ ប៊ុនណាត តែតបាល់ក្នុងជំនួបជាមួយអូស្ត្រាលីនៅពហុកីឡដ្ឋានជាតិ, រូបភាពទាំងអស់ពី FFC
ជាមួយការបង្ហាញអារម្មណ៍សោកស្តាយចំពោះលទ្ធផលមិនល្អក្នុងជំនួបបើកឆាក លោក Felix Dalmas បាននិយាយថា៖«យើងបានដឹងហើយថា អូស្ត្រាលីជាក្រុមមួយដែលខ្លាំងនៅតំបន់អាស៊ី ហើយយើងក៏បានត្រៀមសម្រាប់ការប្រកួតនេះមួយរយៈកន្លងមកដែរ។ យើងនៅតែមានភាពជឿជាក់លើកីឡាកររបស់យើង នៅតង់ទី២ពួកគេបានបង្ហាញនូវអ្វី ដែលធ្វើឲ្យយើងនៅតែមានក្តីសង្ឃឹមនៅប្រកួតក្រោយទៀត»។
គ្រូបង្វឹកក្រុម U23 អូស្ត្រាលីលោក Graham Arnold បានចាត់ទុកជ័យជម្នះលើក្រុមកម្ពុជា វាជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់អូស្ត្រាលីក្នុងការឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍នេះ។ លោកបន្ថែមថា កត្តាដែលនាំឲ្យអូស្ត្រាលីទទួលបានជោគជ័យយ៉ាងធំធេងបែបនេះ ដោយសារលោកបានសិក្សាពីទម្រង់លេងរបស់កម្ពុជាតាមរយៈការមើលវីដេអូប្រកួតក្នុងព្រឹត្តិការណ៍ AFF U22។ មុនមកកាន់ទឹកដីកម្ពុជា ក្រុមរហ័ស្សនាមកង់ហ្គូរូមួយនេះ បានបោះជុំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ីចំនួន១សប្តាហ៍ ដើម្បីបន្ស៊ាំនឹងអាកាសធាតុ។
ទោះបីយ៉ាងណាក្តី គ្រូបង្វឹករូបនេះសង្កេតឃើញថា ក្រុមកីឡាករអាយុក្រោម២៣ឆ្នាំកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការប្រកួត និងបានបង្ហាញទម្រង់លេងយ៉ាងល្អទៀតផង។ «កម្ពុជាមានឆន្ទៈចង់ឈ្នះ ហើយក្នុងតង់ទី២ពួកគេធ្វើបានល្អ សង្ឃឹមថា ពួកគេនឹងធ្វើបានល្អពេលជួបជាមួយកូរ៉េខាងត្បូង»។ នេះជាការលើកឡើងរបស់លោក Graham Arnold។
នាជំនួបបើកពូល H នៃវគ្គជម្រុះ AFC U23 Championship 2020 កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិក្រុម U23 កូរ៉េខាងត្បូងបានលត់ក្រុមឆាយនីសតៃប៉ិក្នុងលទ្ធផល ៨-០ មុនក្រុមកង់ហ្គូរូអូស្ត្រាលីយកឈ្នះគោព្រៃកម្ពុជាក្នុងលទ្ធផល ៦-០។ សម្រាប់ជំនួបបន្ទាប់នៅថ្ងៃទី២៤ មីនា U23 កម្ពុជាប៉ះកូរ៉េខាងត្បូងនៅម៉ោង៨យប់ ក្រោយអូស្ត្រាលីជួបឆាយនីសតៃប៉ិ នៅម៉ោង៥រសៀល៕
Tag:
Felix Dalmas
AFC U23 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com