ពីនេះ ពីនោះ
ពាក្យ «ឃ្លោង» «ខ្លោង» និង«ក្លោង» តើមានន័យខុសគ្នាដូចម្តេច?
× មនុស្សទូទៅខ្លះ មិនទាន់បានប្រើប្រាស់ ឱ្យចំនូវអត្ថន័យពាក្យទាំងនេះ ថាពាក្យណាប្រើក្នុងន័យណាឡើយ។ តាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថាពាក្យ «ឃ្លោង» និង«ខ្លោង» មានន័យផ្សេងគ្នា។ ដោយឡែកពាក្យ «ក្លោង»មិនមានអត្ថន័យនៅក្នុងវចនានុក្រមខ្មែរឡើយ។
ពាក្យថា «ឃ្លោង» ជាកិរិយាសព្ទ សំដៅដោយ ផ្អៀងចុះ ផ្អៀងឡើង។ ឧទាហរណ៍៖ ទូកឃ្លោង។
ចំណែក«ខ្លោង» មានន័យថា របស់ដែលជាចម្បងលើគេ ដូចជា ប្រធាន, មេ, គោលចារឹក, មនុស្ស ឬសត្វដែលមានអនុភាពជាធំជាងគេ ដែលហៅថា មេខ្លោង។ ឧទាហរណ៍៖ មេចោរ ជាមេខ្លោងផ្តើមគំនិត ដើរលួចប្លន់ទ្រពសម្បត្តិរបស់សាធារណជន។ ន័យម្យ៉ាងទៀតថា ជាបង្គោលមួយគូមានធ្នឹម ធ្វើដោយឥដ្ឋ ឬឈើភ្ជាប់នឹងកំពែង ឬរបងមានចន្លោះជាផ្លូវសម្រាប់ដើរចេញចូលបាន។ ដូចជា ខ្លោងទ្វារវត្ត, ខ្លោងទ្វារផ្ទះ។ល។
ចំពោះពាក្យថា «ក្លោង»ពុំបានបញ្ជាក់នូវខ្លឹមសារឡើយ នៅក្នុងវចនានុក្រមខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com