ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
ប៉េងប៉ោះកន្លះហិកតា ផ្តល់ចំណូលពី៨លាន ទៅ១០លានរៀលក្នុងមួយឆ្នាំដល់កសិករ សុខ នី
× កំពង់ចាម៖ ចម្ការប៉េងប៉ោះប្រមាណជាងកន្លះហិកតា របស់អ្នកស្រី សុខ នី និងស្វាមីគឺ លោក សា វឿន បានផ្តល់ផលរហូតទៅដល់ទៅជាង៩តោនក្នុងមួយឆ្នាំ។ ផលពីផ្លែប៉េងប៉ោះ ផ្តល់ចំណូលពី៨លាន ទៅ១០លានរៀលដល់ប្តីប្រពន្ធមួយគូនេះ និងអាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនប្រុសទាំងពីររបស់គាត់បានយ៉ាងល្អ។
អ្នកស្រី សុខ នី និងស្វាមី ជាកសិករដាំប៉េងប៉ោះនៅក្នុងភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រយៈពេល៣០ឆ្នាំហើយ ដែលអ្នកស្រី និងស្វាមីដាំដុះប៉េងប៉ោះ នៅលើផ្ទៃដីជាងកន្លះហិកតា។ កសិករទាំងពីរបានថ្លែងប្រាប់ ThmeyThmey25 ថាអ្នកស្រី និងស្វាមី ក្នុងមួយឆ្នាំខ្លួនអាចប្រមូលផលប៉េងប៉ោះបានប្រមាណ៩តោន បើធាតុអាកាសល្អ ដែលអាចផ្តល់ប្រាក់ចំណូល ពី ៨លាន ទៅ១០លានក្នុងមួយឆ្នាំ។
ចំណូលពីការដាំប៉េងប៉ោះ បានធ្វើឲ្យកសិកររូបនេះអាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនប្រុសទាំងពីរនាក់ដែលកំពុងរៀននៅថ្នាក់អនុវិទ្យាល័យបានយ៉ាងស្រួល។ ដ្បិតតែឆ្នាំខ្លះ ប៉េងប៉ោះរបស់ពួកគាត់ មានតម្លៃទាបជាងប៉េងប៉ោះដែលនាំចូលពីប្រទេសជិតខាងក៏ដោយ អ្នកស្រី សុខ នី ថាគាត់មិនបោះបង់មុខរបរ ដែលអាចទ្រទ្រង់ជីវភាពគ្រួសារតែមួយគត់នេះនោះទេ។
សម្រាប់កសិកររូបនេះ ផ្ទៃដីកន្លះហិកតា ជាទំហំធំគួរសមដែលអាចឲ្យគាត់បែងចែកដីជា៣ចំណែក សម្រាប់ដាំប៉េងប៉ោះ។ ការបែងចែកដូច្នេះ ផ្តល់ភាពងាយស្រួលក្នុងការថែទាំ ហើយពួកគាត់ក៏ងាយស្រួលប្រមូលផលដែរ។ នេះជាការបញ្ជាក់របស់អ្នកស្រី សុខ នី ដោយគាត់បានបន្តទៀតថា ក្នុងរដូវប្រមូលផល អ្នកស្រី និងស្វាមី អាចបេះប៉េងប៉ោះបានពី ១៥០ ទៅ២០០គីឡូក្រាម ក្នុងមួយថ្ងៃ។ ហើយក្នុងមួយគីឡូក្រាម គាត់អាចលក់បានតម្លៃចន្លោះពី១៥០០រៀល ទៅ២០០០រៀល។
លោក សាវឿន នៅជាមួយនឹងភរិយាដែរនោះ ក៏បានរៀបរាប់ប្រាប់ThmeyThmey25ដែរថា គេអាចដាំប៉េងប៉ោះបាន នៅចន្លោះខែកញ្ញា ដល់ខែមេសា។ សម្រាប់កសិករ សាវឿន ប៉េងប៉ោះ ជាដំណាំដែល មិនត្រូវការទឹកច្រើន ងាយដាំ និងថែទាំ ព្រមទាំង អាចប្រមូលផលបាន បន្ទាប់ពីដាំដុះបានបីខែ។ លោក សាវឿន ពន្យល់ប្រាប់ThmeyThmey25 ដូច្នេះ៖«ប៉េងប៉ោះខ្មែរមានរដូវកាលសម្រាប់ដាំ យើងមិនអាចចេះតែដាំតាមចិត្តចង់បានទេ។ បើដាំខុសរដូវ មិនត្រឹមតែពិបាកក្នុងការថែទាំទេ ថែមទាំងមិនអាចផ្តល់ផលបានផងដែរ ព្រោះបើខុសរដូវ វាមិនបញ្ចេញផ្លែឡើយ»។
Tag:
ប៉េងប៉ោះ
កសិកម្ម
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com