កីឡាជាតិ
ជាតិ
ក្រោយលាលែងពីតំណែងអគ្គលេខាធិការ តឹក ប៊ុនវី ចោទប្រធានសហព័ន្ធគិតតែពីផលប្រយោជន៍
× លោក តឹក ប៊ុនវី អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ និងជាកីឡាករជម្រើសជាតិ បានប្រកាសលាលែងពីតំណែង និងទម្លាយរឿងផ្ទៃក្នុងសហព័ន្ធ។ លោកបានចោទប្រកាន់លោក រស្មី សុខមង្គល ប្រធានសហព័ន្ធជាមនុស្ស ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់កីឡាករធ្វើជាមុខជំនួញ ដើម្បីផលចំណេញ។
ក្រោយទម្លាយរឿងផ្ទៃក្នុងសហព័ន្ធ លោក តឹក ប៊ុនវី បានប្រកាសលាលែងពីតំណែងអគ្គលេខាធិការខេមរៈសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ ក្រោមហេតុផលមិនអាចបន្តធ្វើការងារជាមួយប្រធានសហព័ន្ធ ដែលគិតតែពីផលប្រយោជន៍។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់កីឡាករូបនេះ ដែលមានឈ្មោះថា Steven Amy នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ។
ទំព័រហ្វេសប៊ុកនេះបានរៀបរាប់ដូច្នេះថា៖«ខ្ញុំបាទ តឹក ប៊ុនវី ជាអគ្គលេខាធិការខេមរៈសហពន្ទ័កាយវប្បកម្ម និងលំហាត់ប្រាណ និងជាកីឡាករជម្រើសជាតិម្នាក់ សុំប្រកាសលាលែងពីសហពន្ធ័ ចាប់ពីពេលនេះតទៅ មូលហេតុមកពីប្រធានសហពន្ធ័គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន គិតតែពីផលចំណេញផ្ទាល់ខ្លួនរបស់គាត់»។
លោក បានចោទប្រកាន់លោក រស្មី សុខមង្គល ដែលជាប្រធានសហព័ន្ធថា ជាបុគ្គលគិតតែពីផលចំណេញផ្ទាល់ខ្លួន និងយកកីឡាករធ្វើជាមុខជំនួញ។ លោកបានបន្ថែមថា លោក រស្មី សុខមង្គល មិនដែលយកថវិកា ដែលកៀរគរបានពីក្រៅស្រុក និងក្នុងស្រុកមកដាក់ក្នុងសហព័ន្ធ ដើម្បីអភិវឌ្ឍន៍កីឡាកាយវប្បកម្មនេះឡើយ។
អគ្គលេខាធិការរូបនេះបានលើកពីមិទ្ធផល និងស្នាដៃកាលពីពេលកន្លងមកថា លោកជាកីឡាករដំបូងគេដែលឈ្នះមេដាយមាសអាស៊ីអាគ្នេយ៍ និងមេដាយសំរឹទ្ធពិភពលោកនៅឆ្នាំ២០១៦។ ដោយកាលណោះ លោកបានបរិច្ចាគថវិកា២០ភាគរយពីថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលដល់សហព័ន្ធ ដើម្បីទុកឲ្យកីឡាករដូចគ្នាប្រើប្រាស់ពេលចេញទៅប្រកួតក្រៅប្រទេសម្តងៗ៕
Tag:
កាយវប្បកម្ម
តឹក ប៊ុនវី
© រក្សាសិទ្ធិដោយ thmeythmey.com