ជាតិ
ក្រសួងបរិស្ថាន ប្រាប់ឲ្យពលរដ្ឋបញ្ឈប់ការទិញ-លក់ ដីធ្លីក្នុងតំបន់ឧទ្យានជាតិរាម
×
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានទទូចដល់ប្រជាជពលរដ្ឋ ដែល កំពុងកាន់កាប់ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុ បញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ ដើម្បីរួចផុតពីការប្រឈមមុននឹងច្បាប់។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានជនខិលខូចមួយបានប្រកាសលក់ដីពុះឡូតិ៍ថ្មីៗយ៉ាងអនាធិបតេយ្យដែលមានទីតាំងក្នុងតំបន់ឧទ្យានជាតិរៀម ដែលស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។
តាមរយៈទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ដូច្នេះ ៖«គ្មានជនណាម្នាក់មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឱ្យបុគ្គលណាបានឡើយ។ ប្រសិនបើបងប្អូនបន្តសកម្មភាពទិញដូរដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្រោមការបោកប្រាស់របស់ជនខិលខូចនោះអាចធ្វើឱ្យបងប្អូន បង់ប្រាក់ឥតប្រយោជន៍ បើអាជ្ញាធរស្រាវជ្រាវឃើញថា ដីដែលទិញដូរនោះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ»។
សូមជម្រាបថា តំបន់រាមមានផ្ទៃដីទំហំ ១៥០០០ហិកតាត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម)ដោយព្រះរាជក្រឹត្យនៅឆ្នាំ ១៩៩៣៕
រូបភាពពីក្រសួងបរិស្ថាន
Tag:
ក្រសួងបរិស្ថាន
ឧទ្យានជាតិព្រះសីហនុ
ព្រះសីហនុ
ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com