កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា ស្វាគមន៍កូរ៉េខាងត្បូង ក្រោយអូស្ត្រាលី ប៉ះឆាយនីសតៃប៉ិ លោក Keisuke Honda ពេលដឹកនាំ U23 កម្ពុជាក្នុងជំនួបជាមួយអូស្ត្រាលី, រូបភាពពីហ្វេសប៊ុក FFC
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ត្រូវស្វាគមន៍ជើងខ្លាំងកូរ៉េខាងត្បូង សម្រាប់ជំនួបលើកទី២វគ្គជម្រុះពូល H នៃព្រឹត្តិការណ៍ AFC U23 Championship 2020 នៅពហុកីឡដ្ឋានជាតិម៉ោង៨យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ។ រីឯក្រុមឆាយនីសតៃប៉ិ ដែលបរាជ័យដូចកម្ពុជាក្នុងជំនួបបើកឆាក តទល់ជាមួយក្រុមអូស្ត្រាលី នៅម៉ោង៥រសៀល។
នេះជាជំនួបដ៏សំខាន់សម្រាប់ក្រុមកីឡាករជម្រើសជាតិអាយក្រោម២៣កម្ពុជា ដើម្បីកំណត់ជោគវាសនា ថាតើអាចមានលទ្ធភាពឡើងទៅវគ្គបន្ត ឬធ្លាក់ចេញព្រឹត្តិការណ៍ AFC U23 Championship 2020។ ប្រសិនបើកម្ពុជាចាញ់កូរ៉េខាងត្បូងនៅយប់នេះ នោះឱកាសឡើងទៅវគ្គបន្តនឹងអាចបាត់បង់ តែបើឈ្នះ កម្ពុជានៅតែមានសង្ឃឹមក្នុងការឈានទៅវគ្គបន្ត។
តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលសម្រាប់ក្រុមគោព្រៃកម្ពុជាក្នុងការយកឈ្នះនោះទេ ព្រោះកូរ៉េខាងត្បូង ក៏ជាក្រុមជើងខ្លាំងនៅតំបន់អាស៊ីមួយផងដែរ។ ជាក់ស្តែងក្នុងបើកឆាកពូល H កាលពីថ្ងៃទី២២ មីនា កូរ៉េខាងត្បូងបានលត់ឆាយនីសតៃប៉ិក្នុងលទ្ធផល ៨-០ ខណៈដែលកម្ពុជាបានចាញ់អូស្ត្រាលី ៦-០។
ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបង្ហាញក្តីរំពឹងថា ក្រុមកីឡាករ U23 កម្ពុជានឹងធ្វើបានល្អក្នុងជំនួបជាមួយកូរ៉េខាងត្បូងនៅម៉ោង៨យប់នេះ។ «យើងនៅតែមានភាពជឿជាក់លើកីឡាកររបស់យើង ពួកគេបានបង្ហាញនូវអ្វី ដែលធ្វើឲ្យយើងនៅតែមានក្តីសង្ឃឹមនៅប្រកួតក្រោយ»។ នេះជាការលើកឡើងរបស់លោក Felix Dalmas ក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបជាមួយអូស្ត្រាលី។
មុនជំនួបរវាងក្រុមទាំងពីរខាងលើ ក្នុងពូល H នេះដែរ ក៏មានការប្រកួតមួយគូទៀតផងដែរ គឺរវាងក្រុមឆាយនីសតៃប៉ិជាមួយក្រុមអូស្ត្រាលី ដែលធ្វើឡើងនៅម៉ោង៥រសៀលនាពហុកីឡដ្ឋានជាតិ។ សម្រាប់ជំនួបបើកឆាក ឆាយនីសតៃប៉ិបានចាញ់កូរ៉េខាងត្បូងក្នុងលទ្ធផល ៨-០ ខណៈអូស្ត្រាលីយកឈ្នះកម្ពុជា ៦-០៕
Tag:
បាល់ទាត់
AFC U23 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com