ជាតិ
សុខភាព
ក្រសួងសុខាភិបាល៖ជំងឺពងបែកដៃជើង និងមាត់ចំពោះកុមារ កើនឡើងនៅរដូវក្ដៅនេះ
× ក្រសួងសុខាភិបាល បានរកឃើញការកើនឡើងនៃករណីជំងឺពងបែកដៃជើង និងមាត់ នៅក្នុងអំឡុងពេលនៃការកើនឡើងកម្តៅនេះ លើកុមារអាយុក្រោម៥ឆ្នាំ និងករណីខ្លះមានសភាពធ្ងន់ធ្ងរ ដែលតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យកុមារ ដើម្បីសង្គ្រោះបន្ទាន់។
បើតាមក្រសួងសុខាភិបាល ជំងឺពងបែកដៃ ជើង និងមាត់ ជាជំងឺឆ្លងមួយប្រភេទដែលកើតឡើងញឹកញាប់ចំពោះទារក និងកុមារ។ វាបង្កឲ្យមានរោគសញ្ញាគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និងមានពងកន្ទួលលើបាតជើង និងកំប៉េះគូទ។ វាកើតមាននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។ ជំងឺពងបែក ដៃ ជើ និងមាត់ ភាគច្រើនជាជំងឺស្រាល ហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ដោយពុំចាំបាច់មានការព្យាបាល ហើយកម្រមានផលវិបាកណាស់។ អ្នកជំងឺត្រូវបរិភោគទឹកឲ្យបានច្រើន ហើយអ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកម្តៅ និងថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពបែកក្នុងមាត។ មិនត្រូវប្រើថ្នាំអាស្ពីរីន ដើម្បីបញ្ចុះកម្តៅឡើយ។
ដោយឡែកជំងឺពងបែកនេះ ក៏អាចបង្កឲ្យមានសភាពធ្ងន់ធ្ងរមួយចំនួនដែរ មានរោគសញ្ញា សន្លឹម ប្រកាច់ ឬកន្ត្រាក់ដៃជើង ពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ និងផ្លូវដង្ហើម រោគសញ្ញាហត់។ ការប៉ះពាល់ផ្ទាល់ជាមួយនឹងវត្ថុរាវ នៃផ្លូវដង្ហើម ទឹកមាត់ កំហារ និងទឹករងៃចេញពីពងបែកអ្នកជំងឺ អាចឆ្លងពីម្នាក់ទៅម្នាក់បាន។
ក្រសួងសុខាភិបាលបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ ការពារកុមារ និងអនុវត្តអនាម័យឲ្យបានល្អ ជាពិសេសពេលមុនពេលបរិភោគ ឬផ្ដល់ចំណីអាហារដល់កុមារ និងត្រូវ ប្រញាប់យកកុមារទៅមន្ទីរពេទ្យប្រសិនបើកុមារមានរោគសញ្ញដូចខាងលើ។
ដើម្បីការពារការឆ្លងជំងឺនេះ ក្រសួងបានណែនាំឲ្យរក្សាអនាម័យល្អ និងយកកូនទៅពេទ្យទាន់ពេល ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ។ អាណាព្យាបាល ត្រូវលាងដៃកុមារឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬជាមួយទឹកអាល់កុល ជាពិសេសក្រោយប៉ះពងបែក ឬដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬកុមារ ក្រោយប្រើប្រាស់បង្កន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ។ នេះបើតាមក្រសួងសុខាភិបាល ដែលប្រាប់បន្តប្រាប់អាណាព្យាបាលឲ្យផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកស្អាតដល់កុមារ។
លាងសម្អាតដៃ និងរបស់ដែលប្រលាក់ដោយទឹក និងសាប៊ូ និងត្រូវចៀសវាងការប៉ះពាល់សិទ្ធស្នាលជាមួយកុមារដែលមានជំងឺពងបែកដៃ ជើង និងមាត់ ដូចជាឱប ថើប ឬប្រើប្រាស់សម្ភារសម្រាប់ហូបចុករួមគ្នាជាដើម។ នេះបើតាមក្រសួងសុខាភិបាល ដែលបញ្ជាក់ថា ធ្វើដូច្នេះ ក៏អាចកាត់បន្ថយការឆ្លងផងដែរ៕
Tag:
សុខាភិបាល
ជំងឺពងបែក
កុមារ
រដូវក្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com