កីឡាជាតិ
ជាតិ
កម្ពុជា នឹងសង់ភូមិកីឡា ដើម្បីទទួលប្រតិភូកីឡាមកពីតំបន់អាស៊ាន នៅឆ្នាំ២០២៣ ប្លង់គំរូពហុកីឡដ្ឋានជាតិមរតកតេជោ
× រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តឲ្យថ្នាក់ដឹកនាំកីឡាសាងសង់ភូមិកីឡា នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមទទួលប្រតិភូកីឡាមកពីបណ្តាប្រទេសក្នុងតំបន់ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ គម្រោងនេះ នឹងចាប់ផ្តើមនៅឆ្នាំ២០១៩នេះ ប៉ុន្តែរាជរដ្ឋាភិបាលមិនទាន់បង្ហាញខ្ទង់ចំណាយនៅឡើយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ភូមិកីឡា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ទាំងបញ្ហាសន្តិសុខ និងការចំណាយជាដើម។
កម្ពុជា នឹងមានភូមិកីឡាមួយ នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
តាមលោក វ៉ាត់ ចំរើន គម្រោងសង់ភូមិកីឡានេះ ត្រូវបានរាជរដ្ឋាបាលកម្ពុជាអនុម័តរួចហើយ ដោយការសាងសង់ត្រូវចាប់ផ្តើមក្នុងឆ្នាំ២០១៩នេះ។ តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល មិនទាន់បញ្ជាក់ពីទំហំផ្ទៃដីសម្រាប់សង់ និងខ្ទង់ចំណាយនៅឡើយ។
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ថែមថា ការសាងសង់ភូមិកីឡា គឺដើម្បីជួយរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រតិភូកីឡា ក៏ដូចជាកីឡាករកីឡាការិនី ពិសេសបង្កភាពងាយស្រួលដល់ម្ចាស់ផ្ទះ ក្នុងការគ្រប់គ្រងកីឡាករ និងកាត់បន្ថយការចំណាយជាដើម។ លោក វ៉ាត ចំរើន បញ្ជាក់ដូច្នេះ៖«នៅក្នុងគោលការណ៍របស់អូឡាំពិកអន្តរជាតិ ក៏ដូចជាចលនាអូឡាំពិកអន្តរជាតិ បានដាក់គោលដៅឲ្យប្រទេសជាម្ចាស់ផ្ទះ ត្រូវតែមានភូមិកីឡា គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសសុវត្ថិភាព។ ព្រោះវាមានប្រវត្តិមួយ ពេលប្រកួតកីឡាអូឡាំពិកនៅអាល្លឺម៉ង់ ក្រោយសង្គ្រាមលោកលើកទី២ គឺមានការឈ្លោះ និងបាញ់គ្នា រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយពេលនោះពួកប៉ាឡេស្ទីន បានបាញ់សម្លាប់កីឡាករអ៊ីស្រាអែលទាំងអស់ តែម្តងនៅសណ្ឋាគារ»។
លោក វ៉ាត់ ចំរើន បន្តទៀតថា ភូមិកីឡាគ្រប់គ្រងដោយសន្តិសុខ ដែលចេញចូលត្រូវមានកាត ងាយគ្រប់គ្រង ចូលរួមប្រកួតទាន់ពេលវេលា និងអាចត្រួតពិនិត្យកាល់ឡូរីអាហារហូបចុករបស់កីឡាករទៀតផង។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់គោលដៅឈរលេខរៀងទី៥ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ២០២៣ ដោយត្រូវឈរលើហ្វីលីពីន សិង្ហបុរី ព្រុយណេ ឡាវ និងទីម័រខាងកើត។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះ បានបន្ថែមថា ដើម្បីសម្រេចគោលដៅនេះ លុះត្រាកម្ពុជា អាចដណ្តើមបានមេដាយមាសលើសពី៥០។
មុនធ្វើម្ចាស់ផ្ទះកម្ពុជា ត្រូវឆ្លងការប្រកួតធំៗចំនួន៣ គឺស៊ីហ្គេមនៅហ្វីលីពីន ឆ្នាំ២០១៩, ស៊ីហ្គេមនៅវៀតណាម ឆ្នាំ២០២១ និង Asia Games នៅចិន ឆ្នាំ២០២២។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ទាំងបីនេះ គឺជាការវាយតម្លៃចុងក្រោយពីបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ កីឡាការិនីកម្ពុជា។ ក្រោយ Asian Games នៅចិនឆ្នាំ២០២២ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នឹងវាយតម្លៃពីចំនួនមេដាយ និងចំណាយថ្នាក់នៅឆ្នាំ២០២៣៕
Tag:
SEA Games 2023
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com