ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលក្រុង​សៀមរាប​ថ្មី សន្យា​រៀបចំ​ការប្រមូល​សំរាម​ឱ្យមាន​របៀប​ឡើងវិញ​
25, Mar 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ ជារឿយៗ គេ​តែង​ឮ​ពី​ការ​រអ៊ូរទាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ចំពោះ​ភាពយឺតយ៉ាវ​ក្នុងការ​ប្រមូល​សំរាម ដែល​បង្កឱ្យមាន​ក្លិនស្អុយ​អសោចិ៍ ជះក្លិន​មិនល្អ​ដល់​បរិស្ថាន​ជុំវិញ​។ យ៉ាងណាក៏ដោយ អាជ្ញាធរ​ពន្យល់ថា ភាពយឺតយ៉ាវ​នេះ ដោយសារ​កម្លាំង​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅមានកម្រិត ដោយនៅ​បន្ត​អនុវត្តន៍​តាម​កិច្ចសន្យា​ចាស់​។ ថ្មីៗ​នេះ​អភិបាលក្រុង​សៀមរាប​ថ្មី បានឱ្យដឹងថា រដ្ឋបាល​លោក​ទើបនឹង​អនុវត្តន៍​គោលការណ៍ និង​កិច្ចសន្យា​ថ្មី ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុងនោះ​ក៏មាន​ការបង្កើន​ក្រុមហ៊ុន​ផងដែរ ដោយ​លោក​ជឿជាក់ថា ផែនការ​ថ្មី​នេះ នឹង​អាច​កែលម្អ​ការប្រមូល​សំរាម ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ឱ្យមាន​ប្រសិទ្ធ​ភាពល្អ​ឡើងវិញ​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ដោយសារ​កំណើន​ភ្ញៀវទេសចរ អាហា​រដ្ឋា​ន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម បានធ្វើឱ្យ​ក្រុង​សៀមរាប​មាន​សំរាម​ច្រើន រីឯ​ការប្រមូល​ហាក់​មិនទាន់​ឆ្លើយតប​នៅឡើយ​។ បញ្ហា​នេះ​បានកើត​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បង្កើតជា​ការមិន​ពេញចិត្ត​ពី​ប្រជាពលរដ្ឋ ហើយក៏​បង្កើតជា​រូបភាព​មិនល្អ​ក្នុង​ក្រសែភ្នែក​ភ្ញៀវទេសចរ​ផងដែរ​។ ដើម្បី​កែលម្អ​បញ្ហា​រសើប​នេះ រដ្ឋបាល​ក្រុង​សៀមរាប កំពុង​រៀបចំ​ផែនការ​គ្រប់គ្រង​សំរាម​ជាថ្មី ក្នុង​នោះបាន​បន្ថែម​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​បន្ថែមទៀត ដើម្បីឱ្យ​ការងារ​នេះ​មាន​ប្រសិទ្ធ​ភាពល្អ​។ 
 
​អភិបាលក្រុង​សៀមរាប លោក នួន ពុទ្ធា​រ៉ា បានឱ្យដឹងថា បញ្ហា​បរិស្ថាន​គឺជា​អ្វីដែល​រដ្ឋបាល​របស់លោក​កំពុង​យកចិត្តទុកដាក់​ខ្ពស់ និង​កំពុង​រៀបចំ​ផែនការ​ថ្មី​សម្រាប់​កែលម្អ​ផងដែរ ក្នុងនោះ​បានជ្រើសរើស​ក្រុមហ៊ុន​ប្រមូល​សំរាម​២ ដោយ​មួយ​ប្រមូល​នៅ​ខាងកើត​ស្ទឹង និង​មួយទៀត​នៅ​ខាងលិច​ស្ទឹង​។ បើតាម​ការពន្យល់​រប​ស់លោក​អភិបាលក្រុង ហេតុផល​កន្លងមក​ព្រោះថា មាន​ក្រុមហ៊ុន​តែមួយ និង​អនុវត្តន៍​តាម​កិច្ចសន្យា​ចាស់ កាលពី​ក្រុង​សៀមរាប​នៅ​មិនទាន់​រីកចម្រើន​។ បច្ចុប្បន្ន ក្រុង​សៀមរាប​មានការ​អភិវឌ្ឍ ពិសេស​គឺ​កំណើន​ទេសចរ ផ្ទះសំណាក់ អាហា​រដ្ឋា​ន និង​សណ្ឋាគារ ដែល​ចង់​មិន​ចង់វា​បាន​បង្កើន​សំរាម​ទ្វេដង​។​
 
​ផែនការ​ថ្មី​គ្រប់គ្រង​ការប្រមូល​សំរាម​នេះដែរ បានរៀបចំ​កិច្ចសន្យា​ថ្មី មាន​ទាំង​ការបង្កើន​រថយន្ត ក៏ដូចជា​ពង្រីក​ផ្លូវ​សម្រាប់​ប្រមូល​ផងដែរ​។ សាលាក្រុង​សៀមរាប បានធ្វើ​កិច្ចសន្យា​សាកល្បង​ចំពោះ​ក្រុមហ៊ុន​ទាំង​២ ក្នុងការ​ប្រមូល​សំរាម ប្រសិន​ណា​ការប្រមូល​បានល្អ​ប្រសើរ នោះ​សាលាក្រុង​នឹង​បន្ត​កិច្ចសន្យា​ដល់​ក្រុមហ៊ុន​ទាំងនោះ​។ 
 
​ក្រៅពី​បង្កើន​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​ហើយ​នោះ ក្នុងនោះដែរ​រដ្ឋបាល​ក្រុង​សៀមរាប ក៏មាន​បំណង​ឱ្យ​សង្កាត់​នីមួយៗ​របស់ខ្លួន ម្ចាស់ការ​គ្រប់គ្រង​កាកសំណល់​ទាំងនោះ​ផងដែរ​។ ការ​ជាការ​សាកល្បង​នៅ​ឆ្នាំនេះ ក្រុង​បានធ្វើ​ប្រតិភូកម្ម​ថវិកា​ដល់​សង្កា​ត់​សាលា​កំរើក ដើម្បី​ឱ្យមាន​សមត្ថភាព​ក្នុង​ការរៀបចំ​បរិស្ថាន​ដោយ​ខ្លួនឯង ហើយ​ទៅ​អនាគត​ប្រសិន​ណា​គម្រោង​នេះ​ជោគជ័យ ក្រុង​នឹងដាក់​សំណើរ​អនុវត្តន៍​គម្រោង​នេះ​តែម្ដង​។ នេះ​ជាការ​លើកឡើង​របស់លោក នួន ពុទ្ធា​រ៉ា​។​
 
​ក្រោយពី​បានរៀបចំ​ការកែលម្អ​បរិស្ថាន និង​ផែនការ​ប្រមូល​សំរាម​រួចមក លោក​អភិបាលក្រុង​សៀមរាប​មាន​សុទិដ្ឋិនិយម​ថា បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​នឹង​ល្អប្រសើរ ស័ក្ដិ​សមជា​ក្រុង​ទេសចរណ៍​របស់​កម្ពុជា​។ លោក នួន ពុទ្ធា​រ៉ា ក៏​សុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​ក្នុង​ការងារ​នេះដែរ​។ ទាក់ទង​នឹង​បញ្ហា​សំរាម​នេះ ខេត្តសៀមរាប ក៏​កំពុង​ពិចារណា​អភិវឌ្ឍន៍​ទីលាន​ចាក់សំរាម​បច្ចុប្បន្ន ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ដើម្បីឱ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ ទៅជា​ថាមពល​អគ្គិសនី និង​ជី​ជាដើម​។ ក្រៅពីនេះ រដ្ឋបាល​ក្រុង​ក៏​កំពុង​ពិចារណា ដើម្បី​ឱ្យមាន​ចុះ​អប់រំ​ពលរដ្ឋ ចេះ​ទុកដាក់ និង​ញែក​សំរាម ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ហើយ​អ្នក​ដែល​ធ្វើបាន នឹង​ទទួលបាន​ការលើកទឹកចិត្ត​ដូចជា​ការបញ្ចុះ​តម្លៃ ឬ​មិន​បង់ថ្លៃ​សំរាម​ក្នុង​រយៈពេល​មួយ​ផងដែរ​៕
 

Tag:
 សំរាម​
 ​សៀមរាប​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com