ជាតិ
មនុស្សម្នាក់ស្លាប់ អគារ និងផ្ទះពលរដ្ឋសរុបជាង៥០០ខ្នងខូចខាតដោយសារគ្រោះធម្មជាតិ រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
× ភ្នំពេញ៖ ត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ មានមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសដោយសាររន្ទះបាញ់។ ចំណែកឯខ្យល់កន្ត្រាក់ ក៏បានធ្វើឲ្យអគារ និងផ្ទះជាង៥០០ខ្នងខូចខាតផងដែរ។ នេះជាការបញ្ជាក់របស់ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានថ្មីៗនៅនេះ។ លោកបញ្ជាក់ទៀតថា តាំងតែពីដើមឆ្នាំ មកដល់បច្ចុប្បន្ន គ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានកើតឡើងចំនួន ២៩លើកក្នុងខេត្តចំនួន ១៣។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ក្នុងត្រីមាសទី១នេះ គ្រោះមហន្តរាយបានកើតឡើងចំនួន ២៩លើក ដែលបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៩៥ខ្នងខូចខាតធ្ងន់ធ្ងរ, ផ្ទះចំនួន ៤៤០ខ្នងរបើកដំបូលផ្ទះនិងខូចខាតមធ្យម, របើកដំបូលសាលាចំនួន ៩អាគារ, បាក់ខ្លោងទ្វារសាលាចំនួន ១, ខូចខាតតូបមាត់ឆ្នេរចំនួន ៩៥តូប និងរន្ទះបាញ់ស្លាប់ ១នាក់ រងរបួស២នាក់»។
គ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់នេះ បានកើតឡើងក្នុងខេត្តចំនួន ១៣ រួមមាន៖ ខេត្តពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, រតនគិរី, កែប, ព្រះសីហនុ, កោះកុង, ព្រៃវែង, ស្វាយរៀង និងខេត្តកំពង់ស្ពឺ។ បើតាមលោក កែវ វី គ្រោះធម្មជាតិនៅក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ មានចំនួនច្រើនជាងត្រីមាសទី១ក្នុងឆ្នាំ២០១៨។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ជាពិសេសខ្យល់កន្ត្រាក់ ដែលកើតមានក្នុងភ្លៀងកក់ខែផងដែរ៕
Tag:
អាកាសធាតុ
ខ្យល់កន្ត្រាក់
រន្ទះបាញ់
© រក្សាសិទ្ធិដោយ thmeythmey.com