អន្តរជាតិ
លោក ត្រាំ មិនបាន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ ឡើយ​
25, Mar 2019 , 9:58 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រួចផុត​ភ័យ​ពី​សំណុំរឿង​ដ៏​ធំ​មួយ​ដែល​លងបន្លាច​លោក​តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០១៦ ។ នៅ​ថ្ងៃទី​២៤ ខែមីនា រដ្ឋមន្ត្រី​យុត្តិធម៌ William Barr បាន​ប្រាប់​សភា​អាមេរិក​ថា យុទ្ធនាការ​របស់លោក ត្រាំ មិនបាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​រុស្ស៊ី​ឡើយ​។ ប៉ុន្តែ​ក្រុម​ស៊ើបអង្កេត​ដឹកនាំ​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller រកឃើញ​ភស្តុតាង​ដែល​បង្ហាញ​ពី​ការ​លូកដៃ​របស់លោក ត្រាំ ក្នុង​ដំណើរការ​យុត្តិធម៌​។

 
​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក William Barr បាន​សរសេរ​របាយការណ៍​មួយ​ទៅកាន់​សភា​អាមេរិក ដែល​បាន​សង្ខេប​ពី​លទ្ធផល​ស៊ើបអង្កេត​របស់លោក Robert Mueller រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ​។ របាយការណ៍​ចុងក្រោយ​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​នោះ បង្ហាញថា មិនមាន​សមាជិក​ណា​ម្នាក់​នៃ​ក្រុម​យុទ្ធនាការ​របស់លោក ដូ​ណា​ល់ ត្រាំ ជាប់​ពាក់ព័ន្ធ ឬ​ធ្វើការ​ជាមួយ​រុស្ស៊ី​ដែល​ធ្វើ្វ​ឲ្យ​លោក​ឈ្នះឆ្នោត​នោះឡើយ​។ 
 
​បើតាម​របាយការណ៍​ស​ង្ខេ​ប​ដែល​យោងតាម​លទ្ធផល​ស៊ើបអង្កេត​ចុងក្រោយ លោក Barr អះអាងថា ក្រុម​យុទ្ធនាការ​របស់លោក ត្រាំ មិនបាន​សហការ​ជាមួយ​រុស្ស៊ី​ដើម្បី​លួច​ចូល​កុំព្យូទ័រ​របស់​បក្ស​ប្រជាធិបតេយ្យ និង​ចែករំលែក​ព័ត៌មាន​ក្លែងបន្លំ​ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដែលជា​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​។ លើសពីនោះ ក្រុម​ស៊ើបអង្កេត​ពិសេស​ក៏​មិនបាន​ស្នើ​ឲ្យ​មានការ​ចោទប្រកាន់​អ្វី​ទៀត​ដែរ​។​
 
​យ៉ាងណាមិញ ទោះជា​ទទួលស្គាល់ថា គ្មាន​ការ​លូកលាន់​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ ក្ដី រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​ប្រកាសថា លោក Mueller មាន​ភស្តុតាង​ជាក់លាក់​ដែល​លោក ត្រាំ បាន​បង្អាក់​ដំណើរការ​យុត្តិធម៌ ប៉ុន្តែ​មិន​ច្បាស់​ថា វា​គ្រប់គ្រាន់​ដើម្បី​ឈានទៅដល់​ការស៊ើបអង្កេត​ករណី​ឧក្រិដ្ឋ​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លិខិត​លោក Barr បញ្ជាក់ថា របាយការណ៍​ស៊ើបអង្កេត​មិន​សន្និដ្ឋានថា លោក ត្រាំ មាន​កំហុស​ឡើយ តែ​ក៏​មិនបាន​មានន័យថា លោក​អត់​ទោស​ដែរ​។ 
 
​ឆ្លើយតប​នឹង​របាយការណ៍​ស៊ើបអង្កេត លោក ត្រាំ ដែល​អះអាង​មិន​ដាច់​ពី​មាត់​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន​រហូតមក​នោះ លើកឡើង​តាម Twitter នៅ​ថ្ងៃទី​២៤ ខែមីនា ថា លោក​មិនបាន​បង្អាក់​ដំណើរការ​យុត្តិធម៌​អ្វី​ទេ ហើយ​លោក​ក៏​មិនមាន​ទោសពៃរ៍​អ្វី​ដែរ​។ លោក​បន្តថា វា​ជា​រឿង​គួរ​ឲ្យ​អៀនខ្មាស់​ដែល​អាមេរិក​ត្រូវ​ហែល​ឆ្លង​បែបនេះ ហើយ​ចាត់ទុកជា​ការប៉ុនប៉ង​ផ្ដួលរំលំ​ដែល​បរាជ័យ​។ 
 
​លទ្ធផល​ស៊ើបអង្កេត​នេះ ប្រៀបដូចជា​ការលើក​អ​ម្រែ​ក​ចេញពី​ស្មា​របស់លោក ត្រាំ ដើម្បី​ត្រៀម​ប្រជែង​ការពារ​តំណែង​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ ខាងមុខ​។ នៅពេលនេះ នៅ​ខាង​បក្ស​ប្រជាធិបតេយ្យ​ឯណោះ សមាជិក​បក្ស​នេះ​កាន់តែច្រើន​ប្រកាស​ចូលរួម​ដំណើរការ​ជ្រើសរើស​បេក្ខភាព​ប្រធានាធិបតី​តំណាប​ក្ស ខណៈ​ខាង​សាធារណរដ្ឋ​វិញ នៅ​មិនទាន់មាន​ការរំជើបរំជួល​ខ្លាំង​ឡើយ​។​
 
​អ្វី​គួរ​ឲ្យ​គួរកត់សម្គាល់​នោះ ស្របពេល​ការស៊ើបអង្កេត​របស់លោក Mueller ត្រូវ​ចប់ ក៏​សេត​វិមាន​អាច​ធានា​សុវត្ថិភាព​បានដែរ​។ បច្ចុប្បន្ន ក្រុម​ប្រជាធិបតេយ្យ​ដែល​កាន់​រដ្ឋសភា កំពុង​ស៊ើបអង្កេត​រដ្ឋបាល​លោក ត្រាំ លើ​សំណុំរឿង​ដូចគ្នា ហើយ​មានបំណង​ពង្រីក​វិសាលភាព​ធំ​ជាង​យុត្តាធិការ​របស់​រដ្ឋអាជ្ញា​ពិសេស​ទៅទៀត​។ លើសពីនោះ ក្រុម​ប្រជាធិបតេយ្យ​ក៏​ចង់បាន​របាយការណ៍​ពេញលេញ​ជាជាង​អាន​ត្រឹម​របាយការណ៍​សង្ខេបរ​ប​ស់លោក Barr ៕ 

Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com