អន្តរជាតិ
លោក មហា​ធៀ គំរាម​ទិញ​យន្តហោះ​ពី​ចិន បើ​អឺរ៉ុប​លែង​ឲ្យ​នាំចូល​ដូងប្រេង​
25, Mar 2019 , 2:27 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​ចេញមុខ​ព្រមាន​សហភាព​អឺរ៉ុប​ដោយផ្ទាល់​ជុំវិញ​ការចាត់វិធានការ​រឹត​ត្បិ​តការ​នាំចូល​ដូងប្រេង​ចូល​ទីផ្សារ​អឺរ៉ុប​។ ម៉ាឡេស៊ី​ដែលជា​ប្រទេស​នាំចេញ​ដូងប្រេង​ធំ​ទី​ពីរលើ​ពិភពលោក​បន្ទាប់ពី​ឥណ្ឌូណេស៊ី មិន​ពេញចិត្ត​ឡើយ​ផែនការ​របស់​សហភាព​អឺរ៉ុប​ដែល​ចង់​លែង​នាំចូល​ដូងប្រេង​សម្រាប់​ការផលិត​ជីវថាមពល​ក្រោម​ហេតុផល​បរិស្ថាន​។ លោក មហា​ធៀ គំរាម​ឈប់​ប្រើ​ទំនិញ​អឺរ៉ុប​រាប់ទាំង​យន្តហោះ​ចម្បាំង​ផង បើ​អឺរ៉ុប​បន្ត​ផែនការ​ខ្លួន​។​

 
​បិទ​ការ​នាំចូល​ដូងប្រេង ម៉ាឡេស៊ី​នឹង​លែង​ទិញ​យន្តហោះ​ពី​អឺរ៉ុប​។ នេះ​ជាការ​ព្រមាន​របស់លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទៅនឹង​ផែនការ​របស់​សភា​អឺរ៉ុប​ដែល​ជំរុញ​ឲ្យ​មានការ​ហាមប្រាម​ការនាំ​ចូល​ដូងប្រេង​ក្នុង​វិស័យ​ថាមពល​។ គម្រោង​របស់​អឺរ៉ុប​ដែល​ចាប់ផ្ដើម​ពី​ឆ្នាំ​២០២៣ ធ្វើ​ឲ្យ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ដែល​ការនាំចេញ​ដូងប្រេង​រួមគ្នា​ស្មើនឹង​៨០​ភាគរយ​នៃ​ការនាំចេញ​ទូទាំង​ពិភពលោក ជំទាស់​យ៉ាងខ្លាំង​។​
 
​ទាំង​ម៉ាឡេស៊ី ទាំង​ឥណ្ឌូណេស៊ី បាន​គំរាម​ចាត់វិធានការ​ស្រដៀង​គ្នា គឺ​ឈប់​ទិញ​ទំនិញ​របស់​អឺរ៉ុប​។ សម្រាប់​ម៉ាឡេស៊ី លោក មហា​ធៀ បាន​ផ្ញើ​សារ​គំរាម​ខ្លាំងៗ​ថា នឹង​ងាក​ទៅរក​ទីផ្សារ​ផ្សេង​វិញ​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​ជំនួយ​យន្តហោះ​ស៊េរី​ចាស់ Mig-29 របស់​រុស្ស៊ី​។ កន្លងមក ក្រុង​គូ​ឡា​ឡាំ​ពួ សម្លឹង​ឃើញ​យន្តហោះ​របស់​បារាំង Rafale និង​យន្តហោះ​អឺរ៉ុប Eurofighter Typhoon ក្នុង​ការធ្វើ​ទំនើបកម្ម​កងទ័ព​រប​ស់​ខ្លួន​។​
 
 
​យ៉ាងណាមិញ ការ​គំរាម​របស់លោក មហា​ធៀ អាចធ្វើ​ឲ្យ​អឺរ៉ុប​បាត់បង់​អតិថិជន​សក្ដា​នុព​ល​របស់ខ្លួន​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​ព្រមាន​ថា បើ​អឺរ៉ុប​នៅតែ​បន្ត​អនុវត្ត​ផែនការ​របស់ខ្លួន ម៉ាឡេស៊ី​នឹង​គិតគូរ​ទិញ​យន្តហោះ​ចម្បាំង​ពី​ចិន ឬ​ប្រទេស​ផ្សេង​វិញ​។ ប៉ុន្តែ​លោក​មិន​ចាត់ទុក​ការឆ្លើយតប​នេះ ជា​ប្រកាសសង្គ្រាម​ឡើយ ដ្បិត​រដ្ឋ​អឺរ៉ុប​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ម៉ាឡេស៊ី​។​
 
​មន្ត្រី​ក្រុង​ហ្សា​ការ​តា និង​ក្រុង​គូ​ឡា​ឡាំ​ពួ ធ្លាប់​ព្រមាន​រួចហើយ​ពី​ហានិភ័យ​របស់​វិធានការ​អឺរ៉ុប​លើ​វិស័យ​ដូងប្រេង​នេះ​។ កម្មករ​ដូងប្រេង​រាប់លាន​នាក់ ដែល​ពឹង​អាស្រ័យ​លើ​ផលិតកម្ម​ដូងប្រេង នឹងរង​គ្រោះ​ព្រោះ​ជីវភាព​របស់​ពួកគេ​ពឹង​ផ្អែកលើ​ការដាំដុះ​ដូងប្រេង ហើយ​វា​នឹង​ប៉ះពាល់​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ផងដែរ​។ នេះ​ជា​អ្វីដែល​ឥណ្ឌូណេស៊ី​ព្រមាន​អឺរ៉ុប​។ ប្រទេស​នាំចេញ​ដូងប្រេង​ទាំងពីរ ក៏មាន​ផែន​ការលើក​បញ្ហា​នេះ​ទៅ​ដោះស្រាយ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែរ​។​
 
​ដូងប្រេង ជា​ផលិតផល​នាំចេញ​ដ៏​សំខាន់​មួយ​របស់​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​។ រដ្ឋ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងពីរ​បាន​ប្រឹងប្រែង​ជំរុញ​ការនាំចេញ​រូបធាតុ​ដើម​មួយ​នេះ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ផលិត​វត្ថុ​ជាច្រើន​ដូចជា​សាប៊ូ និង​សូកូឡា​ជាដើម​។ ប៉ុន្តែ​អឺរ៉ុប​វិញ​បាន​ព្រួយបារម្ភ​ពី​ការពង្រីក​ដី​ដាំ​ដុះ​រុក្ខជាតិ​មួយ​នេះ​លើ​បរិស្ថាន ពិសេស​ការកាប់បំផ្លាញ​ព្រៃឈើ​ដើម្បី​យក​ដី​តែម្ដង​។ លើសពីនោះ ការឆេះ​ព្រៃ​ដូងប្រេង​ក៏បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​ដែរ​៕
 

Tag:
 ម៉ាឡេស៊ី​
  ចិន​
  អឺរ៉ុប​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com