ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា អស់ឱកាសឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ AFC U23 Championship 2020 ក្រោយបរាជ័យពីរប្រកួតជាប់គ្នាក្រោមថ្វីជើងអូស្ត្រាលី និងកូរ៉េខាងត្បូង។ គ្រូបង្វឹកក្រុមកូរ៉េខាងត្បូងបានប្រៀបធៀបរវាងជំនួបជាមួយកម្ពុជា និងឆាយនីសតៃប៉ិថា ការប្រកួតជាមួយកម្ពុជាមានភាពស្វិតស្វាញ និងលំបាកជាងឆាយនីសតៃប៉ិ។ លោក Felix Dalmas ក៏បានអះអាងពីទម្រង់លេងវិជ្ជមានក្នុងដំណាក់កាលអភិវឌ្ឍន៍របស់ក្រុមផងដែរ។
គ្រូបង្វឹកក្រុមកូរ៉េខាងត្បូងលោក Hag Bum Kim បានប្រៀបធៀបរវាងជំនួបពីរលើកកន្លងមករបស់ខ្លួនថា ការជួបប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាមានភាពលំបាកជាងជំនួបជាមួយឆាយនីសតៃប៉ិ។ លំបាកដោយសារតែ ក្រុមកីឡាករជម្រើសជាតិកម្ពុជាមានឆន្ទៈ និងមហិច្ឆតាចង់ឈ្នះខ្ពស់។ ម្យ៉ាងពួកគេចង់ឈ្នះ ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ថ្នាក់ដឹកនាំ និងគ្រូបង្វឹក ដែលមានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ។
លោក Hag Bum Kim គ្រូបង្វឹកក្រុម U23 កូរ៉េខាងត្បូង, រូបភាពពី FFC
ក្រោយដឹកនាំ U23 កូរ៉េខាងត្បូងយកឈ្នះកម្ពុជា ៦-១ នាជំនួបពូល H កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ គ្រូបង្វឹកជនជាតិកូរ៉េខាងលើបានរៀបរាប់ដូច្នេះថា៖«ដោយសារថ្ងៃនេះ(អាទិត្យ)ភ្លៀង ធ្វើឲ្យកីឡាករយើងរអិលច្រើន ប៉ុន្តែយើងនៅតែធ្វើបានល្អ។ យើងយល់ថា ការប្រកួតជាមួយកម្ពុជាមានភាពលំបាកជាងឆាយនីសតៃប៉ិ ព្រោះកម្ពុជាមានឆន្ទៈចង់ឈ្នះខ្លាំងជាង»។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas នៅតែមើលឃើញពីចំណុចវិជ្ជមានរបស់កូនក្រុម ទោះបីពួកគេមិនអាចស្វែងរកជ័យជម្នះបានក៏ដោយ។ លោកអះអាងថា កូនក្រុមលោកមានការរីកចម្រើនទាំងទម្រង់លេង និងបច្ចេកទេស។ បន្ថែមលើនេះលោកសង្ឃឹមថា អ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋ នឹងយោគយល់ចំពោះលទ្ធផលមិនគាប់ប្រសើររបស់ក្រុមកម្ពុជា ដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
នាសន្និសីទសារព័ត៌មានក្រោយជំនួបជាមួយកូរ៉េខាងត្បូង លោក Felix Dalmas បាននិយាយដូច្នេះថា៖«ការយកជ័យជម្នះជូនជាតិ វាគោលបំណងសំខាន់របស់យើង។ ប៉ុន្តែក្រៅពីលទ្ធផល ខ្ញុំសង្កេតឃើញពីភាពរីកចម្រើននៃក្រុមទាំងមូល។ ខ្ញុំអាចនឹងនិយាយដដែលៗ ខ្ញុំស្រលាញ់ និងជឿជាក់លើកីឡាករកម្ពុជា ពួកគេកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ខ្លួនទៅមុខ»។
សកម្មភាពកីឡាករកម្ពុជាព្យាយាមដណ្តើមបាល់ជាមួយកីឡាករកូរ៉េខាងត្បូង, រូបភាពពី FFC
ការបរាជ័យ ៦-០ ក្រោមថ្វីជើងអូស្ត្រាលី និងកូរ៉េខាងត្បូង ៦-១ នាជំនួបលើកទី២ពូល H កាលពីយប់ថ្ងៃទី២៤ មីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ធ្វើឲ្យក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបាត់បង់ឱកាសឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ AFC U23 Championship 2020។ តែយ៉ាងណា ក្រុមគោព្រៃកម្ពុជានៅសល់ជំនួបបង្គ្រប់កិច្ចជាមួយឆាយនីសតៃប៉ិ មួយប្រកួតទៀតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ខណៈអូស្ត្រាលីប៉ះកូរ៉េខាងត្បូង។
សម្រាប់ជំនួបពូល H កាលពីថ្ងៃអាទិត្យ នោះដែរ ក្រុម U23 អូស្ត្រាលី លត់ក្រុមឆាយនីសតៃប៉ិក្នុងលទ្ធផល ៦-០៕