អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូ​កា​-​កូ​ឡា ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយទៀត​ក្នុង​ខេត្តកំពង់ចាម ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​ក្នុង​រដូវក្តៅ​នេះ​
25, Mar 2019 , 5:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកំពង់ចាម ថ្ងៃ​សុក្រ ទី​២២ ខែមីនា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា និង​ស្ថាប័ន​មួយចំនួនទៀត បាន​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​មួយកន្លែង ស្ថិតនៅក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន ព្រៃទទឹង នៃ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ សកម្មភាព​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​នៃ​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ចូលរួម​ប្រារព្ធ​ទិវា​ទឹកស្អាត​ពិភពលោក​។ ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​នេះ អាច​ផ្តល់​ទឹកស្អាត​សម្រាប់​ទទួលទាន ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រមាណ​ជាង ១៥០០​នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍​ជុំវិញ​នោះ​ផងដែរ​។​
 
​នៅក្នុង​ពិធី​សម្ពោធ ប៉ម​ចម្រោះ​ទឹកស្អាត​នេះ មានការ​ចូលរួម​ពី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម  លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក Mark Steele នាយក​ប្រតិបត្តិ​នៃ​អង្គការ Planet Water និង លោក​អ៊ូ​ត ចាន់​ឌី នាយក​ផ្នែក​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។ 


 
​លោក អ៊ូ​ត ចាន់​ឌី នាយក​ផ្នែក​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​ថា ការប្តេជ្ញាចិត្ត​របស់ កូ​កា កូ​ឡា មិន​បញ្ឈប់​នៅត្រឹមតែ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ក្នុង​ពេលនេះ​ទេ ក្រុមហ៊ុន​ន​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព  ការប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា​អនាម័យ​បរិស្ថាន ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍ អំពី​ការថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ រួមទាំង​ការថែទាំ​រយៈពេល ៥​ឆ្នាំ​ថែមទៀត​។ លោក អ៊ូ​ត ចាន់​ឌី បន្ថែមថា  អង្គការ Planet Water នឹង​ត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹកជា​ប្រចាំ ទៅតាម​កាលវិភាគ​កំណ​ត់​។ លោក  អ៊ូ​ត ចាន់​ឌី បាន​បន្តទៀតថា​៖ «​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក ក្នុងការ​បង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត មកកាន់​សាលារៀន និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។​






 
​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា វត្តមាន​របស់​ប៉ម​ចម្រោះ​ទឹកស្អាត​នេះ​ពិត​ជាមាន​សារៈសំខាន់ និង​ផ្តល់នូវ​គុណប្រយោជន៍ សម្រាប់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រៃឈរ​ទាំងមូល​។ ជាពិសេស​នៅក្នុង​រដូវក្តៅ​ឆ្នាំនេះ ដែល​សីតុណ្ហភាព​ក្តៅ​ខ្លាំង ហើយ​មាន​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ច្រើន​។ លោក  ប៉ាន សូរ​ស័ក្តិ បាន​មាន​ប្រសា​ន៍​បន្តថា​៖«​ការវិនិយោគ​របស់​ក្រុមហ៊ុន Coca-Cola កំពុង​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទន ដែល​មិន​ត្រឹម​នាំមក​វិបុលភាព​សម្រាប់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចែករំលែក​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​របស់ខ្លួន នៅក្នុង​សកម្មភាព​មនុស្សធម៌​នានា​។ តួយ៉ាង​ដូចជា ការគាំទ្រ​មូលនិធិ​ទឹក “Water Planet Foundation” ក្នុងការ​អនុវត្ត​កម្មវិធី អប់រំ​សុខភាព និង​អនាម័យ​ទឹកស្អាត​ជាដើម ហើយ​ពិសេស​ជាងនេះទៀត ការរីកចម្រើន​របស់​ក្រុមហ៊ុន បាន​ជួយ​បង្កើត​ការងារ​ក្នុងស្រុក ប្រមាណ​ជាង ៩០០​កន្លែង ផងដែរ​»​។​


 
​សូមជម្រាបថា នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​១ ដែល​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅក្នុង​ឆ្នាំ​២០១៩​នេះ  បន្ថែម​លើ​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៥​ផ្សេងទៀត ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water​។ ប៉ម​ចម្រោះ​ទឹកស្អាត​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង “Project 24” របស់​មូលនិធិ Planet Water ដែលមាន​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ២៤​កន្លែង ក្នុង​រយៈពេល ២៤​ម៉ោង នៅតាម​បណ្ដា​សហគមន៍​នានា ជុំវិញ​ពិភពលោក ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​សម្រាប់​ទទួលទាន​។ ក្រៅពី​ប្រទេស​កម្ពុជា ក៏មាន​ប្រទេស​មួយចំនួនទៀត នឹង​ទទួលបាន​ប៉ម​ចម្រោះ​ទឹកស្អាត ពី​គម្រោង “Project 24” នៅក្នុង​ឆ្នាំ​នេះដែរ រួមមាន ឥណ្ឌូនេស៊ី ឥណ្ឌា និង​ហ្វីលីពីន​។​
 
​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា បានឱ្យដឹងថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៦​ទៀត នឹងត្រូវ​ដំឡើង​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ  ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹងមាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា បានឱ្យដឹង​ទៀតថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៥ ដែល​ក្រុមហ៊ុន​បាន​ដំឡើង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ បានផ្តល់​ទឹកស្អាត​ចំនួន ៤៤,៩៩០,២៨៦​លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​។ តួលេខ​នេះ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ទ្វេដង​ក្នុងឆ្នាំនេះ  តាមរយៈ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៧​បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៩​នេះ​៕




 









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com