កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Spurs រំភើប​ឡើង​ស្រក់​ទឹកភ្នែក ពេល​ឃើញ​កីឡដ្ឋាន​ថ្មី​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ
25, Mar 2019 , 10:39 pm        
រូបភាព
​លោក Mauricio Pochettino បានបង្ហាញ​អារម្មណ៍​រំភើប​ឡើង​ស្រក់​ទឹកភ្នែក​ទៅហើយ​នៅពេល​ឃើញ​កីឡដ្ឋាន​ថ្មី​ដ៏​ស្រស់ស្អាត​របស់ Tottenham Hotspur ដែល​ទើប​សាងសង់​រួច​។​


​កីឡដ្ឋាន​ថ្មី​របស់ Spurs ដែល​បាន​សាងសង់​លើ​ទីតាំង​ចាស់ White Hart Lane កាលពី​ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​កីឡដ្ឋាន Tottenham Hotspur វិញ ដោយ​បន្ថែម​កន្លែង​អង្គុយ​ទស្សនា​លើស​មុន​ចំនួន ២៥០០០​កៅអី​ទៀត​។​
 
​កីឡដ្ឋាន Tottenham Hotspur ដែលមាន​កៅអី​សរុប ៦២០០០​កន្លែង​នេះ​បាន​ចំណាយ​ទឹកប្រាក់​សាងសង់​សរុប​ប្រមាណ​១​ពាន់​លាន​ផោន (១,៣២​ពាន់​លាន​ដុល្លារ​អាមេរិក​) ឯណោះ​។​
​អ្នកចាត់ការ​ទូទៅ Spurs លោក Pochettino បាន​ទៅ​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​ក្រុម​អាយុ​ក្រោម​១៨​ឆ្នាំ Spurs ទល់នឹង Southampton សម្រាប់​ការប្រកួត​សាកល្បង​នៅ​កីឡដ្ឋាន​ថ្មី Tottenham Hotspur នេះ​ផងដែរ នៅ​ថ្ងៃទី​២៤ ខែមីនា​។​


 
​លោក Pochettino បា​នស​ម្តែ​ក្តីរំភើប​នៅពេល​ឃើញ​ទីលាន​ថ្មី​ដ៏​ស្រស់ស្អាត​នេះ ហើយ​ព្រមទាំង​ពោលថា​លោក Daniel Levy ប្រធាន​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស​សម​នឹង​ទទួលបាន​កិត្តិយស​សម្រាប់​គម្រោង​សាងសង់​កីឡដ្ឋាន​ដ៏​ធំ​មួយ​នេះ​។ 
 
​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​ប្រាប់​ទូរទស្សន៍ Spurs TV នៅក្នុង​ទីលាន​នោះ​ថា​៖«​វា​ជា​រឿង​មិនគួរ​ឲ្យ​ជឿ វា​ពិបាក​នឹង​រៀបរាប់​ណាស់​ព្រោះ​យើង​មាន​អារម្មណ៍​រំភើប​ដូចគ្នា​។ អារម្មណ៍​ពេលនេះ​គឺ​ដូចគ្នា​នៅ​ថ្ងៃ​ចុងក្រោយ​ដែល​យើង​ចាក​ចេញពី White Hart Lane ទាំង​ស្រក់​ទឹកភ្នែក រហូត​ពេលនេះ​ជា​ថ្ងៃ​ដំបូង​នៅ​កីឡដ្ឋាន​ថ្មី​ហើយ​ខ្ញុំ​ក៏បាន​យំ​ដូច​មុន​ទៀត​»​។​
 
​ក្នុងអំឡុង​សាងសង់​ទីលាន​ថ្មី Spurs បាន​ជួល​កីឡដ្ឋាន Wembley សម្រាប់​ការប្រកួត​ក្នុង​ដី​រហូតមក​។ Spurs នឹង​បើក​កីឡដ្ឋាន​នេះ​សម្រាប់​ការប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​ក្របខណ្ឌ Premier League ដោយ​ទទួល​ស្វាគមន៍ Crystal Palace នៅ​ថ្ងៃទី ៣ ខែមេសា​ឆ្នាំ​២០១៩៕








 

Tag:
 បាល់ទាត់​
  Tottenham Hotspur
  Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com