ជាតិ
សង្គមជាតិ
ទ័ព​នាវា​ជើង​ទឹក​ឥណ្ឌា​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​ទ័ពជើងទឹក​កម្ពុជា​
25, Mar 2019 , 10:59 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពញរះសីហនុ
រូបភាពបានពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តពញរះសីហនុ
​ភ្នំពេញ​៖ នាវា​កងទ័ពជើងទឹក​របស់​ឥណ្ឌា​មួយគ្រឿង​ដែលមាន​ឈ្មោះថា ICGS VIJIT (​លេខ 31) បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី​២៥​មីនា​។ ការមកដល់​នៃ​នាវា​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​ក្នុង​ដែនសមុទ្រ​កម្ពុជា​ដែលមាន​នាវិក និង​នាយទាហាន​សរុប​៩៥​នាក់ ដឹកនាំ​ដោយ​មេបញ្ជាការ​វរ​នា​វី​ទោ លោក T ASHISH ក្នុង​គោលបំណង សិក្សា​ស្វែងយល់ និង​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​កងទ័ពជើងទឹក​ប្រទេស​ឥណ្ឌា និង​កងទ័ពជើងទឹក​កម្ពុជា​។

 
​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្រៅពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ ក៏​ដើម្បី​ពង្រឹង​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ហ្វឹកហ្វឺន​រួមគ្នា ពិសេស​ពង្រឹង​ទំនាក់ទំនង​ការទូត ក៍​ដូចជា​ប្រជាជន​ជាដើម ដែល​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ វរ​នា​វី​ទោ លោក T ASHISH​។ 


 
​ជាមួយគ្នានេះ លោក រស់ វាសនា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ បាន​និយាយថា នេះ​ជា​មោទកភាព​ដែល​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​បានមក​ចូល​ចត​ក្នុង​ការធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ពិសេស​ការចូល​ចត​នៅ​កំពង​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ យើង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការចូល​ចត​របស់​នាវា​កងទ័ព​ជើង​ទឹក​ឥណ្ឌា និង​នាយ​នា​វី​នៅក្នុង​ទឹកដី​ខេត្ត​មាត់សមុទ្រ​។ 
 
​សូមបញ្ជាក់ថា នាវា​នេះ​មាន​បណ្តោយ​៨០​ម៉ែត្រ ជម្រៅ​ទឹក ៤,៥០​ម៉ែត្រ ជា​ប្រភេទ​នាវា​បំពាក់​ដោយ​ប្រពន្ធ​នាំ​ផ្លូវ បច្ចេកវិទ្យា​ស្វ័យប្រវត្តិ និង​មាន​ឧ​ត្ត​ម្ភា​ចក្រ​មួយគ្រឿង ដែលមាន​តួនាទី​ក្នុងការ​ឆែកឆេរ ជួយសង្គ្រោះ​គ្រោះមហន្តរាយ​រយ​:​ចម្ងាយ​ឆ្ងាយ ហើយ​ការ​មក​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥-២៩​មីនា ឆ្នាំ​២០១៩៕ 
 

Tag:
 កំពង់ផែ​
  នាវា​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com