អន្តរជាតិ
អ្នកនាំពាក្យ​លោក ឌូ​ទើ​តេ​៖ ពេល​ខ្ចីលុយ​ចិន ហ្វីលីពីន​មិនអាច​តថ្លៃ​លក្ខខណ្ឌ​បានទេ​
25, Mar 2019 , 5:57 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ​ ឌូទើតេ ជាមួយសមភាគីចិន ស៊ី ជិនភីង នាជំនួបខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល។ (រូបភាព AFP)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ​ ឌូទើតេ ជាមួយសមភាគីចិន ស៊ី ជិនភីង នាជំនួបខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល។ (រូបភាព AFP)
​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន នៅ​ថ្ងៃទី​២៥ ខែមីនា បានប្រកាសថា ហ្វី​លី​ពី​គ្មាន​អំណាច​អ្វី​ទាំងអស់​នៅពេល​ចរចា​លក្ខខណ្ឌ​ខ្ចីលុយ​ពី​ចិន​។ លោក Salvador Panelo អ្នកនាំពាក្យ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ លើកឡើង​បែបនេះ ខណៈ​មានការ​បារម្ភ​ពី​ការ​ធ្លាក់ចូល​អន្ទាក់​បំណុល​ចិន បន្ទាប់ពី​ហ្វីលីពីន​ខ្ចីលុយ​ចិន​ដើម្បី​សាងសង់​ប្រព័ន្ធ​ធា​រាស្ត្រ​មួយកន្លែង​។ យ៉ាងណា មន្ត្រី​ហ្វីលីពីន​រូបនេះ​ជឿថា ហ្វីលីពីន​មាន​សមត្ថភាព​សងបំណុល​របស់ខ្លួន​។​

 
​ការខ្ចី​លុយ​ចិន​ដើម្បី​សាងសង់​ប្រព័ន្ធធារាសាស្ត្រ Chico River Pump ពី​សំណាក់​រដ្ឋាភិបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ធ្វើ​ឲ្យ​មាន​ព្រួយ​យ៉ាងខ្លាំង​។ ការព្រួយបារម្ភ​កើតមាន​ក៏​ព្រោះតែ​កម្ចី​របស់​ចិន​មានការ​ប្រាក់​ខ្ពស់ជាង​កម្ចី​ប្រទេស​ផ្សេង ហើយ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ផ្ដល់​កម្ចី ក៏មាន​ចែង​ពី​ការប្រគល់សិទ្ធិ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​ហ្វីលីពីន​ទៅ​ឲ្យ​ចិន បើ​ហ្វីលីពីន​មិនអាច​សងបំណុល​បានទេ​នោះ​។ 
 
​ទាក់ទង​បញ្ហា​លក្ខខណ្ឌ​បែបនេះ លោក Salvador Panelo អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​និយាយថា ហ្វីលីពីន​គ្មានអ្វី​បាន​តតាំង​បានឡើយ​ក្នុងនាម​ជា​អ្នក​ទៅ​ខ្ចីលុយ​ចិន​នោះ​។ លោក Panelo អះអាងថា ចិន​ដែលជា​ម្ចាស់បំណុល ជា​អ្នករៀបចំ​លក្ខខណ្ឌ​ក្នុង​កិច្ចព្រមព្រៀង ឯ​ហ្វីលីពីន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទទួលយក​លក្ខខណ្ឌ​ទាំង​នោះឡើយ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៥ ខែមីនា មន្ត្រី​អ្នកនាំពាក្យ​រូបនេះ បាន​ប្រដូច​ការខ្ចី​លុយ​ពី​ចិន​ទៅនឹង​ការខ្ចី​លុយ​ពី​ធន​គារ ដែល​ខាង​ម្ចាស់បំណុល​ជា​កំណត់​លក្ខខណ្ឌ​ផ្សេងៗ​ជាស្រេច​ឲ្យ​កូនបំណុល​។ បើតាម​សារព័ត៌មាន​ហ្វីលីពីន Rappler លោក Panelo ពន្យល់ថា ពេល​ទៅ​ខ្ចីលុយ ធនាគារ​ជា​អ្នក​ដាក់​លក្ខខណ្ឌ ព្រោះនេះ​ជា​រឿង​ធម្មជាតិ​ដែល​ធនាគារ​តែង​គិតពី​ប្រយោជន៍​របស់ខ្លួន​ពេល​ផ្ដល់​កម្ចី ឯ​អ្នក​ទៅ​ខ្ចី​មិន​និយាយ​អ្វី​ទាំងអស់ ដ្បិត​ធនាគារ​អាច​មិន​ឲ្យ​ខ្ចី​វិញ​បាន​។​
 
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​ខ្ចីលុយ​ចិន​ចំនួន​៣,៦៩​ពាន់​លាន​ពឺ​សូ​ដើម្បី​ទ្រទ្រង់​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ខាងលើ ដែល​គ្រោង​ចំណាយ​ចំនួន​៤,៣៧​ពាន់​លាន​ពឺ​សូ ហើយ​អត្រា​ការប្រាក់​របស់​ចិន គឺ​២​ភាគរយ​។ អត្រា​នេះ គឺ​ខ្ពស់ជាង​អត្រា​ការប្រាក់​កម្ចី​របស់​ជប៉ុន​ឲ្យ​ហ្វីលីពីន​ដែលមាន​ចន្លោះ​ពី​០,២៥​ភាគរយ​ទៅ​០,៧៥​ភាគរយ​។ ក្រុង​ប៉េកាំង​កំណត់ពេល​សង​វិញ​ចំនួន​២០​ឆ្នាំ ហើយ​៧​ឆ្នាំ​ដំបូង​សង​ដោយ​គ្មាន​បង់​អ្វី​ទាំងអស់​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ហ្វីលីពីន​ក៏បាន​យក​កោះ Reed Bank ជា​វត្ថុ​ធានា​ការខ្ចីប្រាក់​នេះ​។ ទោះជា​យ៉ាងណា មន្ត្រី​ហ្វីលីពីន​ខាងលើ​ជឿជាក់ថា ហ្វីលីពីន​នឹងមិន​បាត់បង់​ទឹកដី​ទៅ​ឲ្យ​ចិន​ដោយសារ​អត់លុយ​សងបំណុល​ឡើយ​។ នេះ​ក៏​ព្រោះតែ​ហ្វីលីពីន​គ្មាន​ប្រវត្តិ​សងបំណុល​មិនបាន​ឡើយ តែ​តែង​ដោះស្រាយ​បញ្ហា​បំណុល​បានជា​បន្តបន្ទាប់ ហើយ​ម្យ៉ាង​ទំហំ​លុយ​កម្ចី​ចិន​នៅពេលនេះ ក៏​មិនជា​ច្រើន​ក្រាស់ក្រែល​អ្វី​ដែរ​៕ 
 

Tag:
 ហ្វីលីពីន​
  ចិន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com