រថយន្ត
អន្តរជាតិ
ស្ត្រី​៥​រូប ត្រូវបាន​ចារ​ឈ្មោះ​នៅ​សារមន្ទីរ​យានយន្ត Automotive Hall of Fame
08, Mar 2021 , 7:39 pm        
រូបភាព
ដោយ: ធីតា
Automotive Hall of Fame ជា​សារមន្ទីរ​អាមេរិក ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៣៩ ដើម្បី​ឧទ្ទិស​ដល់​អ្នកមាន​ស្នាដៃ​នានា​ជា​ប្រវត្តិសាស្ត្រ​ផ្នែក​យានយន្ត​។ បច្ចុប្បន្ន​សារមន្ទីរ​ដ៏​ធំ​ស្ថិតក្នុង​រដ្ឋ Michigan មួយ​នេះ បាន​ចារ​ឈ្មោះ​មនុស្ស​ជិត​១០០០​នាក់​លើ​ពិភពលោក ដែល​អ្នក​ទាំងនោះ​មានដូចជា ក្រុម​អ្នក​ផលិត ក្រុម​ផ្សព្វផ្សាយ ក្រុម​រចនា អ្នក​ប្រណាំង យន្តការី ថ្នាក់ដឹកនាំ មន្ត្រី និង​អ្នកជំនាញ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​យានយន្ត​។​

 
​មកដល់ពេលនេះ Automotive Hall of Fame បាន​ចារ​ឈ្មោះ​ស្ត្រី​៥​រូប​ដ៏​គួរ​ឲ្យ​សម្គាល់ ដោយ​ពួកគេ​សម្រេចបាន​សមិទ្ធផល​ផ្សេងៗ​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​យានយន្ត​។​
 
១.​អ្នកស្រី Janet Guthrie (​អាមេរិក​) អាយុ​៨១​ឆ្នាំ​
Janet Guthrie គឺជា​ស្ត្រី​ទីមួយ​ដែល​បាន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Indy 500 និង Daytona 500​។ នៅ​ឆ្នាំ​១៩៦៣ Guthrie បាន​ប្តូរ​អាជីព​ពី​យន្តការី​ទៅជា​អ្នក​ប្រណាំង​យានយន្ត​។ គាត់​បាន​ចូលរួម​ប្រកួតប្រជែង​៤៧​លើក​ធំៗ ហើយ​មានឈ្មោះ​នៅ Motorsports and Sports Car Club of America Hall of Frame​។ គាត់​ចាប់ផ្តើម​អាជីព​ជាមួយ​រថយន្ត Jaguar XK120​។ មួក និង​ខោអាវ​ប្រណាំង​របស Guthrie ក៏មាន​នៅ Smithsonian Institution ផងដែរ​។ គាត់​ត្រូវ​ចារ​ឈ្មោះ​នៅ​សារមន្ទីរ​ក្នុង​ឆ្នាំ​២០១៩​នេះ​។​


 
២. អ្នកស្រី Bertha Benz (​អាល្លឺម៉ង់​) មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ កាលពី​ឆ្នាំ​១៩៤៤
​ស្ថាបនិក​យានយន្ត​លោក Karl Benz ទទួលបាន​ប៉ាតង់​រថយន្ត Motorwagen ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​១៨៨៥​។ នា​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៨៨៨ អ្នកស្រី Bertha Benz ដែលជា​ភរិយា​បាន​បើករថយន្ត​នេះ​លើ​ចម្ងាយ​ផ្លូវ​ជិត​១០០​គីឡូម៉ែត្រ​ដើម្បី​ទៅសួរសុខទុក្ខ​ម្តាយ​របស់ខ្លួន​។ ទោះបី​មិនមាន​កំណត់ត្រា​អ្វី​ក៏ដោយ ប៉ុន្តែ​វា​អាចជា​ករណី​លើកដំបូង​បំផុត​ដែល​ស្ត្រី​បាន​រថយន្ត​លើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​បែបនេះ​។ ក្រោយមក លោក Karl Benz លេចចេញ​គំនិត​កែច្នៃ​ជា​បន្តបន្ទាប់​។ លោកស្រី​ត្រូវបាន​ចារ​ឈ្មោះ​ចូលក្នុង​សារមន្ទីរ​នៅ​ឆ្នាំ​២០១៦​។​


 
 
៣. អ្នកស្រី Shirley Muldowney (​អាមេរិក​) អាយុ​៧៨​ឆ្នាំ​
​នៅ​ឆ្នាំ​១៩៧៣ Shirley Muldowney ដែលមាន​កំណើត​នៅ​រដ្ឋ Michigan បាន​ក្លាយជា​ស្ត្រី​ដំបូង​ដែល​ទទួលបាន​អាជ្ញា​បណ្ណ Top Fuel Gragster​។ Muldowney ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ឲ្យ​គេ​ជឿថា​ស្ត្រី​ពិតជា​អាចធ្វើ​បាន​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​។ គាត់​បានឈ្នះ​ជើងឯក NHRA World Championships ៣​លើក និង IHRA Championship ១​លើក និង​ឈ្នះ​ការប្រកួត​១៨​លើក​ក្នុង​អាជីព​នៅ NHRA​។ គាត់​មានឈ្មោះ​ក្នុង​សារមន្ទីរ Automotive Hall of Fame នៅ​ឆ្នាំ​២០០៥​។​


 
៤. អ្នកស្រី Denise McCluggage (​អាមេរិក​) ទទួលមរណភាព​ក្នុង​អាយុ​៨៨​ឆ្នាំ កាលពី​ឆ្នាំ​២០០១
Denise McCluggage ដែល​អ្នកសារព័ត៌មាន​កីឡា ត្រូវបាន​ចារ​ឈ្មោះ​ក្នុង Automotive Hall of Fame កាលពី​ឆ្នាំ​២០០១​។ McCluggage ស្រឡាញ់​ការប្រកួតប្រណាំង​យានយន្ត​យ៉ាង​ខ្លះ ប៉ុន្តែ​អ្នកយកព័ត៌មាន​ស្ត្រី​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកកាសែត​រូបនេះ នៅតែ​អាច​បង្ហាញ​សមត្ថភាព​ក្នុងការ​បើកបរ ដើម្បី​រាយការណ៍​ព័ត៌មាន​ផ្នែក​កីឡា​។ ក្រោយមកទៀត McCluggage ចូលរួម​ធ្វើជា​អ្នក​ប្រណាំង​អាជីព​នៅ​ពាក់កណ្តាល​ទសវត្សរ៍​៥០ និង​ឈ្នះ​ជាច្រើនលើក​ផងដែរ​។​


 
៥. Alice Ramsey (​អាមេរិក​) ទទួលមរណភាព​នៅ​ឆ្នាំ​១៩៨៣​ក្នុង​អាយុ​៩៦​ឆ្នាំ​
​នៅ​ឆ្នាំ​១៩០៩ Ramsey បាន​បើករថយន្ត Maxwell Touring ដោយមាន​អ្នករួមដំណើរ​៣​នាក់​ទៀត​។ នេះ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ស្ត្រី​ដែល​បើកបរ​លើ​ចម្ងាយ​ប្រមាណ​៦​ពាន់​គីឡូម៉ែត្រ​ពី​ក្រុង​ញូវយ៉ក ទៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។  ដំណើរ​ផ្សងព្រេង​តាម​រថយន្ត​របស់គាត់​ក៏​ត្រូវបាន​កត់ត្រា​ក្នុង​សៀវភៅ​ផ្ទាល់ខ្លួន​ដែលមាន​ចំណងជើង​ថា «Veil, Duster and Tire Iron» ផងដែរ​។ គាត់​ជា​ស្ត្រី​ដំបូង​ដែល​ត្រូវបាន​ចារ​ឈ្មោះ​ក្នុង​សារមន្ទីរ​កាលពី​ឆ្នាំ​២០០០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com