អន្តរជាតិ
លោក ត្រាំ រង​ការរិះគន់​ក្រោយ​ទទួលស្គាល់ «​ខ្ពង់រាប​ហ្គោ​ឡង់​» ជា​កម្មសិទ្ធិ​អ៊ីស្រាអែល
26, Mar 2019 , 8:19 pm        
រូបភាព
លោក ដូណាល់ ត្រាំ ទទួលស្គាល់ទឹកដីហ្គោឡង់ជាកម្មសិទ្ធិអ៊ីស្រាអែល។ (រូបភាព AFP)
លោក ដូណាល់ ត្រាំ ទទួលស្គាល់ទឹកដីហ្គោឡង់ជាកម្មសិទ្ធិអ៊ីស្រាអែល។ (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៥ ខែមីនា បានប្រកាស​កម្មសិទ្ធិរ​បស់​អ៊ីស្រាអែល​លើ​តំបន់​ខ្ពង់រាប​ហ្គោ​ឡង់ ដែល​ដណ្ដើមបាន​ស៊ី​រី​។ ការប្រកាស​ទទួលស្គាល់​បែបនេះ រង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ពិសេស​ស៊ី​រី​ដែលជា​ម្ចាស់​ទឹកដី​នេះ​ផ្ទាល់​។ ប៉ុន្តែ​អ៊ីស្រាអែល​ឯណោះ​វិញ សប្បាយចិត្ត​យ៉ាងខ្លាំង ដោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ប្រដូច​លោក ត្រាំ ទៅនឹង​មេដឹកនាំ​ល្បី​របស់​អាមេរិក​ទៀត​។​

 
​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​ទទួលស្គាល់​ខ្ពង់រាប​ហ្គោ​ឡង់​ជា​កម្មសិទ្ធិ​អ៊ីស្រាអែល​ពេញទី​។ អ៊ីស្រាអែល បាន​ត្រួតត្រា​តំបន់​យុទ្ធសាស្ត្រ​មួយ​នេះ​ក្នុង​សង្គ្រាម​៦​ថ្ងៃ​ឆ្នាំ​១៩៦៧ ជាមួយ​រដ្ឋ​មជ្ឈិមបូព៌ា​ផ្សេងទៀត​។ អ៊ីស្រាអែល បាន​បញ្ចូល​ខ្ពង់រាប​នេះ​ជា​ទឹកដី​របស់ខ្លួន​ក្នុង​ឆ្នាំ​១៩៨១ តែ​គ្មាន​នរណា​ទទួលស្គាល់​ឡើយ​។​
 
​ក្រោយ​ការចុះហត្ថលេខា​របស់លោក ត្រាំ លោក ណេ​តាន់​យ៉ា​ហ៊ូ ចាត់ទុក​ការទទួលស្គាល់​នេះ ជា​រឿង​ប្រវត្តិសាស្ត្រ​។ ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​រូបនេះ ថែមទាំង​ប្រដូច​លោក ត្រាំ ទៅនឹង​អតីត​ប្រធានាធិបតី ហារី ទ្រូ​ម៉ាន់ ដែល​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែល និង​ស្ដេច​នគរ​ពែ​ក្ស Cyrus the Great ដែល​រំដោះ​ជនជាតិ​ជ្វី​ហ្វ​នៅ​បា​ប៊ី​ឡោ​ន​ផង​។ លោក ណេ​តាន់​យ៉ា​ហ៊ូ អះអាងថា អ៊ីស្រាអែល​គ្រប់គ្រង​ខ្ពង់រាប​ហ្គោ​ឡង់​ក្នុង​សង្គ្រាម​ដើម្បី​ការពារ​ខ្លួន​។ 
 
​ការសម្រេចចិត្ត​របស់​លោក ត្រាំ ជា​រឿង​ល្អ​សម្រាប់​អ៊ីស្រាអែល ពិសេស​លោក ណេ​តាន់​យ៉ា​ហ៊ូ ប៉ុន្តែ​អាមេរិក​ឯណេះ​បែរជា​ឯកោ​លើ​ឆាក​អន្តរជាតិ​ទៅវិញ​។ សហគមន៍​អន្តរ​ជាត​មិនដែល​ទទួលស្គាល់​កម្មសិទ្ធិ​របស់​អ៊ីស្រាអែល​លើ​ខ្ពង់រាប​នេះឡើយ សម្ព័ន្ធ​អាមេរិក​មានបារាំង និង​អង់គ្លេស ក៏ដូចជា​អង្គការសហប្រជាជាតិ​ផង​នោះ នៅតែ​ប្រើពាក្យ​តំបន់​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល​ដើម្បី​ហៅ​ខ្ពង់រាប​មួយ​នេះ​តាម​ការសម្រេច​របស់​អង្គការសហប្រជាជាតិ​។​
 
​ស៊ី​រី​ដែលជា​ម្ចាស់​ទឹកដី​ហ្គោ​ឡង់ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​។ ក្រុង​ដា​ម៉ាស់​ចាត់ទុក​សកម្មភាព​អាមេរិក​ជាការ​បំពាន​លើ​អធិបតេយ្យ​របស់ខ្លួន ហើយ​អាមេរិក​ក៏​គ្មាន​សិទ្ធិអំណាច​អ្វី​ទៅរក​ផ្ដល់​ភាពស្របច្បាប់​ឲ្យ​អ៊ីស្រាអែល​ដែរ​។ តួ​ក​គី​ឯណោះ​វិញ ក៏​ចេញមុខ​រិះគន់​អាមេរិក​ដែរ​។ រដ្ឋមន្ត្រី​ការ​បរ​ទស​តួ​ក​គី Mevlut Cavusoglu ហៅ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក ជាការ​ផ្ដល់​អំណោយ​ដល់​លោក ណេ​តាន់​យ៉ា​ហ៊ូ ដែល​ត្រៀម​ប្រជែង​ការបោះឆ្នោត​ខែក្រោយ​ប៉ុណ្ណោះ​។​
 
​នេះ​ជា​ទង្វើ​ចម្រូងចម្រាស​លើក​ទី​ពីរ​របស់​អាមេរិក​ក្នុង​សំណុំរឿង​អ៊ីស្រាអែល​។ រឿង​ទីមួយ គឺ​លោក​ប្រធានាធិបតី​រូបនេះ បានធ្វើ​ឲ្យ​ផ្អើល​មួយ​ពិភពលោក​តាមរយៈ​ការប្ដូរ​ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ីស្រាអែល​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​វិញ ដែល​មានន័យ​ស្មើនឹង​ការទទួលស្គាល់​ទីក្រុង​ពិសិដ្ឋ​នេះ​ជា​កម្មសិទ្ធិ​អ៊ីស្រាអែល​ទាំងស្រុង ទោះជា​ប៉ា​ឡេ​ស្ទី​ន បានទាមទារ​ចំណែក​ភាគ​កើត​ដើម្បី​ទុក​ធ្វើជា​រដ្ឋធានី​របស់ខ្លួន​នៅ​ថ្ងៃ​ខាងមុខ​ក្ដី​៕  
 

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ស៊ី​រី​
  ហ្គោ​ឡង់​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com