អន្តរជាតិ
មន្ទីរបញ្ចកោណ បង្វែរលុយមួយពាន់លានដុល្លារទៅសង់ជញ្ជាំងព្រំដែនតាមបំណងលោក ត្រាំ
× ប្រមុខស្ដីទីនៃមន្ទីរបញ្ចកោណ ផាទ្រីក សាណាហាន់ បានសម្រេចចិត្តបញ្ចេញប្រាក់មួយពាន់លានដុល្លារដើម្បីយកទៅសាងសង់ជញ្ជាំងព្រំដែនតាមសំណើរបស់ក្រសួងសន្តិសុខមាតុភូមិ។ ការបញ្ចេញលុយដ៏ច្រើននេះ ធ្វើតាមស្របតាមការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅ។ ដោយសារដកលុយទៅធ្វើជញ្ជាំង យោធាអាមេរិកត្រូវបង្ខំចិត្តលុបចោលសមយុទ្ធរបស់ខ្លួនមួយចំនួនផងដែរ។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិអាមេរិក ទឹកប្រាក់មួយពាន់លានដុល្លារដែលអនុញ្ញាតឲ្យចាយវាយដោយរដ្ឋមន្ត្រីស្ដីទី ផាទ្រីក សាណាហាន់ នឹងត្រូវចំណាយជាចម្បងលើការសាងសង់ជញ្ជាំងព្រំដែនតាមបណ្ដោយព្រំដែនរវាងអាមេរិក និងម៉ិកស៊ិកដែលមានចម្ងាយ៩២គីឡូម៉ែត្រ ជាមួយនឹងកម្ពស់៥,៥ម៉ែត្រ។ លើសពីនោះ ទឹកប្រាក់នេះក៏នឹងត្រូវចាយលើការសាងសង់ផ្លូវ និងការដំឡើងភ្លើងបំភ្លឺផងដែរ។
លោក សាណាហាន់ បញ្ជាក្នុងសេចក្ដីប្រកាសព័ត៌មានយប់ថ្ងៃទី២៥ ខែមីនា ឲ្យកម្លាំងវិស្វកម្មកងទ័ពជើងគោកអាមេរិកចាប់ផ្ដើមធ្វើសកម្មភាពតាមផែនការដែលស្នើដោយក្រសួងសន្តិសុខមាតុភូមិ និងអង្គភាពកម្លាំងគយ និងការការពារព្រំដែន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការពារជាតិអាមរិករូបនេះ បានស្រង់ច្បាប់សំខាន់ៗរបស់អាមេរិកដែលផ្ដល់អំណាចឲ្យមន្ទីរបញ្ចកោណសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនអន្តរជាតិសំដៅគាំទ្រដល់ការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន។
ជាមួយគ្នានេះ សេតវិមានក៏ប្រុងបង្វែរលុយរបស់មន្ទីរបញ្ចកោណ៦ពាន់លានដុល្លារទៀតផងដែរ ប៉ុន្តែមិនទាន់ច្បាស់ថា អង្គភាពណា ឬផែនការអ្វីដែលនឹងត្រូវបាត់បង់ថវិកាចំណាយរបស់ខ្លួនឡើយ។ គម្រោងរបស់សេតវិមានរងការរិះគន់ខ្លាំងពីបក្សប្រជាធិបតេយ្យ និងក្រុមសាធារណរដ្ឋរបស់លោក ត្រាំ ដោយព្រមានថា ប្រធានាធិបតីអាមេរិកកំពុងបំពានអំណាចរបស់ខ្លួន និងបង្កើតបញ្ហាប្រឈមដល់ប្រទេសជាតិទៀតផង។
ការបង្វែរថវិកាកងទ័ព និងការពង្រាយយោធាទៅព្រំដែនធ្វើឲ្យមានការរង្កៀសចិត្តខ្លាំងក្នុងចំណោមយោធាអាមេរិក។ កាលពីសប្ដាហ៍មុន មេបញ្ជាការកងទ័ពម៉ារីន Robert Neller បានព្រមានពីគ្រោះថ្នាក់មិនធ្លាប់មានលើកម្លាំងទ័ពអាមេរិកជុំវិញការពង្រាយយោធានៅតាមព្រំដែនជាមួយម៉ិកស៊ិក។ ក្នុងកំណត់ហេតុទៅកាន់លោក សាណាហាន់ មេទ័ពរូបនេះបញ្ជាក់ថា លោកបានលុបចោល ឬកាត់បន្ថយទំហំសមយុទ្ធនៅប្រទេសយ៉ាងតិច៥ ។
សព្វថ្ងៃនេះ រដ្ឋចំនួន១៦ បានប្ដឹងរដ្ឋបាលលោក ត្រាំ ជុំវិញការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះ។ រដ្ឋទាំងនោះចោទរដ្ឋាភិបាលសហព័ន្ធថា បំពានរដ្ឋធម្មនុញ្ញត្រង់មាត្រាចែងពីការចាត់ចែងថវិកាជាតិដែលផ្ដល់សិទ្ធិឲ្យស្ថាប័ននីតិបញ្ញត្តិជាអ្នកអារកាត់រឿងថវិកាសាធារណៈ។ ពាក្យបណ្ដឹងក៏ចោទសួរពីការកំណត់បញ្ហាព្រំដែនដើម្បីប្រកាសស្ថានភាពអាសន្នផងដែរ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com