ជាតិ
សង្គមជាតិ
ម្ចាស់រថយន្តដែលបើកបុកនិស្សិតស្រីស្លាប់ អះអាងថាប្រគល់រថយន្ត និងអ្នកបើកបរ ទៅសមត្ថកិច្ច
× ភ្នំពេញ៖ ឈ្មោះ យិន ង្គិច ម្ចាស់រថយន្តដែលបុកនារីម្នាក់ស្លាប់ពិតប្រាកដ បានចេញមុខទទួលខុសត្រូវគ្រប់យ៉ាង ចំពោះហេតុការណ៍ដែលបានកើតឡើង នៅយប់ថ្ងៃទី២៦ ខែមីនានេះ បន្ទាប់ពីម្ចាស់កាតគ្រីរថយន្ត ឈ្មោះសេង ពិទូរ្យ អះអាងថាបានលក់រថយន្តប្រមាណ៣ឆ្នាំហើយ។ ក្រៅតែពីទទួលខុសត្រូវ ឈ្មោះ យិន ង្គិច ក៏អះអាងដែរថានឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរ ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក យិន ង្គិច បានទទួលស្គាល់ថា ខ្លួនបានទិញរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យនារីម្នាក់នោះ បន្តពីឈ្មោះ សេង ពិទូរ្យ កាលពីឆ្នាំ២០១៦។ នេះបើតាមអង្គភាព Fresh News។អង្គភាពនេះ បន្តស្រង់សម្តីម្ចាស់រថយន្តពិតប្រាកដឈ្មោះយិន ង្គិច ទៀតដូច្នេះ៖«រថយន្តមួយគ្រឿងនេះ ខ្ញុំបានទិញពីកន្លែងលក់រថយន្តមួយកន្លែង នៅទល់មុខក្រសួងផែនការ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ដែលម្ចាស់ដើមឈ្មោះ សេង ពិទូរ្យ បានលក់មកការ៉ាស់ឡានមួយកន្លែងនេះ ប៉ុន្តែមិនទាន់បានកាត់ឈ្មោះ»។
តាម Fresh News ដដែល លោក យិន ង្គិច អះអាងថានឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងនៅក្រោយផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយរថយន្តមួយគ្រឿងក្នុងល្បឿនដ៏លឿន បានបុកនិស្សិតស្រី វ័យ២២ឆ្នាំម្នាក់ស្លាប់។ ជនរងគ្រោះនិងជានិស្សិតឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យផារ៉ាហ្គន មានទីលំនៅនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕
© រក្សាសិទ្ធិដោយ thmeythmey.com