ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានបញ្ចប់បេសកកម្មក្នុងការប្រកួតវគ្គជម្រុះ AFC U23 Championship 2020 ដោយឈរលេខរៀងទី៣ក្នុងពូល H ដែលមាន៤ក្រុមចូលរួម។ ទោះបីមិនអាចដឹកនាំក្រុមកម្ពុជាឈានទៅវគ្គបន្ត គ្រូបង្វឹក U23 កម្ពុជាអះអាងថា កម្ពុជាកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពរីកចម្រើន។ គ្រូបង្វឹករូបនេះ ចាត់ទុកការចង់ឲ្យកីឡាករមានទម្រង់លេងផ្ទាល់ខ្លួនល្អ តាមអ្វីដែលចង់បាន គឺវាទាមទារពេលវេលា ឆន្ទៈ និងការតាំងចិត្តរបស់កីឡាករ។
គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាលោក Felix Dalmas ហាក់មានសុទិដ្ឋិនិយមលើអ្វី ដែលលោក និងលោក Keisuke Honda រួមជាមួយក្រុមការងារកំពុងធ្វើ។ លោកជឿជាក់ថា ផ្លូវដែលក្រុមកីឡាករជម្រើសជាតិកម្ពុជាកំពុងដើរ ជាផ្លូវដ៏ត្រឹមត្រូវឆ្ពោះទៅរកភាពរីកចម្រើន។ ខណៈបច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាមានការរីកចម្រើនទាំងទម្រង់លេង និងបច្ចេកទេស។ នេះជាអ្វីដែលលោក Felix បានសង្កេតឃើញ។
«ទម្រង់លេងផ្ទាល់ខ្លួនដែលយើងចង់លេង គឺវាមិនមែនជារឿងងាយស្រួលឡើយ វាតម្រូវឲ្យមានការជឿជាក់ ឆន្ទៈ ការតាំងចិត្ត និងពេលវេលា។ ហើយយើងជឿជាក់ថា ផ្លូវដែលយើងកំពុងដើរ គឺត្រូវត្រូវឆ្ពោះទៅរកភាពរីកចម្រើន»។ ការលើកឡើងបែបនេះរបស់លោក Felix ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយ U23 កម្ពុជាបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយឆាយនីសតៃប៉ិ។
ក្រុម U23 កម្ពុជាបានបញ្ចប់បេសកកម្មក្នុងការប្រកួតវគ្គជម្រុះ AFC U23 Championship 2020 ដោយឈរលេខរៀងទី៣ក្នុងពូល H ក្រោយចាញ់អូស្ត្រាលី ៦-០, ចាញ់កូរ៉េខាងត្បូង ៦-១ និងស្មើ ១-១ ជាមួយឆាយនីសតៃប៉ិ។ ខណៈក្រុមកូរ៉េខាងត្បូងដែលឈរកំពូលតារាងមាន៧ពិន្ទុ និងអូស្ត្រាលីឈរលេខរៀងបន្ទាប់មាន៧ពិន្ទុដូចគ្នា ទទួលបានកៅអីឡើងទៅវគ្គបន្តតំណាងឲ្យពូល H ដែលមានឆាយនីសតៃប៉ិឈរបាតតារាង។
ព្រឹត្តិការណ៍ AFC U23 Championship 2020 ក៏បានបញ្ចប់បេសកកម្មវគ្គជម្រុះដំណាក់កាលដំបូងរបស់ខ្លួនផងដែរ ក្នុងនោះក្រុមចំនួន១៨រួមមានម្ចាស់ផ្ទះវគ្គជម្រុះដំណាក់កាលទី២ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, កូរ៉េខាងជើង, អូស្ត្រាលី, អ៊ូសបេគីស្ថាន, ហ្ស៊កដានី, ស៊ីរី, អេមីរ៉េតអារ៉ាប់រួម, អារ៉ាប់ប៊ីសាអូឌីត, អ៊ីរ៉ាក់, អ៊ីរ៉ង់, ប៉ារ៉ែន និងកាតា៕