ជាតិ
សង្គមជាតិ
AFD ផ្ដល់ថវិកា៨៥លានដុល្លារ សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបាក់ខែង
× ភ្នំពេញ៖ ទីភ្នាក់ងារបារាំង AFD នឹងបន្តជួយផ្ដល់ជំនួយជាហិរញ្ញប្បទានប្រមាណ ៨៥លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត សម្រាប់បំពេញតម្រូវការរបស់ប្រជាជននៅតំបន់បាក់ខែង ដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានទឹកប្រាក់សរុប២៥០លានដុល្លារអាមេរិក។
លោក ពិន បូរិន បុគ្គលិកគម្រោងទីភ្នាក់ងារបារាំង AFD បាននិយាយថា AFD បានជួយគាំទ្រគម្រោងទឹកស្អាតនេះ ចាប់តាំងពីឆ្នាំ២០១៣មក ដើម្បីចូលរួមអភិវឌ្ឍ និងផ្គត់ផ្គង់ទឹកដល់ប្រជាជននៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ AFD AFD បានធ្វើការជាមួយវិស័យឯកជន និងរដ្ឋាភិបាលជាច្រើន លើគម្រោងអាទិភាពរួមមាន វិស័យកសិកម្ម ថាមពល ពាណិជ្ជកម្ម ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងវិស័យវាយនភណ្ឌជាដើម។
សូមស្ដាប់បទសម្ភាស៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ បុគ្គលិកគម្រោងទីភ្នាក់ងារបារាំង AFD រូបនេះ បាននិយាយថា៖« ក្នុងឆ្នាំ២០១៨យើងបានបញ្ចប់គម្រោងប្រព្រឹត្តកម្មទឹកស្អាតនៅខណ្ឌចំការមន ហើយយើងក៏បានចាប់ផ្ដើមជាមួយគ្រោងថ្មីមួយទៀត ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដ៏ធំមួយទៀតនៅតំបន់បាក់ខែង ក្នុងទំហំទឹកប្រាក់ ៨៥លានដុល្លារ។ ប៉ុន្តែយើងបានសហការជាមួយធនាគារវិនិយោគអឺរ៉ុប ១០០លានដុល្លារ ហើយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានចូលរួមផងដែរ ដូច្នេះជាសរុបមានចំនួនប្រមាណ ២៥០លានដុល្លារ នៃគម្រោងនៅតំបន់បាក់ខែង ហើយនៅឆ្នាំ២០២២ ដល់ ២០២៣ យើងគ្រោងសាងសាងមួយទៀតនៅតំបន់នោះដ៏ដែល»។
បើតាមលោក ពិន បូរិន AFD បានដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ ដែលផ្តោតសំខាន់លើវិស័យអទិភាពចំនួនពីរគឺហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្ម។
តំណាងស្ថាប័នរដ្ឋាភិបាលនានា, ក្រុមហ៊ុនឯកជនបារាំងជាច្រើន និងទីភ្នាក់ងារបារាំងប្រចាំនៅកម្ពុជា បានពិភាក្សាររកដំណោះស្រាយលើបញ្ហានានា នៅរាធានីភ្នំពេញកំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត នៅក្នុងវេទិកា«ទីក្រុងប្រកបដោយចីរភាព» កាលពីថ្ងៃទី២៦ មីនាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com