ជាតិ
សង្គមជាតិ
សមត្ថកិច្ច ទុកពេលបីថ្ងៃ ឲ្យនារីបើកឡានបុកនិស្សិតស្រី ឌុំ រីដា ចេញមុខទទួលទោស
28, Mar 2019 , 5:12 pm        
រូបភាព
គេអះអាងថា រូបនេះ គឺជាកញ្ញា យិន ម៉ាណា ជាជនបង្កហេតុ
គេអះអាងថា រូបនេះ គឺជាកញ្ញា យិន ម៉ាណា ជាជនបង្កហេតុ
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា លោក យិន ហ្គិច ឪពុករបស់កញ្ញា យិន ម៉ាណា ដែលបានបើករថយន្តបុកនិស្សិតស្រីម្នាក់ឈ្មោះ ឌុំ រីដា ឲ្យស្លាប់ បានចូលទៅសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករួចហើយ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។



សមត្ថកិច្ច បានប្រាប់លោក យិន ហ្គិច ថា សមត្ថកិច្ច ទុកពេលបីថ្ងៃ ឲ្យកូនស្រីរបស់លោក ដើម្បីចូលខ្លួនទៅទទួលទោស។ អគ្គស្នងការនគរបាលជាតិ បានសរសេរពីសម្តីរបស់លោក ស ថេត យ៉ាងដូច្នេះថា៖«បើមិនចូលមកទទួលទោសនោះទេ សមត្ថកិច្ចជំនាញ នឹងចាត់ការតាមនីតិវិធី»។

បើតាមអគ្គស្នងការនគរបាលជាតិ លោក យិន ហ្គិច បានសារភាពថា កូនស្រីរបស់លោក ជាអ្នកបើករថយន្តម៉ាក Range Rover បុកកញ្ញា ឌុំ រីដា។ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា៖«នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី»។

មកដល់ពេលនេះ គឺមានរយៈពេលពីរថ្ងៃហើយ។ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី២៩មីនា កាលកំណត់ នឹងមកដល់។ 

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសមត្ថកិច្ច តាមរកជនបង្កឲ្យឃើញ។ លោក គី តិច ប្រធានក្រុមមេធាវីរបស់សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជូនមេធាវីពីរនាក់ ឲ្យទៅការពារក្តីឲ្យគ្រួសារសពកញ្ញា ឌុំ រីដា៕ 

© រក្សាសិទ្ធិដោយ thmeythmey.com