អត្ថបទពាណិជ្ជកម្ម
នាយក​ប្រតិបត្តិ​ធនាគារជាតិ​កាណាដា កោតសរសើរ​ការអភិវឌ្ឍ​របស់ ABA ក្នុង​ថ្ងៃ​ទស្សនកិច្ច​ប្រចាំឆ្នាំ​
28, Mar 2019 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក Louis Vachon អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​របស់​ធនាគារជាតិ​កាណាដា ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមីនា​កន្លងទៅ​បានធ្វើ​ទស្សនកិច្ច នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ ABA និង​ស្ថាប័ន​ផ្សេងៗ​ទៀត​របស់​ធនាគារ​។ នេះ​គឺជា​ទស្សនកិច្ច​លើក​ទី​៣​ហើយ​របស់លោក Vachon ចាប់តាំងពី​ឆ្នាំ ២០១៧​មក ហើយ​វា​ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ធនា​គារ​ជាតិ​កាណាដា ចំពោះ​ការអភិវឌ្ឍ​របស់​ធនា​គារ ABA ផងដែរ​។
 
​អំឡុងពេល​ទស្សនកិច្ច​នេះ លោក Louis Vachon បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​ប្រចាំឆ្នាំ ដែលមាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល​ដូចជា សវនកម្ម គណៈកម្មាធិការ​អនុវត្ត​តាម អភិបាលកិច្ច គណៈកម្មាធិការ​ហានិភ័យ និង​ផ្នែក​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ នាយក​ប្រតិបត្តិ​របស់​ធនាគារជាតិ​កាណាដា ក៏បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​របស់​ធនាគារ ABA ផងដែរ​។ តួយ៉ាង​នៅ​ថ្ងៃទី ១៩ ខែមីនា លោក Vachon បានធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម ដែល​ទើប​បើក​ថ្មី និង​អគារ​ការិយាល័យ​ទីស្នាក់ការ​កណ្តាល​ផងដែរ​។ 


 
​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទីមួយ នៃ​អគារ​ការិយាល័យ​កណ្តាល​របស់ ABA ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ដ៏​មមាញឹក​ក្នុង​ទីក្រុង​ភ្នំពេញ មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម ផ្តល់ជូន​នូវ​សេវា​ធនាគារ ដែលមាន​គុណភាព ជូន​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ក្រុមហ៊ុន​ធំៗ ក៏ដូចជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិ និង​អាជីវកម្ម​ក្នុងស្រុក ដែល​កំពុង​ប្រតិបត្តិការ​យ៉ាង​លេចធ្លោ​នៅ​កម្ពុជា​។ មជ្ឈមណ្ឌល ក៏មាន​ផ្តល់​ចំណតរថយន្ត កន្លែង​រង់ចាំ បញ្ជរ​បម្រើ​អតិថិជន ក៏ដូចជា​បន្ទប់​ឯកជន សម្រាប់​ផ្តល់​ប្រឹក្សា​មួយ​ទល់​មួយ ជាមួយ​បុគ្គលិក​ដែលមាន​ជំនាញ​ដែល​ធ្វើការ​ផ្ទាល់ លើ​ផ្នែក​អាជីវកម្ម​ផងដែរ​។ អគារ​សេវា​អតិថិជន នៃ​ការិយាល័យ​កណ្តាល​របស់ ABA គឺជា​សាខា​ដ៏​សំខាន់​មួយ ដែលមាន​កាលវិភាគ​ម៉ោង​ធ្វើការ​បន្ថែម​ផងដែរ​។ សាខា​ចាប់​បើក​បម្រើសេវា​ជូន​អតិថិជន​១២​ម៉ោង ក្នុង​មួយថ្ងៃ​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៨​យប់ ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ និង​បាន​ក្លាយជា​កន្លែង​បម្រើសេវា​ធនាគារ​ដ៏​មាន​ភាពងាយស្រួល​សម្រាប់​ប្រជាជន​ដែល​ធ្វើការ ឬ​បម្រើការ​នៅក្នុង​តំបន់​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​។​
 
​នៅ​ថ្ងៃ​តែមួយ​នោះ លោក Vachon ក៏បាន​ចូលរួម​សម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ABA និង​បាន​ចូលរួម​ប្រជុំ ជាមួយ​អ្នកគ្រប់គ្រង​របស់​ធនា​គារ​ផងដែរ​។ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ លោក​បានបញ្ជាក់​ជាថ្មី អំពី​ការផ្តោត​ការយកចិត្តទុកដាក់ របស់​ធនាគារជាតិ​កាណាដា ទៅលើ​ធនធានមនុស្ស ដែល​បង្កើតបានជា​ទ្រព្យសកម្ម​សំខាន់ របស់​សម្ព័ន្ធ​ធនាគារជាតិ​កាណាដា​។​


 
​លោក Louis Vachon បាន​ឲ្យ​ដឹងថា​៖ «​មាន​ហេតុផល​ជាច្រើន​ដែល​ធនាគារជាតិ​កាណាដា សម្រេចចិត្ត​វិនិយោគ​លើ​ធនាគារ ABA​។ ហេតុផល​មួយ​ក្នុងចំណោម​នោះ គឺ​អនាគត​នៃ​ប្រទេស​កម្ពុជា ព្រោះ​យើង​បានឃើញ​ពី​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​ប្រទេស និង​ប្រជាជន​របស់​ប្រទេសមួយ​នេះ​។ ដូចគ្នានេះដែរ យើង​ចែករំលែក​ទស្សនៈ​ដូចគ្នា ពី​របៀប​ដំណើរការ​ធនាគារ និង​អ្វីដែល​ចាំបាច់​អំពី​ធនាគារ​។ អ្វីដែល​ធ្វើ​ឲ្យ​យើង​ព្រមព្រៀងគ្នា​យ៉ាង​ឆាប់រហ័ស​នោះ​គឺថា ការធ្វើ​ជំនួញ​ធនាគារ គឺ​ត្រូវ​ផ្តោតទៅលើ​ប្រជាជន​។ ទេពកោសល្យ តែងតែ​ជា​កត្តា​ចម្បង​ដាច់ដោយឡែក​ពី​វិស័យ​ធនាគារ​។ ហេតុ​ដូច្នេះហើយ ទើប​យើង​វិនិយោគ​ទៅលើ​ការបង្កើត​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​ធនធានមនុស្ស​នៅទីនេះ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ធុរកិច្ច​របស់​យើង ហើយ​យើង​នឹង​បន្តធ្វើ​វា​បន្តទៅទៀត​» ។​
 
​លោក​បាន​បន្ថែមថា​៖ «​សម្រាប់​ខ្ញុំ និង​ក្រុមប្រឹក្សាភិបាល​របស់​ធនា​គារ​ជាតិ​កាណាដា យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​អ្វីៗ​គ្រប់បែបយ៉ាង ដែល​អ្នក​ទាំងអស់គ្នា​បានធ្វើ និង​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ​។ ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការសម្រេចបាន​លទ្ធផល ផ្នែក​ហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​» ។​
 
​នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA លោក Askhat Azhikhanov បាន​មានប្រសាសន៍​នៃ​ការសម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ដូច្នេះ​ថា​៖«​នៅ ABA យើង​តែងតែ​និយាយថា ទ្រព្យសកម្ម​ដ៏​ចម្បង​របស់​យើង គឺជា​មនុស្ស​របស់​យើង​។ ហើយ​យើង​ត្រូវ​បន្ត​ការវិនិយោគ ទៅលើ​គុណភាព​នៃ​ទ្រព្យ​មួយ​នេះ ដោយ​ពង្រឹង​បន្ថែម​នូវ​ចំណេះដឹង និង​ជំនាញ​របស់​បុគ្គលិក​យើង ទៅលើ​ចក្ខុវិស័យ បេសកកម្ម និង​គុណ​តម្លៃ​របស់​យើង ចំពោះ​ផលិតផល​និង​សេវាកម្ម ក៏ដូចជា​ទំនោរ​ថ្មី​នៅក្នុង​ផ្នែក​ទីផ្សារ និង​បច្ចេកវិទ្យា​ផងដែរ​។ ដើម្បី​ផ្តល់​ចំណេះដឹង​នេះ យើង​ត្រូវការ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សមរម្យ​មួយ​។ នេះហើយ​គឺជា​មូលហេតុ​ដែល​យើង សាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ដ៏​ធំ​នេះ​ឡើង ដើម្បី​បំពេញតម្រូវការ​របស់​យើង​ដែល​កំពុង​កើនឡើង​»​។​


 
​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ABA ផ្តល់ជូន​នូវ​សម្ភារ​ចាំបាច់ សម្រាប់​ការចែករំលែក​ចំណេះដឹង​ឲ្យ​បាន​ជោគជ័យ ទៅដល់​បុគ្គលិក​ធនាគារ​ទាំងអស់​។ អគារ​ក៏មាន​បំពាក់​នូវ​បន្ទប់​បណ្តុះបណ្តាល​ជាច្រើន បន្ទប់​ប្រជុំ កន្លែង​ចត​រថយន្ត​ធំ​ទូលាយ និង​កន្លែង​ដែល​បុគ្គលិក អាច​សម្រាកលំហែ​ក្នុងពេល​សម្រាក ចន្លោះ​វគ្គ​បណ្តុះបណ្តាល​ផងដែរ​។ ជារួម​មក មជ្ឈមណ្ឌល​អាច​ទទួល​បណ្តុះបណ្តាល​មនុស្ស​បាន​ជាង ៣៥០​នាក់ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ចំនួន ៥០ ដែល​កំពុងផ្តល់​ជូន​ដោយ​ធនាគារ ទៅដល់​បុគ្គលិក​របស់ខ្លួន​។​
​លោក Louis Vachon បានបញ្ចប់​ទស្សនកិច្ច​របស់ខ្លួន​នៅ​ធនាគារ ABA និង​បាន​ត្រលប់​ទៅ​ប្រទេស​កាណាដា​វិញ​នៅ​ថ្ងៃទី ២១ ខែមីនា​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com