ជាតិ
៤​ថ្ងៃក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​ឈ្មោះ យិន ម៉ា​ណា ចូលខ្លួន
29, Mar 2019 , 9:15 am        
រូបភាព
នារីបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ យិន ម៉ាណា ត្រូវបានឪពុកនាំកាន់ការិយាល័យ​ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី​២៩ ខែមីនា។ ប្រភព​រូបថត Pheng Vannak News
នារីបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ យិន ម៉ាណា ត្រូវបានឪពុកនាំកាន់ការិយាល័យ​ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នាព្រឹក​ថ្ងៃទី​២៩ ខែមីនា។ ប្រភព​រូបថត Pheng Vannak News
ដោយ: ថ្មីៗ
នា​ព្រឹក​ថ្ងៃ​ព្រហាម​ថ្ងៃ​សុក្រ​នេះ យុវតី​ឈ្មោះ យិន ម៉ា​ណា ត្រូវ​ឪពុក​នាំទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្នុង​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កាលពី​ថ្ងៃទី​២៦ ខែមីនា ដែល​បណ្តាល​ឲ្យ​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ឌុំ រី​ដា ទទួលមរណភាព​ភ្លាមៗ​។​



​តាម​រូបភាព​ដែល​បង្ហោះ​ដំបូង​គេ​ដោយ លោក ផែង វណ្ណៈ ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដ៏​ល្បីល្បាញ​ម្នាក់​នៅ​កម្ពុជា ជនបង្ក​មាន​វត្ត​មាននៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ជាមួយ​លោក យិន ង៉ិ​ច ដែលជា​ឪពុក និង​បុរស​ម្នាក់ទៀត​។

​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ បាន​ក្លាយជា​ប្រធានបទ​នៃ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ជាពិសេស​ពួកគេ​កំពុង​តាមដាន​សមត្ថភាព​រប​ស់​តុលាការ​ក្នុងការ​ចាត់ការ​លើ​សំណុំរឿង​រវាង​អ្នកបង្ក​ដែលជា​កូនអ្នកមាន រីឯ​ជនរងគ្រោះ ជា​និស្សិត​ដែល​កើតចេញពី​គ្រួសារ​ក្រីក្រ​។​

​ជាមួយគ្នា​ផងដែរ រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ផ្តាច់ជីវិត​កញ្ញា ឌុំ រី​ដា និស្សិត​ជិត​បញ្ចប់​ការសិក្សា​មហាវិទ្យាល័យ បានក្លាយ​ទៅជា​អា​យ៉ៃ​ឆ្លើយឆ្លង​គ្នា​រវាង​លោក ផែង វណ្ណៈ និង​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។​

​លោក ផែង វណ្ណៈ ដែលមាន​ឈ្មោះ​ល្បី​ក្នុង​បណ្តាញ​សង្គម និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​យក​ថវិកា​ចំនួន​៥០០០​ដុល្លារ​អាមេរិក ជួន​ទៅ​គ្រួសារ​ជនរងគ្រោះ​។ លោក​បាន​អះអាងថា លោក​ស្គាល់គ្នា​ជាមួយ​ឪពុក​ជនបង្ក ហើយ​លោក​បាន​ធ្វើជា​តំណាង​ដើម្បី​យក​ថវិកា​ទៅ​ចូល​បុណ្យ មិនមែនជា​ការផ្តល់​សំណង​ណាមួយ​នោះឡើយ​។​



លោក ពេជ្រ ស្រស់ បាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​របស់លោក ផែង វណ្ណៈ​។ ក្រោយ​ការឆ្លើយ​ឆ្លង​គ្នា​មិនផ្ទាល់​តាមរយៈ Facebook Live រៀងៗ​ខ្លួន លោក ពេជ្រ ស្រស់ កាលពី​ថ្ងៃទី​២៨ ខែមីនា បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​តាមដាន​ទាក់ទង​នឹង​ការផ្តល់​ថវិកា​របស់លោក ផែង វណ្ណៈ​។ បច្ចុប្បន្ន សំណុំ​រឿងនេះ ស្ថិតក្នុង​ដៃ ACU ផងដែរ ដោយ​លោក ពេជ្រ ស្រស់ ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​បកស្រាយ​ទាក់ទង​នឹង​បណ្តឹង​របស់ខ្លួន​៕



Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com