ជាតិ
សង្គមជាតិ
តួកគី សម្រេចបញ្ជូនម៉ាស៊ីនផ្ទុកអគ្គិសនី២០០មេហ្កាវ៉ាត់ មកកម្ពុជា
29, Mar 2019 , 10:04 am        
រូបភាព
នាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន
នាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលតួកគី សម្រេចជួយផ្គត់ផ្គង់អគ្គិសនីកម្ពុជា ដែលកំពុងខ្វះខាត។ ការប្រកាសនេះ គឺធ្វើឡើងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដោយឯកអគ្គរដ្ឋទូតតួកគី ក៏ចូលរួមផងដែរ។



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា តួកគី នឹងបញ្ជូនម៉ាស៊ីនភ្លើងតាមនាវាមកកម្ពុជា ដែលម៉ាស៊ីននោះ អាចផ្គត់ផ្គង់អគ្គិសនី២០០មេហ្កាវ៉ាត់។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណឯកអគ្គរដ្ឋទូតតួកគី ដែលបានប្រឹងប្រែងពិភាក្សាពីរឿងនេះ ជាមួយមន្រ្តីកម្ពុជា រហូតឈានដល់ឯកភាពគ្នាក្នុងការនាំម៉ាស៊ីនភ្លើងមកកម្ពុជា។

ក្នុងវេទិកានេះ ប្រមុខរដ្ឋាភិបាល បានចុះហត្ថលេខាតែម្តង លើកិច្ចព្រម​ព្រៀងស្តីពីការនាំម៉ាស៊ីនភ្លើងពីតួកគីមកកម្ពុជា។ ប្រមុខរដ្ឋាភិបាល បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតតួកគីយ៉ាងដូច្នេះថា៖«សូមអ្នកស្រី ជួយពាំនាំលិខិតរបស់ខ្ញុំ ទៅជូនប្រធានាធិបតីតួកគីផង»។ 

យ៉ាងណាក៏ដោយ ព័ត៌មាន ដែលថាភាគីតួកគី នឹងបញ្ជូនម៉ាស៊ីនភ្លើង មកកម្ពុជានៅពេលណានោះ មិនទាន់មាននៅឡើយទេ។ 

ប្រទេសជិតខាងទាំងបី គឺ វៀតណាម ថៃ និង ឡាវ ក៏ជួយផ្គត់ផ្គង់អគ្គិសនីកម្ពុជាផងដែរ ដោយក្នុងនោះ វៀតណាម នៅរក្សាការផ្គត់ផ្គង់១៧០មេហ្កាវ៉ាត់ដដែល (មិនបន្ថែម) ថៃ ជួយផ្គត់ផ្គង់៨០មេហ្កាវ៉ាត់បន្ថែម និង ឡាវ ជួយផ្គត់ផ្គង់១០មេហ្កាវ៉ាត់បន្ថែម។ 

អត្ថបទទាក់ទង


ប្រមុខរដ្ឋាភិបាល ប្រកាសនាពេលកន្លងមកថា កម្ពុជា ខ្វះខាតអគ្គិសនីប្រមាណ៤០០មេហ្កាវ៉ាត់៕


© រក្សាសិទ្ធិដោយ thmeythmey.com