ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ជឿថា លោក ប្រាយុទ្ធ នឹងបន្តធ្វើនាយករដ្ឋមន្រ្តីថៃ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្និដ្ឋានថា លោក ប្រាយុទ្ធ ចន្ទអូចា នឹងបន្តធ្វើនាយករដ្ឋមន្ត្រីថៃ។ នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតលើកឡើងពីការបោះឆ្នោតនៅថៃ នៅក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន នាព្រឹកថ្ងៃទី២៩មីនានេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា និយាយយ៉ាងដូច្នេះថា៖«ជាការស្មានរបស់ខ្ញុំទេ ខ្ញុំមិនមែនលូកដៃចូលកិច្ចការបោះឆ្នោតរបស់ថៃទេ»។
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងវេទិការវាងរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជន
សូមបញ្ជាក់ថា ថៃ បានរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
ក្នុងលទ្ធផលមិនផ្លូវការដែលប្រកាសនៅថ្ងៃទី២៨ ខែមីនា បក្សកម្លាំងប្រជារាស្ត្រដែលគាំទ្រលោក ប្រាយុទ្ធ ធ្វើជានាយករដ្ឋមន្ត្រី មានសំឡេងគាំទ្រច្រើនជាងគេ មានចំនួនជាង៨,៤លានសំឡេង ខណៈបក្សភឿថៃស្ថិតនៅលំដាប់ទីពីរ គឺ៧,៩លានសំឡេង។ ប៉ុន្តែបើគន់គូរជាកៅអីសភាវិញ បក្សភឿថៃទទួលបានច្រើនជាងបក្សកម្លាំងប្រជារាស្ត្រ។ ការណ៍នេះត្រូវបានបក្សទាំងពីរយកទៅបកស្រាយខុសគ្នាដើម្បីឈានទៅបង្កើតរដ្ឋាភិបាល។
បក្សភឿថៃ បានប្រមូលកម្លាំងបក្សនយោបាយចំនួន៧រួចហើយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ប៉ុន្តែនៅខ្វះសំឡេងច្រើនទៀតដើម្បីកាន់កាប់តំណែងនាយករដ្ឋមន្ត្រី។ ឯបក្សកម្លាំងប្រជារាស្ត្រវិញក៏កំពុងអន្ទងបក្សផ្សេងទៀតដែរ ប៉ុន្តែបក្សនេះមានលទ្ធភាពច្រើនជាងគូប្រជែងរបស់ខ្លួនក្នុងការស្នើបេក្ខភាពរបស់ខ្លួន គឺលោក ប្រាយុទ្ធ ឲ្យអង្គុយកៅអីនាយករដ្ឋមន្ត្រី ព្រោះមានការគាំទ្រពីសមាជិកព្រឹទ្ធសភាដែលតែងតាំងដោយរបបយោធា៕
© រក្សាសិទ្ធិដោយ thmeythmey.com